គ្រឿងទេសចាំបាច់គួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ

គ្រឿងទេសចាំបាច់គួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ

គ្រឿងទេសជាផ្នែកមួយយ៉ាងសំខាន់នៃអាហារដ៏មានរសជាតិ។ គ្រឿងទេសត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារនិងរក្សាអាហារឱ្យទុកបានយូរ។  ទោះជាយ៉ាងណា អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា គ្រឿងទេសមួយចំនួនជាឱសថបែបធម្មជាតិជួយដោះស្រាយទប់ស្កាត់បញ្ហសុខភាពគួរឱ្យកត់សម្គាល់។

ខាងក្រោមនេះគឺគ្រឿងទេសសំខាន់ៗ ដែលអ្នកគួររក្សាទុកក្នុងផ្ទះ ដើម្បីទទួលបាននូវជីវិតរស់នៅប្រចាំថ្ងៃនិងសុខភាពកាន់តែប្រសើរ៖

គ្រឿងទេសចាំបាច់គួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ảnh 1


ម្ទេស

ម្ទេសមានផ្ទុកសម្បូរទៅដោយសារធាតុ capsaicin ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលទទួលទានអាហារហឹរពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍មានការថយចុះនូវហានិភ័យនៃការស្លាប់មុនអាយុដល់ទៅ ១៤ ភាគរយឯណោះ បើប្រៀបទៅ នឹងអ្នកដែលទទួលទានហឹរត្រឹមម្ដងក្នុងមួយសប្តាហ៍។

អ្នកដែលឧស្សាហ៍ទទួលទានម្ទេសមានការថយចុះនូវហានិភ័យនៃការស្លាប់ ដោយសារជំងឺខ្សោយបេះដូង ជំងឺផ្លូវដង្ហើមនិងជំងឺមហារីកគួរឱ្យកត់សម្គាល់។

ម្រេចខ្មៅ

គ្រឿងទេសនេះជាប្រភពដ៏ប្រសើរនៃសារធាតុ piperine ដែលទប់ស្កាត់ការកកើតឡើងនូវកោសិកាខ្លាញ់ដែលជួយឱ្យអ្នកអាចស្រកទម្ងន់ដែលលើស។

ម្រេចខ្មៅព្យាបាលអាការៈក្អកស្ងួត គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេនិងម្រេចខ្មៅម៉ដ្ឋ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ កែវ។ កូរអោយសព្វសឹមទទួលទាននៅពេលក្ដៅឧណ្ហៗ។

ម្រេចខ្មៅក៏ជាគ្រឿងទេសមួយប្រភេទដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗ ដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។

សារធាតុ piperine ក៏ជួយបង្កើនសមត្ថភាពខួរក្បាលនិងគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។

ខ្ទឹមស

ខ្ទឹមសមានប្រសិទ្ធិភាពពង្រឹងប្រព័ន្ធភាពស៊ាំនិងបេះដូង។ ខ្ទឹមសត្រូវបានចាត់ទុកជាឱសថធម្មជាតិសម្លាប់មេរោគ គ្រប់គ្រងសម្ពាធឈាមនិងជួយសម្លាប់ពពួកប៉ារ៉ាស៊ីត។

ការទទួលទានខ្ទឹមសជួយបញ្ចុះសម្ពាធឈាមនិងបង្កើនចរន្តឈាមរត់បានយ៉ាងប្រសើរ។ ខ្ទឹមសក៏មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីក។

ខ្ញី

ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយដែលបង្កជាជំងឺផ្សេងៗ និងទប់ស្កាត់ជំងឺមហារីក។

ខ្ញីក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈ សម្បត្តិប្រឆាំងការរលាក រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

បន្ថែមពីនេះក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ ខ្ញីក៏មានផ្ទុកសារធាតុ antioxidative ដែលទប់ស្កាត់កំណកខ្លាញ់កូឡេស្តេរ៉ូលនិងខ្លាញ់ទ្រីគ្លីសេរីដក្នុងសសៃឈាមផងដែរ។

រមៀត

រមៀតមានផ្ទុកនូវសារធាតុសកម្មម្យ៉ាងជួយទប់ស្កាត់ជំងឺមហារីក ជំងឺបង្កឡើងដោយការរលាកក្នុងរាងកាយនិងបញ្ហាសសៃប្រសាទ។

ការបន្ថែមរមៀតក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង ជំងឺវង្វេងវង្វាន់ និងសូម្បីតែជំងឺមហារីក។

អ្នកជំនាញជាច្រើននិយាយថា រមៀតគឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។

លើសពីនេះទៅទៀត រមៀតក៏មានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយៈ សួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍