កម្ពុជា ធ្លាប់មាន​ករណី​វីរុស​បំប្លែង​ពី ​ឥណ្ឌា ​អ្នកជំងឺ​ជាសះស្បើយ​ហើយ​

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលព្រះរាជាណាចក្រ កម្ពុជា
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលព្រះរាជាណាចក្រ កម្ពុជា

កម្ពុជា ធ្លាប់រកឃើញវីរុសប្រភេទថ្មីពី ឥណ្ឌា (B.1.617) ចំនួន ១ ករណី ប៉ុន្តែអ្នកជំងឺបានជាសះស្បើយហើយ។ តាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី ១១ ខែ ឧសភា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា វីរុសបំប្លែងពីប្រទេស ឥណ្ឌា នៅមិនទាន់រីកសាយភាយនៅក្នុងប្រទេស កម្ពុជា នៅឡើយទេ។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងពី ឥណ្ឌា ត្រូវបានរកឃើញនៅ កម្ពុជា តាំងពីថ្ងៃទី ២៥ ខែ មេសា មកម្ល៉េះ លើអ្នកដំណើរបរទេស ហើយមកទល់ពេលនេះហើយអ្នកជំងឺរូបនោះក៏បានសះស្បើយហើយដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បន្ថែមថា៖ យើងរកឃើញតែ ១ ករណី ហើយក៏ជាករណីនាំចូល ហើយគាត់ក៏បានជាសះស្បើយរួចទៅហើយដែរ។ យើងក៏មិនទាន់ឃើញថាមានការរីកសាយភាយនៅក្នុងប្រទេសយើងនេះនៅឡើយទេ

កម្ពុជា ធ្លាប់មាន​ករណី​វីរុស​បំប្លែង​ពី ​ឥណ្ឌា ​អ្នកជំងឺ​ជាសះស្បើយ​ហើយ​ ảnh 1

ទោះជាមិនទាន់មានករណីឆ្លងរីកសាយភាយនៅក្នុងប្រទេស កម្ពុជា ក៏ដោយ ប៉ុន្តែវីរុសកូវីដ-១៩ បំប្លែងខ្លួនពីឥណ្ឌា នេះ កំពុងមានវត្តមាននៅក្នុងបណ្តាប្រទេសអាស៊ានជាច្រើនរួមមាន៖ វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ហ្វីលីពីន។  មានតែ ឡាវ មីយ៉ាន់ម៉ា និង ព្រុយណេ ប៉ុណ្ណោះ ដែលមិនទាន់ប្រកាសរកឃើញវីរុសបំប្លែងខ្លួនពី ឥណ្ឌា (B.1.617)។ 

កូវីដ-១៩ បំប្លែងខ្លួនថ្មីល្បីខាងឆ្លងរហ័ស ចម្លងលឿននិងអាចគេចពីប្រព័ន្ធការពារផងនោះ ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាប្រភេទធ្វើឱ្យមានក្ដីបារម្ភនៅកម្រិតពិភពលោក ( Variant of Concern)។ 

វីរុសបំប្លែងថ្មីចំនួន ៣ ប្រភេទទៀតដែលស្ថិតក្នុងថ្នាក់នេះដែរមានវីរុសបំប្លែងខ្លួននៅ អាហ្វ្រិកខាងត្បូង នៅ ប្រេស៊ីល និង អង់គ្លេស។ 

ក្រៅពីបញ្ជាក់ពីវត្តមានវីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មីដែលមានប្រភពពីប្រទេស ឥណ្ឌា អ្នកជំនាញរូបនេះ ក៏បានលើកឡើងជាថ្មីដែរចំពោះប្រភេទវីរុសកូវីដ-១៩ ថ្មីដែលមានប្រភពពី អង់គ្លេស (B.1.1.7) ដែលកំពុងតែរីក រាលដាលយ៉ាងសកម្មនិងខ្លាំងក្លានៅក្នុងប្រទេស កម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៩ ខែ ឧសភា កម្ពុជា បានរកឃើញប្រភេទវីរ៉ុសបំប្លែថ្មីពី អង់គ្លេស នេះ លើអ្នកជំងឺកូវីដ-១៩ សរុប ១២១ នាក់ហើយ ចាប់តាំងពីរកឃើញដំបូងលើអ្នកដំណើរបរទេស ៣ នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈមកម្ល៉េះ៕ 

ដកស្រង់និងកែសម្រួលពីថ្មីៗដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍