ក្រុមហ៊ុន Fujifilm របស់ ជប៉ុន ចាប់ផ្តើមសាកល្បងថ្នាំ Avigan ដើម្បីព្យាបាលជំងឺកូវីដ ១៩

ក្រុមហ៊ុន Fujifilm របស់ ជប៉ុន ចាប់ផ្តើមសាកល្បងថ្នាំ Avigan ដើម្បីព្យាបាលជំងឺកូវីដ ១៩

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី ១ ខែ មេសា នេះថា “ការសាកល្បងព្យាបាលនឹងត្រូវធ្វើឡើងលើអ្នកជំងឺ ១០០ នាក់រហូតដល់ដំណាច់ខែ មិថុនា”។

ថ្នាំ Avigan កំពុងសាកល្បងព្យាបាលលើអ្នកជំងឺកូវីដ ១៩ នៅ ជប៉ុន
ថ្នាំ Avigan កំពុងសាកល្បងព្យាបាលលើអ្នកជំងឺកូវីដ ១៩ នៅ ជប៉ុន

លោកបានបន្ថែមថា “យើងនឹងប្រមូលទិន្នន័យ ធ្វើវិភាគ និង រៀបចំឯកសារសម្រាប់ការអនុម័តបន្ទាប់ពីការសាកល្បងព្យាបាល”។

អ្នកនាំពាក្យរូបនោះបាននិយាយថា ថ្នាំនេះនឹងអនុញ្ញាតឱ្យលេបរយៈពេលអតិបរមា ១៤ ថ្ងៃចំពោះអ្នកជំងឺកូវីដ ១៩ ដែលមានអាយុចន្លោះពី ២០ ទៅ ៧៤ ឆ្នាំ ដែលមានរោគសញ្ញារលាកសួតកម្រិតស្រាល។

គាត់បានបន្ថែមទៀតថា ការស្រាវជ្រាវនេះនឹងមិនរាប់បញ្ចូលស្ត្រីមានផ្ទៃពោះទេ ដោយសារតែផលប៉ះពាល់ដែលបង្ហាញនៅក្នុងការធ្វើតេស្តចំពោះសត្វ។

ការសាកល្បងព្យាបាលដែលមាន ៣ ដំណាក់កាលនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាល “នឹងចាប់ផ្តើមដំណើរការចាំបាច់ដើម្បីអនុម័តជាផ្លូវការនូវថ្នាំ Avigan សម្រាប់ព្យាបាលជំងឺកូវីដ ១៩”។

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ចិន បាននិយាយកាលពីខែ មុនថា ចិន បានសម្រេចរួចរាល់នូវការសាកល្បងលើ ឱសថ Favipiravir ដែលជាគ្រឿងផ្សំសំខាន់នៅក្នុងថ្នាំ Avigan។

ការសាកល្បងចំនួនពីរនៅក្នុងប្រទេស ចិន បានរកឃើញថា ថ្នាំនេះបានពន្លឿនពេលវេលាឆាប់ជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ប៉ុន្តែក្រុមហ៊ុន Fujifilm មិនបានចូលរួមក្នុងកម្មវិធីសាកល្បងព្យាបាលទាំងនោះទេ។

បច្ចុប្បន្នថ្នាំ Avigan ត្រូវបានអនុម័តឱ្យផលិតនិងលក់នៅប្រទេស ជប៉ុន ជាថ្នាំប្រឆាំងជំងឺផ្តាសាយ៕ 

 ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

អ្នកប្រហែលជាចាប់អារម្មណ៍