បន្លែ ផ្លែឈើជួយពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ

បន្លែ ផ្លែឈើជួយពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ

ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំរក្សាសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ ការទទួលទានបន្លែនិងផ្លែឈើស្រស់ៗ អាចផ្ដល់អត្ថប្រយោជន៍ប្រសើរចំពោះសុខភាព។

ទឹកបន្លែនិងផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគ។

ទឹកការ៉ុត
ទឹកការ៉ុតជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំនិងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានទឹកការ៉ុតស្រស់ៗ។

ទឹកមើមឆៃថាក្រហម
អ្វីដែលធ្វើឱ្យទឹកបន្លែមើមនេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគឺដោយសារវាមានផ្ទុកសម្បូរទៅដោយជាតិរ៉ែនិងវីតាមីនសំខាន់ៗ រួមបញ្ចូលទាំងវីតាមីន A វីតាមីន C ជាតិដែក កាល់ស្យូម ប៉ូតាស្យូមនិងម៉ង់កាណែស។ ដើម្បីបង្កើនរសជាតិនិងស្រួលទទួលទានអ្នកគួរកិនបន្លែមើមនេះលាយជាមួយផ្លែឈើឬបន្លែដទៃទៀត។

ទឹកដូង
អ្នកអាចជៀសផុតពីជំងឺដោយគ្រាន់តែទទួលទានទឹកដូងជាប្រចាំ។ នោះក៏ព្រោះតែទឹកដូងជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងប្រសើរ ដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរី មិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញនិងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយនិងមេរោគឆ្លងផ្សេងៗ ផងដែរ។

ទឹកក្រូចឆ្មារ
វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

ទឹកផ្លែប៉ោមស្រស់

ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះ ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះ ប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។

ទឹកផ្លែគីវីស្រស់
គីវីជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន A និងវីតាមីន E ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធភាពស៊ាំរឹងមាំ។ ជាតិសសៃនិងប៉ូតាស្យូមនៃផ្លែគីវីក៏ល្អសម្រាប់សុខភាពសសៃឈាមបេះដូងផងដែរ។

ទឹកបន្លែផ្កាខាត់ណាខៀវ
ខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene និងវីតាមីន C។ ដូច្នេះការរួមបញ្ចូល ផ្កាខាត់ណាខៀវឬទឹកបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អបំផុតសម្រាប់រក្សាក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំឡើង។

ទឹកប៉េងប៉ោះស្រស់
ភេសជ្ជៈនេះជាប្រភពដ៏ប្រសើរនៃវីតាមីន B9 ឬសារធាតុ folate ដែលកាត់បន្ថយហានិភ័យការឆ្លងមេរោគដោយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយ ម៉ាញ៉េស្យូមដែលជួយប្រឆាំងការរលាកផងដែរ។

ទឹកផ្លែល្ហុង
ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

តែខ្ញី
ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីឬតែខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។

ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈ សម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗ ក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

អ្នកប្រហែលជាចាប់អារម្មណ៍