នៅតាមភូមិនានារបស់បងប្អូនជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) របរត្បាញសំពត់សង្កិមប្រពៃណីត្រូវបាត់បង់ច្រើនឆ្នាំមកហើយ។ ឆ្នាំ ២០១៨ ក្រុមតម្បាញសំពត់សង្កិមឃុំ ហ្វាបាក់ រួមមានស្ត្រីជនជាតិ កឺទូ ចំនួន ២០ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងបំណងប្រាថ្នាចង់ស្តាររបរតម្បាញប្រពៃណីរបស់បុព្វបុរសឡើងវិញ។

បន្ទាប់ពីបានគណៈកម្មាធិការប្រជាជនឃុំ ហ្វាបាក់ បើកថ្នាក់បង្ហាត់បង្រៀនវិជ្ជាជីវៈមកទល់បច្ចុប្បន្ននេះ បងប្អូនស្ត្រីទាំងអស់ក្នុងក្រុមតម្បាញសំពត់សង្កិមសុទ្ធ តែត្បាញបានយ៉ាងស្ទាត់ជំនាញ ធ្វើបានផលិតផលផ្សេងៗ មានគុណភាពល្អ។ យោងតាមបងស្រី ឌិញធីទីន នៅភូមិ យ៉ាងប៊ី ឃុំ ហ្វាបាក់ការត្បាញសំពត់សង្កិមមិនងាយស្រួលទេ ចំណាយពេលវេលានិងកម្លាំងពលកម្មយ៉ាងច្រើន។

ដំបូងបង្អស់ ត្រូវជ្រើសរើសពណ៌ហើយរមូរអំបោះតាមប្រភេទនីមួយៗ អោយទៅជាហុងធំមូល បន្ទាប់មក លាតបន្តឹងអំបោះមួយសរសៃៗ លើបន្ទះឈើទាំងឡាយនៃកីតម្បាញ អាស្រ័យទៅតាមប្រភេទក្បាច់រចនាផ្សេងៗ គ្នានឹងមានវិធីចម្រុះពណ៌នៃសរសៃអំបោះខុសៗ គ្នា។

ចុងក្រោយបង្អស់គឺដំណាក់កាលត្បាញអំបោះម្ដងមួយសរសៃៗ ដើម្បីបង្កើតជាផ្ទាំងសំពត់។ ជាមធ្យម មនុស្សម្នាក់ត្រូវចំណាយពេលវេលាពី ១០ ដល់ ១៥ ថ្ងៃទើបត្បាញរួចរាល់សំពត់មួយផ្ទាំង។

របរត្បាញសំពត់សង្កិមរបស់ជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ កំពុងតែត្រូវបានស្តារឡើងវិញ។ យ៉ាងណាមិញដើម្បីអាចនឹងបន្តដំណើរការនិងអភិវឌ្ឍ ត្រូវការចាំបាច់ណាស់នូវការយកចិត្តទុកដាក់របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បណ្ដាអាជីវកម្មដើម្បីស្វែងរកទីផ្សារអោយផលិតផល៕