វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចប្តូរទម្រង់ទៅជាម្សៅ​សម្រាប់ហឺត

រូបថត Xinhua
រូបថត Xinhua

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផ្តល់តាមរយៈការចាក់ តែប៉ុណ្តោះ ប៉ុន្តែនៅពេលអនាគត គេអាចប្រើប្រាស់វ៉ាក់សាំងមានទម្រង់ជាម្សៅស្ងួតដែលអាចហឺតចូលតាមខ្យល់ដង្ហើម ឬប្រើប្រាស់ប្រភេទថ្នាំគ្រាប់។ នេះបើតាមការផ្សាយរបស់ទំព័រសុខភាពទូរទស្សន៍ BBC នៅថ្ងៃទី ២៦ ខែ កក្កដា កន្លងទៅ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចប្តូរទម្រង់ទៅជាម្សៅ​សម្រាប់ហឺត ảnh 1រូបថត Xinhua

មន្ទីរពិសោធន៍ឧទ្យានវិទ្យាសាស្ត្រធំជាងគេនៅភាគខាងត្បូង ស៊ុយអែត បានបង្កើតឧបករណ៍ម៉្យាង ផ្ទុកម្សៅវ៉ាក់សាំងដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដូចវ៉ាក់សាំងចាក់ដែរ។

វាគឺជាវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ មានទម្រង់ជាម្សៅ ដែលអាចឱ្យមនុស្សប្រើប្រាស់បានដោយខ្លួនឯងនៅតាមផ្ទះ។

"វាមានតម្លៃថោក និងងាយស្រួលផលិត។ អ្នកគ្រាន់តែបកប្លាស្ទិកតូចចេញនោះ ម្សៅវ៉ាក់សាំងនឹងប្រតិកម្ម ហើយអ្នកត្រូវដាក់ចូលក្នុងមាត់ និងដកដង្ហើមចូលឱ្យវែងជាការស្រេច"។ នាយកប្រតិបត្តិក្រុមហ៊ុន Iconovo លោក Johan Waborg បានលើកឡើងបែបនេះ។

Iconovo គឺជាក្រុមហ៊ុនផលិតថ្នាំសម្រាប់អ្នកជំងឺហឺត ហើយថ្មីៗ នេះ ក៏បានអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងទម្រង់ជាម្សៅស្ងួតផងដែរ។

វ៉ាក់សាំងប្រភេទជាម្សៅស្ងួតនេះ គឺងាយស្រួលរក្សាទុកជាងវ៉ាក់សាំងរាវ។ពោលគឺអាចរក្សាទុកក្នុងសីតុណ្ហភាពដល់ទៅ ៤០ អង្សា ហើយវាថែមទាំងមិនចាំបាច់ឱ្យគ្រូពេទ្យជាអ្នកផ្តល់ឱ្យដូចវ៉ាក់សាំងធម្មតាទៀត។

ដូច្នេះ វ៉ាក់សាំងប្រភេទម្សៅ អាចចូលរួមចំណែកពន្លឿនកម្មវិធីផ្តល់វ៉ាក់សាំងទៅប្រជាជន ព្រមទាំងប្រើថ្លៃចំណាយតិចទៀតផង។

វាពិតជាមានសារសំខាន់ណាស់ ក្នុងការពន្លឿនការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ពិសេសនៅទ្វីបអាហ្រ្វិក ដែលបច្ចុប្បន្នមិនសូវមានវ៉ាក់សាំងគ្រប់គ្រាន់ មានអាកាសធាតុក្តៅ និងការផ្គត់ផ្គង់អគ្គិសនីមានកំណត់។

នេះ ជាបញ្ហាប្រឈមខ្លាំង ចំពោះការរក្សាទុកវ៉ាក់សាំងឱ្យមានប្រសិទ្ធភាព។ វ៉ាក់សាំងមានទម្រង់ជាម្សៅអាចជួយសម្រួលដល់អ្នកខ្លាចម្ជុល និងបានចូលរួមជួយដល់បរិស្ថានយ៉ាងច្រើន តាមរយៈកាត់បន្ថយសឺរ៉ាំងប្លាស្ទិក។

ទោះយ៉ាងណា ម្សៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវការការពិសោធន៍ច្រើនដំណាក់កាលបន្ថែមទៀត មុនពេលសាកល្បងលើប្រសិទ្ធភាព និងដាក់ឱ្យប្រើប្រាស់ ថាតើវាអាចការពារប្រឆាំងនឹងជំងឺកូវីដ-១៩ បានដូចវ៉ាក់សាំងទម្រង់រាវផ្សេងៗ ដែលអនុម័តឱ្យប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោកដែរឬយ៉ាងណា៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ជាដោយ៖  ជ័យពិសិដ្ឋ

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍