ទិដ្ឋភាពរួមនៃទំនប់ទឹក ញ៉ាទ្រិញ ដែលទម្លាក់ទឹកឲ្យហូរតាមព្រែកប្រឡាយទាំងឡាយហូរកាត់តាមបណ្ដាភូមិ ចាម៖ លៀនសឺន ភឿកអាន និង ភឿកធៀន ស្ថិតលើភូមិសាស្ត្រស្រុក និញសឺន (ខេត្ត និញធន់)
តាំងពីប៉ុន្មានជំនាន់មកហើយ បងប្អូនជនជាតិ ចាម នៅខេត្តទាំងពីរគឺ និញធន់ និង ប៊ិញធន់ តែងតែរស់នៅក្នុងលក្ខខណ្ឌធម្មជាតិដ៏កាចសាហាវដោយមាន "ខ្យល់ បក់ខ្លាំងមានសំឡេងដូចសំពង កម្តៅថ្ងៃក្តៅដូចភ្លើង"។

ទោះជាដូច្នេះក៏ដោយ ពេលធ្វើដំណើរមកដល់ទីនេះនៅប៉ុន្មានថ្ងៃដើមខែ មិថុនា នេះ ជាទូទៅ យើងខ្ញុំលែងប្រទះឃើញស្ថានភាពរាំងស្ងួត ខ្វះទឹកសម្រាប់ប្រើប្រាស់និងបង្កបង្កើនផលដូចកាលពីមុនទៀតឡើយ...
រដូវក្តៅមិនរាំងស្ងួត
ខេត្តទាំងពីរគឺ និញធន់ និង ប៊ិញធន់ ស្ថិតលើតំបន់ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ជាតំបន់ដែលមានលក្ខខណ្ឌអាកាសធាតុរាំងស្ងួតជាងគេបំផុតក្នុងទូទាំងប្រទេស ហើយក៏ជាកន្លែងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនិងបាតុភូតធាតុអាកាសអាក្រក់ៗ ដែរ។

គួររំលឹកថា ក្នុងរដូវកាលដើមឆ្នាំ ២០១៩ - ២០២០ កន្លងទៅនោះ ភាពរាំងស្ងួតហួត ហែងបានអូសបន្លាយយ៉ាងយូរបណ្តាលឱ្យបងប្អូនជនជាតិនៅទីនេះរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារខ្វះទឹកសម្រាប់ការបង្កបង្កើនផលកសិកម្ម។ ខេត្ត និញធន់ ត្រូវផ្អាកការបង្កបង្កើនផលលើផ្ទៃដីជាង ៧.៨០០ ហិកតា។ ស្របពេលជាមួយនោះដែរ ខេត្ត ប៊ិញធន់ ត្រូវកាត់បន្ថយផ្ទៃដីបង្កបង្កើនផលចំនួន ១៥.៤០០ ហិកតា។

មិនត្រឹមតែដំណាំប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋក៏ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ ធ្ងរដែរ ពេលតានតឹងខ្លាំង ប្រព័ន្ធនយោបាយទាំងមូលនិងកងកម្លាំងយោធាក៏ត្រូវចូលរួមប្រតិបត្តិការឆ្លើយតបនិងដោះស្រាយជាបន្ទាន់ករណីខ្វះទឹកស្អាតអោយបងប្អូនជនជាតិ។
ទោះជាដូច្នេះក៏ដោយ ពេលអញ្ជើញមកដល់ខេត្តទាំងពីរ និញធន់ និង ប៊ិញ ធន់ នៅប៉ុន្មានថ្ងៃដើមខែ មិថុនា ឆ្នាំនេះ ជាពិសេសគឺនៅភូមិសាស្ត្រទាំង ឡាយដែលមានបងប្អូនជនជាតិ ចាម រស់នៅច្រើនកុះករនោះ ជាទូទៅ យើងខ្ញុំលែងប្រទះឃើញស្ថានភាពរាំងស្ងួតទៀតឡើយ។

អាស្រ័យដោយបានត្រៀមលក្ខណៈជាមុនក្នុងការស្តុកទុកទឹកនោះ បានជាស្រុកនានាដែលធ្លាប់ខ្វះទឹកប្រើប្រាស់ខ្លាំងដូច និញភឿក និញហាយ (ខេត្ត និញធន់) ទុយផុង (ខេត្ត ប៊ិញធន់) បានមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់និងផលិតកម្មហើយ។
ប្រសិនបើក្នុងរយៈពេលកន្លងទៅនេះ ផ្នែកកសិកម្មខេត្ត និញធន់ ត្រូវពឹងផ្អែកលើប្រភពទឹកពីអាងទំបន់វារីអគ្គិសនី ដាញីម (ចំណុះទឹកចំនួន ១៦៥ លានម៉ែត្រគុប) និងអាងស្តុកទឹកខ្នាតតូចទាំង ២១ (ចំណុះទឹក ១៩៤ លាន ម៉ែត្រគុប) ក្នុងពេលខាងមុខនេះ ខណៈពេលដែលគម្រោងប្រព័ន្ធធារាសាស្ត្រ តឹនមី និងសំណង់អាងស្តុកទឹក ពហុបំណង សុងកាយ (ចំណុះទឹកជិត ២២០ លានម៉ែត្រគុប) ចាប់ដំណើរការហើយនោះ នឹងចូលរួមចំណែកដោះស្រាយដាច់ស្រេចចំពោះស្ថានភាពខ្វះទឹកលើភូមិសាស្ត្រ។

ក្រៅពីការត្រៀមលក្ខណៈជាមុនក្នុងការស្តុកទុកទឹកសម្រាប់ការប្រើប្រាស់និងការបង្កបង្កើនផលនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ខេត្ត ប៊ិញ ធន់ ថែមទាំងបានចំណាយទឹកប្រាក់ ៥២២ ពាន់លានដុងសម្រាប់ សាងសង់សំណង់ធារាសាស្រ្តចំនួន ៣៤ រួមចំណែកដល់ការបង្កើនផ្ទៃដីផលិតកម្មដែលមានទឹកស្រោចស្រពប្រចាំឆ្នាំពី ៤៧.៩០០ ហិកតាក្នុងឆ្នាំ ២០១៥ ឡើងទៅ ដល់ ៥៣.០០០ ហិកតា គិតដល់ខែ មេសា ឆ្នាំ ២០២១។

បរិវត្តកម្មទម្រង់រូបភាពផលិតកម្ម
រួមជាមួយនឹងការត្រៀមលក្ខណៈជាមុនក្នុងការស្តុកទឹកទុក ផ្នែកកសិកម្មខេត្ត ប៊ិញ ធន់ ថែមទាំងបានកសាងផែនការផលិតកម្មសមស្របជាមួយ នឹងភូមិសាស្ត្រនីមួយៗ ផ្ដល់អានុសាសន៍ណែនាំបងប្អូនជនជាតិ ចាម ដែលរស់នៅក្នុងតំបន់រាំងស្ងួតអោយធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំ បន្សុាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ គិតដោយឡែកតែឆ្នាំ ២០២០ ទូទាំងខេត្តធ្វើបរិវត្តកម្មផ្ទៃដីដាំដំណាំបាន ៤.៧០០ ហិកតា ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងមុន។

នាំយើងខ្ញុំទៅទស្សនាមើលវាលស្រែចម្ការបណ្ដើរ លោក ឡឹមយុយទឺ កម្មាភិបាល ផ្នែកកសិកម្មឃុំ ភូឡាក ស្រុក ទុយផុង (ខេត្ត ប៊ិញធន់) និយាយបណ្ដើរថា៖ "អាស្រ័យដោយបានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដាំដុះ ឃុំ ភូឡាក មានផ្ទៃដីដាំដំណាំស្រូវចំនួន ៣៣០ ហិកតា ទំពាំងបាយជូរចំនួន ៣ ហិកតា ពុទ្រាចំនួន ៨ ហិកតា ស្រកានាគចំនួន ២៨ និងខ្ទឹមស្លឹកចំនួន ១៥ ហិកតាហើយមានក្រុមគ្រួសារ បងប្អូនជនជាតិជាច្រើនទទួលបានប្រាក់ចំណូលទៀងទាត់និងខ្ពស់ជាងមុន។ តួយ៉ាងគឺក្រុមគ្រួសារលោក ក្វាឌិញទី និងអ្នកស្រី លឺថឹតញឹត។ ក្រុមគ្រួសារទាំងពីរនេះបានធ្វើបរិវត្តកម្មពីការដាំដំណាំស្រូវមកដាំដំណាំពុទ្រា ខ្ទឹមស្លឹកនិងប្រភេទដំណាំមួយចំនួនផ្សេងៗ ទៀត សព្វថ្ងៃមានប្រាក់ចំណូលទៅដល់រាប់រយលានដុងក្នុងមួយឆ្នាំឯណោះ។"

រីឯនៅខេត្ត និញធន់ វិញ ផ្នែកកសិកម្មខេត្តបានផ្ទេរគោលការណ៍ផលិតកម្មតាមទិស ដៅអនុវត្តបច្ចេកវិទ្យា ស្រោចស្រពទឹកសន្សំសំចៃ បន្សុាំជាមួយនឹងបម្រែបម្រួលអាកាសធាតុចំនួន ១៧ ដល់មូលដ្ឋានថ្នាក់ក្រោមជាតិផ្សេងៗ ជាពិសេសគឺតំបន់មាន បងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។
អ្នកស្រី ចូវធីសែវ នៅឃុំ ភឿកហាយ ស្រុក និញភឿក (ខេត្ត និញធន់) មានប្រសាសន៍អោយដឹងថា៖ "ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្ញុំបានកែប្រែផ្ទៃដីបង្កបង្កើនផលមិនសូវមានប្រសិទ្ធភាពងាកទៅដាំដំណាំទំពាំងបារាំងវិញ។ អាស្រ័យដោយអនុវត្តតាមប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹកនិងគោរពគោលការណ៍ណែនាំបច្ចេកទេស បានជាដំណាំទំពាំងបារាំងរីកលូតលាស់យ៉ាងល្អ"។
បច្ចុប្បន្ននេះ សហករណ៍សេវាកម្មកសិកម្មចម្រុះ ចូវរេ ដោយមាននាយិកាជាអ្នកស្រី ចូវធីសែវ នោះមានសមាជិកចំនួន ៨៣ នាក់ ចូលរួមសហការក្នុងការបង្កបង្កើនផលដំណាំទំពាំងបារាំងតាមទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំដោយមានផ្ទៃដីជិត ២០ ហិកតា។

គិតជាមធ្យមក្នុងមួយថ្ងៃៗ សហករណ៍ប្រមូលទិញទំពាំងបារាំងរបស់បងប្អូនជនជាតិជាង ៣០០ គីឡូក្រាម ពាំនាំមកប្រាក់ចំណូលក្នុងមនុស្សម្នាក់ប្រមាណ ជា ១០ លាន ដុងក្នុងមួយខែ គ្រួសារដែលរកបានចំណូលខ្ពស់បំផុត គឺឡើងទៅដល់ ៩០ លានដុងក្នុងមួយខែឯណោះ។

ការឆ្លើយតបទប់ទល់ជាមួយនឹងធាតុអាកាសរាំងស្ងួតគឺជាកិច្ចការបន្ទាន់និងត្រូវការ រយៈពេលយូរអង្វែង។ ទោះបីជាជួបប្រទះការលំបាកលំបិន បញ្ហាប្រឈមផ្សេងៗ ក៏ដោយ ក៏ប៉ុន្តែរាល់ដំណោះស្រាយឆ្លើយតបទប់ទល់នឹងគ្រោះរាំងស្ងួតហួតហែងរបស់ខេត្តទាំងពីរ និញធន់ និង ប៊ិញធន់ សម្រេចបានលទ្ធផលដ៏មានសារសំខាន់ជាច្រើនជាជំហានដំបូង រួមចំណែកលើកកម្ពស់តម្លៃផលិតកម្ម ធានាការប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់បងប្អូនជនជាតិ ចាម៕
អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែមិថុនាដោយ៖ ជ័យពិសិដ្ឋ