យោងតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង តុងគួន មួយនេះបានឱ្យដឹងថា ទូរស័ព្ទ Nex 3 របស់ក្រុមហ៊ុន Vivo ត្រូវបានរចនាឡើងដើម្បីទាក់ទាញអតិថិជនកាន់តែច្រើននៅក្នុងទីផ្សារស្មាតហ្វូនធំជាងគេលើពិភពលោកមួយនេះ ពីព្រោះគេអាចរកទិញបានទាំងទូរស័ព្ទប្រើជាមួយ 5G និង 4G។
![]() |
ទូរស័ព្ទ Nex 3 ម៉ូដែល 4G និង 5G ត្រូវបានដាក់បង្ហាញជាផ្លូវការក្នុងប្រទេស ចិន |
អ្នកគ្រប់គ្រងផលិតផលរបស់ Vivo លោក ទីង គួនលី និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅមុនការដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទ Nex 3 នៅទីក្រុង សៀងហៃ ថា៖ “យើងកំពុងព្យាយាមផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជន។ ទូរស័ព្ទ Nex 3 ម៉ូដែល 4G និង 5G របស់ក្រុមហ៊ុននឹងត្រូវបានលក់ដាច់ដោយ ឡែកពីគ្នា”។
យុទ្ធសាស្ត្រនេះត្រូវគេរំពឹងថានឹងរក្សាការប្រកួតប្រជែងរបស់ Vivo នៅក្នុងប្រទេស ចិន និងទីផ្សារផ្សេងទៀត ខណៈដែលបណ្តាក្រុមហ៊ុនប្រតិបត្តិករបណ្តាញទូរគមនាគមន៍កំពុងជំរុញការចាប់ផ្តើមនៃសេវាកម្មទូរស័ព្ទ 5G ល្បឿនលឿនបំផុតរបស់ពួកគេ។
![]() |
ទូរស័ព្ទ Nex 3 ម៉ូដែល 4G និង 5G ត្រូវបានដាក់បង្ហាញជាផ្លូវការក្នុងប្រទេស ចិន |
លោក ប្រាយអែន ម៉ា អនុប្រធានផ្នែកស្រាវជ្រាវឧបករណ៍ប្រើប្រាស់នៅក្រុមហ៊ុន IDC ប្រាប់ថា៖ “យើងរំពឹងថា ស្មាតហ្វូន 5G តិចជាង ១ លានគ្រឿងនឹងត្រូវលក់នៅក្នុងប្រទេស ចិន នៅឆ្នាំនេះ ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ ៥៧ លានគ្រឿងនៅឆ្នាំ ២០២០ នៅពេលដែលឧបករណ៍ទាំងនេះតំណាងឱ្យ ១៥ ភាគរយនៃទីផ្សារសរុប”។
ទូរស័ព្ទ Nex 3 ម៉ូដែល 4G និង 5G ត្រូវបានបំពាក់ជាមួយបន្ទះឈីប 5G របស់ក្រុមហ៊ុន អាម៉េរិក Qualcomm គឺមានឈ្មោះថា Snapdragon 855 Plus។
ស្មាតហ្វូននេះពុំមានរន្ធខាងមុខនៅលើផ្ទៃអេក្រង់នោះទេ និងមានអេក្រង់ទំហំ ៦,៨៩ អ៊ីញ កាមេរ៉ាមុខទំហំ ១៦ មេហ្គាភិចសែល និងមានបន្ទះមូលនៅខាងក្រោយផ្ទុកកាមេរ៉ាធំ ៦៤ មេហ្គាភិចសែល កាមេរ៉ាថតផ្ទៃលាត ១៣ មេហ្គាភិចសែល និងកាមេរ៉ាហ្ស៊ូមឆ្ងាយ ១៣ មេហ្គាភិចសែល។
តម្លៃសម្រាប់ Nex 3 ប្រើ 4G គឺ ៤.៩៩៨ យ័ន (៧០៥ ដុល្លារ) ខណៈម៉ូដែលប្រើ 5G មានតម្លៃចាប់ពី ៥.៦៩៨ យ័ន (៨០៤ ដុល្លារ)៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី