៤០ ឆ្នាំក្រោយការរំដោះប្រទេកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៤

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៤
នោះ​គឺ​ជា​ការអះអាង​​របស់​​លោក កែវ ​ច័ន្ទតារា អគ្គនាយក​រង​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP)​ នៅ​ក្នុង ការផ្ដល់​សម្ភាសចំពោះ​អ្នក​សារព័ត៌មាន​នៃ​ទីភ្នាក់​ងារ​ព័ត៌មានវៀតណាម ហើយ​ជាង​នេះ​ទៀត​សោត វា​ក៏​ជា​ការ​សន្និដ្ឋាន​​រួម​នៃ​អ្នក​​សារព័ត៌មាន អ្នក​ជំនាញ​ជា​ច្រើន​​នៅ​ពេល​ដែល​​ជជែក​អំពី​អត្ថ​ន័យ​នៃ​ព្រឹត្តិការណ៍​ ៤០ ​ឆ្នាំ​រំដោះ​កម្ពុជា ​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហមនិង​តួនាទី​របស់​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក្នុងព្រឹត្តិការណ៍នេះផង​ដែរ។

អត្ថបទទី ៤៖  បញ្ជាក់​អំពី​តួនាទី​នៃ​កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម
មិន​អាច​បដិសេធ​បាន
នឹករំលឹកអំពីអំឡុង​ខែ​ឆ្នាំ​ដែល​ស្ថិត​ក្រោម​របប​​ប្រល័យពូជសាសន៍ខ្មែរក្រហម លោក ទាវ សារៈ មុនី អគ្គ​និពន្ធ នាយកនៃកាសែតដែលចេញផ្សាយប្រចាំថ្ងៃរស្មីកម្ពុជា​បានចែករំលែកថា៖ នាឆ្នាំ១៩៧៥ កាលនោះ លោកមានអាយុ តែជាង ១០ ឆ្នាំ ពួក​ខ្មែរក្រហម​​ បានជម្លៀស​ក្រុម​គ្រួសារ​លោកក៏ដូចជា​ប្រជាជន​ដែល​រស់​នៅ​រាជធានី​អោយ​ទៅ​នៅ​តំបន់​ជនបទ។ ក្រួសារ​លោក​ត្រូវ​ពួក​ខ្មែរ​ក្រហម​កត់ចូល “បញ្ជីខ្មៅ” ដោយសារ​តែ​ឪពុក​របស់​លោក​កាល​នោះជា គ្រូបង្រៀន គឺ​ជាពួកបញ្ញវន្ត។ ទាំងឪពុក ទាំង​ក្រុម​សាច់ញាតិ​របស់​លោក​ត្រូវ​បាន​ពួក​ខ្មែរក្រហម​កាប់​សម្លាប់ចោល ហើយ​ប្អូន​ស្រី​របស់​​លោក​ក៏​បាន​ស្លាប់ដោយកើត​ជំងឺ​តែ​មិន​បាន​ទទួល​ការ​ព្យាបាល​នោះទេ។
អ្នកកាសែត កែវ ច័ន្ទតារា អគ្គនាយករងនៃទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អញ្ជើញ ផ្ដល់បទសម្ភាសដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំ នៅ កម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
អ្នកកាសែត កែវ ​ច័ន្ទតារា អគ្គនាយករងនៃទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អញ្ជើញ ផ្ដល់បទសម្ភាសដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំ នៅ កម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

សម្រាប់លោក ទាវសារៈ មុនី អំឡុងរយៈពេលប្រមាណជា ៣ ឆ្នាំដែលស្ថិតក្រោមការគាបសង្កត់ពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម គឺជាការចងចាំដ៏ឈឺចាប់មួយក្នុងចំណោមនៃការចងចាំដ៏ឈឺចាប់បំផុតដែលលោកមិនអាចបំភ្លេចបានឡើយ។ អាស្រ័យដោយជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ក្រុមគ្រួសារលោកក៏ដូចជាជនរងគ្រោះទាំងឡាយនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានរំដោះ លោកក៏អាចបន្តការសិក្សា ហើយក្លាយជាអ្នកសារព័ត៌មាន អ្នកកាសែតចាប់ពីឆ្នាំ ១៩៨៥ ហើយបម្រើការងារនៅកាសែតរស្មីកម្ពុជា កាសែតភាសាខ្មែរប្រចាំថ្ងៃដែលមានអាយុកាលយូរនិងការចេញផ្សាយច្រើនជាងគេបំផុតនៅប្រទេស កម្ពុជា ចាប់ពីឆ្នាំ ១៩៩៣ រហូតមកទល់សព្វថ្ងៃនេះ។

អោយ​តម្លៃ​ទៅ​លើ​​តួនាទី​របស់​​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំពោះ​ជ័យជម្នះ​ថ្ងៃ ៧ មករា ឆ្នាំ​ ១៩៧៩ អ្នកសារព័ត៌មាន ទាវ​ សារៈមុនី​ បាន​ដក​ស្រង់​នូវ​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាដែលថ្លែងក្នុងដំណើរបំពេញ​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ វៀត​ណាម ថ្មីៗ នេះ ដោយបាន​អះអាង​​នូវ​​តួនាទីមានលក្ខណៈសមម្រេចរបស់​ ​​វៀត​ណាម ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស កម្ពុជា​ គឺ​ជា​ការពិត​ដែល​មិន​អាច​​បដិសេធ​បានឡើយ។

ប្រសិនបើមិនមានជ័យជម្នះនៃថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩​ នោះទេ ហើយប្រសិនបើមិន​មាន​ការ​ជួយឧបត្ថម្ភពីសំណាក់កងទ័ពស្ម័គ្រចិត្ត វៀតណាម ក៏ដូច​ជា​ពី​សំណាក់​បក្ស​ រដ្ឋ ​រដ្ឋាភិបាលនិង​ប្រជាជន​​ វៀតណាម អស់​រយៈ​ពេល​ ១០ ​ឆ្នាំ (១៩៧៩-១៩៨៩) នោះទេ ប្រជាជននិងប្រទេសជាតិ​ កម្ពុជា​ ក៏​មិន​អាច​រស់​រានមានជីវិតឡើង​វិញនិង​អភិវឌ្ឍន៍ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ ជា​ពិសេស​គឺ​ក្រោយ​ថ្ងៃ​ដែល​ត្រូវ​បាន​រំដោះ ប្រទេស ​កម្ពុជា​ ត្រូវ​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​ធំៗ​ ចំនួន​ពីរ គឺ​កសាង​ប្រទេស​ជាតិទន្ទឹមជាមួយនឹងការ​ទប់​ស្កាត់​ការ​វិលត្រឡប់មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

ចែករំលែកជាមួយ​អ្នក​សារព័ត៌មាន​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម លោក​ Peter Starr សញ្ជាតិ​​អូស្ត្រាលី​ ​ទី​ប្រឹក្សាផ្នែកសារគមនាគមន៍​​នៃទីស្ដីការរដ្ឋសភា​​​ កម្ពុជា បាន​អោយ​ដឹង​ថា៖ ព្រឹត្តិការណ៍​​​នៃ​ថ្ងៃ​ទី ៧ ខែ មករា ឆ្នាំ​១៩៧៩ អាច​ចាត់​ទុក​ថា​ជា​ថ្ងៃ​ដ៏មានសារៈ​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ កម្ពុជា ទូទៅ បានកត់ត្រានូវ​សេរីភាព រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ បើ​តាម​លោក​ផង​ដែរ ប្រសិន​បើ​មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម ​ទេ​នោះ​ ប្រជាជន​​​ កម្ពុជា ​រាប់​សិប រាប់​រយពាន់​​នាក់ផ្សេងៗ ទៀតអាច​នឹង​ត្រូវ​បាន​​កាប់​សម្លាប់ ក្រោម​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នេះ។

ប្រទេស កម្ពុជា រស់រានមានជីវិតឡើងវិញ
លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) អង្គការ​ក្រៅ​រដ្ឋាភិបាលដែល​​​​​​សិក្សា​ស្រាវជ្រាវ​​​ ប្រមូល​នូវ​ភ័ស្ដុតាង​អំពីអំពើ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រ​ហម ក៏​បាន​អះអាង​នូវ​អត្ថន័យ​ដ៏​ធំធេង​នៃ​ព្រឹត្តិការណ៍​ថ្ងៃ ៧ ខែ មករា ឆ្នាំ ​១៩៧៩​​ ចំពោះ​ប្រទេស​ កម្ពុជា ដែរ។ រំលឹកពីអំឡុង​ខែ​ឆ្នាំ​ដែល​ស្ថិតក្រោម​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ ​លោក ឆាំង យុ កាល​នោះ​ ​មាន​អាយុ​ប្រហែលតែ ១៣ ឬ ១៤ ​ឆ្នាំ​ ប៉ុណ្ណោះ ប៉ុន្តែ​លោក​ក៏​បាន​​ឃើញ​ផ្ទាល់​ភ្នែក​ទិដ្ឋភាព​ក្រុម​គ្រួសារ​លោក​ត្រូវ​​បណ្ដេញ​អោយ​ទៅ​រស់​នៅ​ខេត្ត ​តាកែវ រួច​មក​អោយ​ទៅ​ខេត្ត​ ​បន្ទាយមានជ័យ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ព្រំដែន​ប្រទេស​ ថៃ ឯណោះ។

លោក ឆាំង យុ រំលឹក​ឡើង​វិញ​នូវ​ស្ថានការណ៍​ដែល​ប្រជាជន​ កម្ពុជា ​​ក្រោម​របប​​ខ្មែរ​ក្រហម ​មិន​មានអាហារ សម្រាប់ទទួលទាន ប៉ុន្តែ​ត្រូវ​ធ្វើ​ការងារ​​យ៉ាង​ធ្ងន់ធ្ងរ​និង​ទុក្ខ​លំបាក ហើយ​ជីវិត​រស់​នៅ​ពេល​នោះ​គឺ​បាន​ត្រឹម​តែ​​ក្ដី​សង្ឃឹម​តែ​មួយ​គត់​​នោះគឺ​បាន​រស់​រាន​មាន​ជីវិត​នៅ​ថ្ងៃ​នេះ ដោយ​ទាំង​មិន​ហ៊ាន​ស្រមើស្រមៃ​ថា ​នឹង​បាន​រស់រាន​មាន​ជីវិត​ទៅ​ដល់​ថ្ងៃ​ស្អែក។

«ការ​ជួយ​ឧបត្ថម្ភ​របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​ វៀតណាម​ ក្នុង​ការ​​ផ្ដួល​រម្លំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម គឺជា​ការ ចាំបាច់​​ត្រូវ​តែ​កើតឡើង​នៅ​កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ។ កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ បាន​ជួយ​អោយ​ប្រទេស​ កម្ពុជា​ បាន​រស់​រានមានជីវិតឡើង​វិញ»  លោក ឆាំងយុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​​ កម្ពុជា បានចែករំលែកដូច្នេះ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឆាំង យុ(ខាងស្តាំ) ផ្ដល់ បទសម្ភាសដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅ កម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឆាំង យុ(ខាងស្តាំ) ផ្ដល់ បទសម្ភាសដល់អ្នកយកព័ត៌មាននៃ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម ប្រចាំការនៅ កម្ពុជា។ រូបថត៖ ទីភ្នាក់ងារ​ព័ត៌មានវៀតណាម

បើ​តាម​លោក ឆាំង យុ ការ​ជួយ​ឧបត្ថម្ភ​​របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​ វៀតណាម​ ជាការ​ចាំ​បាច់​​ត្រូវ​តែ​កើត​ឡើង​​ក្នុង​កាលៈទេសៈពិសេសនៃប្រវត្តិសាស្ត្រនិងភូមិសាស្ត្រនយោបាយ​ ព្រោះ​ថា ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់បង្ហូរ​ឈាម​ប្រជាជន ​កម្ពុជា។ ​​អ្នក​ដែល​​ភៀស​ខ្លួន​ពី​ កម្ពុជា ​ទៅកាន់​ប្រទេស ​ថៃ​​ បានរាយការណ៍​ប្រាប់​ពិភព​លោក​អោយ​ដឹង​​អំអីសោកនាដកម្ម​ប្រល័យ​ពូជសាសន៍ ក៏​ប៉ុន្តែ​​មិន​មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​មក​ធ្វើ​អន្តរាគមន៍​ឡើយ។ ហេតុ​ដូច្នោះ​ហើយ លោក​ ឆាំង យុ​ បាន​អះអាង​​ថា ​វត្តមាន​នៃ​កង​ទ័ព​​ វៀត​ណាម​ គឺ​ជា​ការ​ស្រាយ​​នូវ​ចំណង​យ៉ាង​សំខាន់​ក្នុង​ការបញ្ចប់​របប​ខ្មែរ​ក្រហម ដែល​មិន​អាច​ដោះ​ស្រាយ​តាមវិធី​​ចរចា​បាន​នោះ​ទេ​ គឺ​ចាំ​បាច់​ត្រូវ​តែ​ប្រើ​វិធានការ​យោធា។

លោក​​​បាន​ប្រាប់​​ថា បច្ចុប្បន្នកំពុង​តែ​ប្រមូល​បាន​នូវ​ឯកសារ​មួយ​​ចំនួន​ស្ដីពីការដែល​អង្គការ​លើកលែងទោស​អន្តរជាតិធ្លាប់​ខិត​ខំ​ក្នុង​ការ​​ចរចា​តែ​បរាជ័យជា​មួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៦។ ហេតុ​ដូច​នេះហើយ លោក​បាន​អះអាង​ថា ​បញ្ហា​ប្រល័យ​ពូជសាសន៍​គឺ​ចាំ​បាច់​ត្រូវ​តែ​មានការ​អន្តរាគមន៍​ដោយ​​យោធា ហើយ​មាន​តែ​កងទ័ព​ វៀត​ណាម ​តែ​មួយ​គត់​​ដែល​នៅ​ក្នុង​តំបន់​នេះ​អាច​ដោះ​ស្រាយ​បាន​នូវ​​បញ្ហា​​នេះ។ បើ​តាម​លោក នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ សោកនាដកម្ម​ប្រល័យ​ពូជសាសន៍​ ហើយ​ប្រសិន​បើ​​មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​កង​ទ័ព​ស្ម័គ្រ​ចិត្ត ​វៀតណាម ​ទេ​នោះ ប្រទេស​ កម្ពុជា​ អា​ចនឹង​ក្លាយ​ជា​ប្រទេសផ្ដាច់​ការ​​មួយ។ អាស្រ័យដច្នេះ វត្តមាន​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​​​ បាន​ធ្វើ​អោយ​ផ្លាស់​ប្តូរ​​ប្រវត្តិសាស្ត្រ​នៃ​ កម្ពុជា​ រហូត​មកទល់​នឹង​​​បច្ចុប្បន្នកាល ពាំនាំ​មក​ការ​រស់រាន​មានជីវិត​ឡើង​វិញ​សម្រាប់​ប្រជាជន ​កម្ពុជា។

លោក ឆាំងយុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​មានប្រសាសន៍បាន​អោយ​ដឹង​ថា៖ ប្រការ​សំខាន់​នោះគឺ​ជាមួយ​នឹងការ​ជួយ​ឧបត្ថម្ភ​នៃ​កងទ័ព​ស្ម័គ្រ​ចិត្ត ​វៀតណាម​ ប្រទេស​ កម្ពុជា​​ ​បញ្ចប់​បាន​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការបង្ហូរ​ឈាម រួច​ផុត​ពី​គ្រោះមហន្តរាយ​ប្រល័យ​ពូជ​សាសន៍​​ខ្មែរក្រហមដោយសកម្មភាព​អន្តរាគមន៍​យោធា ហើយ​នាពេល​បច្ចុប្បន្ន​គឺ​ត្រូវ​បាន​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់តាមរយៈ​សវនាការ​កាត់​ទោស​​អតីតមេ​ដឹកនាំ​ខ្មែរ​ក្រហមដែល​កំពុង​តែ​ប្រព្រឹត្ត​ឡើង​នៅ​​ កម្ពុជា ​ក្រោមជំនួយពី​អង្គការ​សហប្រជាជាតិ​​។

ភារកិច្ច​បន្ត​នោះ​គឺ​បញ្ចប់ឆ្លង​តាម​រយៈការ​អប់​រំ នេះ​ជា​ប្រការ​ដែល​លោក​ចាត់​ទុក​ថា​​មាន​អត្ថន័យ​ដ៏​ធំធេង​និង​មាន​សារៈសំខាន់​​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ កម្ពុជា ​​ដើម្បី​នឹង​ឆ្ពោះ​ទៅ​រក​អនាគតផង តែ​មិន​បំភ្លេច​​មេរៀន​ទាំង​អម្បាល​ម៉ាន​​ក្នុង​អតីតកាលផង។ ទន្ទឹម​នឹង​នោះ នេះ​ក៏​ចាត់​ទុក​ជា​ការ​ចែក​រំលែក​នូវ​មេរៀនអំពី​ការ​ទុក្ខ​លំបាក​ដែល​ប្រជាជន កម្ពុជា​ ធ្លាប់​រង​គ្រោះ ​ឆ្លង​កាត់ ហើយ​បាន​រស់រានមានជីវិត​ឡើង​វិញ​ដូច​នាពេល​បច្ចុប្បន្ននេះ សម្រាប់ ប្រទេសជាតិទាំងឡាយ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​។

លោក ឆាំង យុ ប្រាប់​ថា៖ លោក​ធ្លាប់​បាន​មក​កាន់​ប្រទេស​ ​វៀតណាម ​តាំងពី​ឆ្នាំ​ ១៩៩៨​ ដើម្បី​ស្វែង​យល់​ សិក្សាស្រាវ​ជ្រាវ​​អំពី​ប្រទេស ​វៀតណាម និង​ទំនាក់​ទំនង​រវាង ​វៀតណាម និង ​កម្ពុជា។ ដូចនេះ​ហើយ លោក​ក៏​បាន​យល់​នូវ​ទស្សនៈ​នៃ​ទាហាន​ វៀតណាម ​ឆ្លង​តាម​រយៈ​ការជួបសំណេះសំណាលជាច្រើន ហើយ​ជំហាន​បន្ត​ទៀត​សម្រាប់​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ​​នោះ​គឺ​​ត្រូវ​តែ​អប់​រំ​អោយ​ប្រជាជន​យល់​ដឹងអោយ​ច្បាស់​អំពី​បញ្ហា​ខ្មែរ​ក្រហម។
ទំព័រក្របមុខនៃសៀវភៅ "ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ" បោះពុម្ភផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ជាកម្រងឯកសារផ្ដល់ព័ត៌មានជាច្រើនប្រកបដោយភាពសត្យានុម័តគ្រប់ជ្រុងជ្រោយស្ដីអំពីប្រភពដើមនិងឧក្រិដ្ឋកម្មទាំងឡាយនៃក្រុមខ្មែរក្រហមប្រល័យពូជសាសន៍ដែលដឹកនាំដោយ ប៉ុលពត។ ប្រភព៖ DC-Cam
ទំព័រក្របមុខនៃសៀវភៅ "ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ" បោះពុម្ភផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ជាកម្រង​ឯកសារ​ផ្ដល់ព័ត៌មានជាច្រើនប្រកបដោយភាពសត្យានុម័ត​គ្រប់ជ្រុងជ្រោយ​ស្ដីអំពីប្រភពដើម​និងឧក្រិដ្ឋកម្ម​ទាំងឡាយ​នៃក្រុមខ្មែរក្រហមប្រល័យពូជសាសន៍ដែលដឹកនាំដោយ ប៉ុលពត។ ប្រភព៖ DC-Cam
នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​​ ឆាំង យុ ជា​ជន​រង​គ្រោះម្នាក់​ក្រោម​របប​ខ្មែរ​ក្រហម ដែល​មាន​សំណាង​​បាន​រស់​រាន​មាន​ជីវិត​ដោយ​ភៀស​ខ្លួន​រត់ចូលជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​បណ្ដោយ​ព្រំដែន ​ថៃ​ ជាប់​នឹង​​ កម្ពុជា មុនពេលចូល​សញ្ជាតិនិងរស់នៅជាអចិន្ត្រៃយ៍នៅ​ សហរដ្ឋអាមេរិក។ ក្រោយអំឡុង​ពេល​ជាង​បី​ទស្សវត្សរ៍អញ្ជើញត្រឡប់​មកមាតុ​ប្រទេស​​ កម្ពុជា​​ វិញ​ លោក​មាន​បំណងប្រាថ្នាគឺធ្វើយ៉ាងណាអោយ​សមិទ្ធផល​នៃការ​ងារ​ទាំង​ឡាយ​របស់​ខ្លួននឹងពាំនាំ​មក​នូវ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ទាំង​ឡាយ​នៃ​របប​​ប្រល័យ​ពូជសាសន៍​ ក៏​ដូចជា​​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ផ្ដួលរម្លំ​​របប​ដ៏ឃោរឃៅ​​ព្រៃ​ផ្សៃមួយ​នេះ ជួយ​ផ្សះផ្សារ​នូវ​ការ​ឈឺ​​ចាប់​នៃប្រទេស​ជាតិ​ ឆ្លង​តាម​រយៈការ​ឆ្លុះបញ្ចាំង​នូវ​ទំព័រសោកនាដកម្មបំផុតក្នុង​ប្រវត្តិសាស្ត្រនៃប្រជាជាតិ​កម្ពុជា។

ជីហ៊ុង - មិញហ៊ឹង - ចន្តា
អត្ថបទទី ៥ (បន្តចប់)៖ ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម
បកប្រែកែសម្រួលពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង - សឺនហេង - យ៉ាញ់លើយ - ថេជុង - សេហា-ធីតា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍