ប្រទេសអាស៊ាន ៧ មានកូវីដ-១៩ បំប្លែងខ្លួនមកពី ឥណ្ឌា

ប្រទេសអាស៊ាន ៧ មានកូវីដ-១៩ បំប្លែងខ្លួនមកពី ឥណ្ឌា

ចុងឆ្នាំ ២០២០ ឥណ្ឌា បានប្រកាសរកឃើញវីរុសបង្កជាជំងឺ កូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី B.1.617 នៅក្នុង រដ្ឋ Maharashtra។ ប៉ុន្មានខែមកនេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីល្បីខាងឆ្លងរហ័ស ចម្លងលឿននិងអាចគេចពីប្រព័ន្ធការពារ ផងនោះ រាលដាលដល់ប្រទេសជិត ២០ ផ្សេងទៀត។

នៅអាស៊ាន ប្រទេសចំនួន ៧ រាយការណ៍ពីវត្តមានវីរុសថ្មី។ ប្រទេសអាស៊ីអាគ្នេយ៍ប្រកាសរកឃើញកូរ៉ូណាវីរុសដែលបំប្លែងខ្លួនថ្មីពី ឥណ្ឌារួមមាន៖

វៀតណាម

វៀតណាម នៅថ្ងៃទី ៣០ ខែ មេសា កន្លងទៅ បានប្រកាសរកឃើញជាលើកដំបូងកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីចំនួន ៥ នាក់ ដោយ ៤ នាក់ជាក្រុមអ្នកជំនាញ ឥណ្ឌា ដែលដាក់ចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងខេត្ត អៀនបាយ ដែលស្ថិតនៅភាគខាងជើងនិងអ្នកទទួលភ្ញៀវជនជាតិ វៀតណាម ម្នាក់។

អ្នកជំនាញ ឥណ្ឌា ទាំងនោះ បានដាក់ចត្តាឡីស័កតាំងពីថ្ងៃទី ១៨ ខែ មេសា មក។ ប៉ុន្មានថ្ងៃបន្ទាប់ វៀតណាម ក៏បានប្រកាសរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនរបស់ ឥណ្ឌា ជាច្រើនករណីទៀតផងដែរ។ 

ថៃ

នៅថ្ងៃទី ១០ ខែ ឧសភា ប្រទេសថៃ ប្រកាសរកឃើញវីរុសបំប្លែងខ្លួនប្រភេទ  B.1.617  ជាលើកដំបូងលើស្រ្តីមានផ្ទៃពោះម្នាក់និងកូនប្រុសដែលត្រលប់មកពី ប៉ាគីស្ថាន។

ប្រទេសអាស៊ាន ៧ មានកូវីដ-១៩ បំប្លែងខ្លួនមកពី ឥណ្ឌា ảnh 1

ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី នៅថ្ងៃទី ១០ ខែ ឧសភា បានអះអាងថាខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដែលមានវត្តមានដំបូងនៅ ឥណ្ឌា យ៉ាងហោចណាស់ ១០ ករណី។

តាមការអះអាងរបស់ក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី វីរុសបំប្លែងខ្លួនថ្មីនេះបានចូលមក ឥណ្ឌា តាំងពីខែ មករា មកម៉្លេះដែលកាលនោះ វាបានកើតលើពលករចំណាកស្រុកម្នាក់នៅកោះ សូម៉ាត្រា ភាគខាងជើងដែលត្រលប់មកពី ម៉ាឡេស៊ី។ លើកោះ សូម៉ាត្រាខាងត្បូង តំបន់ កាលីម៉ាន់តាន់ និងទីក្រុង ហ្សាការតា សុទ្ធមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ។ 

ម៉ាឡេស៊ី

ម៉ាឡេស៊ី នៅថ្ងៃទី ២ ខែ ឧសភា ក៏បានប្រកាសពីវត្តមានវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.617 ជាលើកដំបូងផងដែរ។ ការប្រកាសរកឃើញនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ាឡេស៊ីបានផ្អាកជើងហោះហើរជាមួយឥណ្ឌា។ 

សិង្ហបុរី

សិង្ហបុរី រាយការណ៍ពីការរកឃើញវីរុសបំប្លែងខ្លួននៅ ឥណ្ឌា តាំងពីដើមខែ កុម្ភៈ មកម៉្លេះ។ 

ហ្វីលីពីន

ក្រសួងសុខាភិបាល ហ្វីលីពីន នៅថ្ងៃទី ១១ ខែ ឧសភា បានប្រកាសរកឃើញវីរុសបំប្លែងខ្លួនថ្មីមកពី ឥណ្ឌា ចំនួន ២ ករណីដំបូង។

អ្នកជំងឺទាំងរូបនោះ គឺជាជនជាតិ ហ្វីលីពីន ដែលត្រលប់មកពី អេមីរ៉ាតអារ៉ាប់រួម និង អូម៉ង់ នៅខែ មេសា។ ពេលនេះ អ្នកទាំងពីររូបនេះបានជាសះស្បើយហើយ។

កម្ពុជា

កម្ពុជា ក៏ធ្លាប់រកឃើញវីរុសប្រភេទថ្មីពី ឥណ្ឌា (B.1.617) ចំនួន ១ ករណី ប៉ុន្តែអ្នកជំងឺបានជាសះស្បើយហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា កាលពីនៅយប់ថ្ងៃទី ១១ ខែ ឧសភា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា វីរុសបំប្លែងពីប្រទេស ឥណ្ឌា នៅមិនទាន់ រីកសាយភាយនៅក្នុងប្រទេស កម្ពុជា នៅឡើយទេ។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងពី ឥណ្ឌា ត្រូវបានរកឃើញនៅ កម្ពុជា តាំងពីថ្ងៃទី ២៥ ខែ មេសា មកម្ល៉េះ លើអ្នកដំណើរបរទេស ហើយមកទល់ពេលនេះហើយអ្នកជំងឺរូបនោះក៏បានសះស្បើយហើយដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បន្ថែមថា៖ យើងរកឃើញតែ ១ ករណី ហើយក៏ជាករណីនាំចូល ហើយគាត់ក៏បានជាសះស្បើយរួចទៅហើយដែរ។ យើងក៏មិនទាន់ឃើញថាមានការរីកសាយភាយនៅក្នុងប្រទេសយើងនេះនៅឡើយទេ

គួររំលឹកថា ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ ចក្រភពអង់គ្លេស អាមេរិក បង់ក្លាដែស ស្រីលង្កា កេនយ៉ា អ៊ូហ្កង់ដា និងបណ្តាប្រទេសផ្សេងទៀតក៏បាន រកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនប្រភេទនេះដែរ។ 

សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី ១០ ខែ ឧសភា បានប្រកាសប្តូរចំណាត់ថ្នាក់របស់កូរ៉ូណាវីរុសដែលបំប្លែងខ្លួននៅ ឥណ្ឌា  B.1.617 ពីចំណាត់ថ្នាក់ Variant of Interest ទៅជាចំណាត់ថ្នាក់មួយទៀតដែលធ្ងន់ជាងមុនគឺ Variant of Concern៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖  ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍