ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៣

អត្ថបទទី ៣៖ ​ ​រឿងរ៉ាវអំពីយុទ្ធជនស្ម័គ្រចិត្តទាំងឡាយបំពេញភារកិច្ចនៅប្រទេសជាមិត្ត
ចូលរួមក្នុងរណសិរ្ស ៧៧៩ កម្ពុជា តាំងពីប៉ុន្មានថ្ងៃដំបូង ការចងចាំអំពីសម័យកាលមួយដ៏ត្រចះត្រចង់​តែពោរ​ពេញដោយអត្ថន័យចំពោះវរសេនីយ៍ទោ ធៀវក្វាងថាច់ (អចិន្ត្រៃយ៍គណៈកម្មការទំនាក់ទំនងប្រពៃណីរណសិរ្ស ៧៧៩) មិនរម្សាយបាត់ឡើយ។ ខណៈពេលនោះ វរសេនីយ៍ទោ ថាច់ កំពុងជាអនុសេនីយ៍ត្រី ដោយមានតួនាទីស្នង​ការនយោបាយនៃកងអនុសេនាធំលេខ ៦ (កងវរសេនាធំលេខ ៣២០ អង្គភាព​ទ័ព​លេខ ៧៧០៦) ដែលឈរជើង​ខាងកើតទន្លេ មេគង្គ នៅត្រង់ចំណតសាឡាង អ្នកលឿង ជាមួយកងពលតូចកងទ័ពជើងទឹកការពារ ធានា ការឆ្លងកាត់ ទន្លេនៃអង្គភាពទាំងឡាយ។

វរសេនីយ៍ឯក ហាស៊ន់ថាញ់ (ខាងស្តាំ) និង វរសេនីយ៍ទោ ធៀវក្វាងថាច់  បើកមើលទំព័រ
ប្រវត្ដិសាស្ដ្រអំពីសម័យកាលចូលរួមកងទ័ពស្ម័គ្រចិត្ត ជួយប្រទេសកម្ពុជានៅលើសមរភូមិ ៧៧៩។រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នឹករំលឹកអំពីសម័យកាលនោះ វរសេនីយ៍ទោ ធៀវក្វាងថាច់ ស្រងេះស្រងោច៖ ភាពអាក្រក់អាក្រីរបស់កងទ័ព ខ្មែរក្រហម យើងបានឮដឹងហើយ ប៉ុន្តែខណៈពេលឆ្លងមកដល់ប្រទេសរបស់មិត្តឃើញដោយផ្ទាល់នឹងភ្នែកនូវស្លាក​ស្នាមដែលកងទ័ពខ្មែរក្រហមបានប្រព្រឹត្តចំពោះប្រជាជន កម្ពុជា ខ្លួននោះ បណ្តាលអោយយើងខ្ញុំភ័យរន្ធត់ព្រឺខ្លួន។ របបប្រល័យពូជសាសន៍ត្រូវបានគេដាក់ពង្រាយលើវិសាលភាពទូទាំងប្រទេស ប៉ុន្តែភូមិសាស្ត្រដែលរងការលំបាក​វេទនា ធ្វើទក្ខបុកម្នេញ សម្លាប់រង្គាលច្រើនបំផុតគឺនៅតាមប៉ុន្មានខេត្តចំណុះយោធភូមិភាគទី ២ របស់ កម្ពុជា ភូមិសាស្ត្រ​របស់រណសិរ្ស ៧៧៩។ ទីនេះបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយ វៀតណាម មានបងប្អូនជនជាតិ​ភាគ​តិច​រស់នៅច្រើន ហើយជាទីតាំងឈរជើងនៃកងកម្លាំងបះបោរប្រឆាំងខ្មែរក្រហមរបស់យោធភូមិភាគបូព៌ា ។

ទទួលភារកិច្ចជួយប្រទេសជាមិត្តកសាងមូលដ្ឋាននៅឃុំ អង្គរអង្គ (ស្រុក ពាមជរ ខេត្ត ព្រៃវែង) នៅខែ មីនា ឆ្នាំ ១៩៧៩ លោកវរសេនីយ៍ទោ ធៀវក្វាងថាច់ ជាមួយមិត្តរួមកងជួរចុះទៅឃុំទើបឃើញភាពឃោរឃៅយង់ឃ្នង​របស់​ទាហានខ្មែរក្រហម។ ពួកវាសម្លាប់មនុស្សរាល់ថ្ងៃ ថ្ងៃណាក៏មានមនុស្សពី ៥ ដល់ ១០ នាក់ត្រូវសម្លាប់ចោល មានម្តង​ពួក​វាសម្លាប់មនុស្ស ២៧ នាក់។ ម្តងនោះទៀត ពួកវាកៀងប្រជាជនចំនួន ១.៩៧៧ នាក់ចូលតំបន់ព្រៃក្បែរ​ភូមិ ហើយ​ បើកមីក្រូបំពងសំឡេង វិទ្យុផ្សាយសំឡេងយ៉ាងខ្លាំង។  ដល់ព្រឹកថ្ងៃបន្ទាប់ ទើបដឹងថា អ្នកទាំង​នោះត្រូវសម្លាប់ ចោលទាំងអស់។

"ឆ្នាំ ១៩៧០ ឃុំមានមនុស្សជាង ៥.០០០ នាក់ប៉ុន្តែពេលយើងខ្ញុំមកដល់នៅសល់តែ ២.០០០ នាក់​ប៉ុណ្ណោះ។ សូម្បីតែត្រីក្នុងអណ្តូងទាំងអស់នៅតំបន់នោះ កងទ័ពយើងក៏មិនហានបរិភោគត្រីឡើយ ទោះបីពេល​នោះ​លក្ខខណ្ឌ ស្បៀងអាហារ ភោជនាហារលំបាក ខ្វះខាតយ៉ាងខ្លាំង"  លោកវរសេនីយ៍ទោ ថាច់ បាននឹក​រំលឹក​ឡើង​វិញ។

នៅឆ្នាំ ១៩៨១  រណសិរ្ស ៧៧៩ បានដំណើរការសកម្មភាពដោយបញ្ជូនចុះទៅឃុំនីមួយៗ កម្មាភិបាល យុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២ រូបនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី ២ របស់កម្ពុជា ។ ជាមួយនឹង​ឃុំ​ចំនួន ៤៩៦ មានកម្មាភិបាល យុទ្ធជនរណសិរ្ស ៧៧៩ ជិត ១.០០០ លើកនាក់បាន​ចុះទៅឃុំទាំងឡាយរបស់កម្ពុជា ដោយផ្ទាល់ ហូបចុកជាមួយ រស់នៅជាមួយ ជួយកម្មាភិបាល កម្ពុជា ជួយសង្គ្រោះប្រជាជនកើតទុរ្ភិក្ស ព្យាបាល ជំងឺ។ល។

យោងតាមលោកវរសេនីយ៍ទោ ធៀវក្វាងថាច់ នាកាលៈទេសៈនោះ កងកម្លាំង ប៉ុលពត ទើបតែ "រលាយ" ក៏នៅតែលបលួចប្រព្រឹត្តសកម្មភាពប្រឆាំងបំផ្លាញដោយរស់លាយឡំជាមួយប្រជាជន រដ្ឋអំណាចមិត្តនៅទន់ខ្សោយ ខណៈពេលផ្លូវថ្នល់មានការលំបាកលំបិន ឃុំនានាដែលស្ថិតនៅឆ្ងាយពីតំបន់អង្គភាពកងទ័ពយើងឈរជើង ជួនកាល មានកន្លែងខ្លះមានចម្ងាយផ្លូវពី ២ ដល់ ៣ ថ្ងៃសម្រាប់ការធ្វើដំណើរ។

"ក្នុងបរិបទពោរពេញដោយគ្រោះថ្នាក់នោះ កម្មាភិបាល យុទ្ធជនទាំងឡាយពេលទទួលភារកិច្ចតែងតែកំណត់​គោលដៅត្រូវតែច្បាមមិត្ត ច្បាមប្រជាជនដើម្បីសម្រេចរួចរាល់ភារកិច្ច។ អាស្រ័យដោយការជួយជ្រោមជ្រែង យកអាសារ ទំនុក​បម្រុង ការពារពីសំណាក់ប្រជាជន កម្ពុជា ដូច្នោះទើប​រហូតដល់ថ្ងៃដកទ័ព មកប្រទេសវិញ កម្មាភិបាល យុទ្ធជនដែលបំពេញប្រេសិតពិសេសបានធ្វើមាតុភូមិនិវត្តន៍ដោយសុខសាន្ត"  លោកវរសេនីយ៍ទោ ថាច់ ថ្លែងប្រាប់​ដូច្នេះ។

ប្រជាជននៅរាជធានីភ្នំពេញអាឡោះអាល័យជូនដំណើរយុទ្ធជនស្ម័គ្រចិត្តវៀតណាមបំពេញ
កាតព្វកិច្ចអន្តរជាតិ ធ្វើដំណើរមាតុភូមិនិវត្តន៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ចែករំលែកអំពីអនុស្សាវរីយ៍មួយដែលមិនងាយបំភ្លេចបានអំពីមនោសញ្ចេតនារបស់ប្រជាជន កម្ពុជា ចំពោះ​កងទ័ព វៀត​ណាម វរសេនីយ៍ទោ ថាច់ បានមានប្រសាសន៍អោយដឹងថា៖ នៅឆ្នាំ ១៩៨៩ ប៉ុន្មានថ្ងៃមុនពេលដកទ័ព​មកប្រទេសវិញ ខ្ញុំចុះទៅកងវរសេនាតូចលេខ ១ ចំណុះរណសិរ្ស ៧៧៩ ដើម្បីបញ្ចប់ការងារដក​ទ័ព​មកប្រទេសវិញ​អោយហើយ។ ប្រធានកងវរសេនាតូចគឺលោក ឡេភឿង (ក្រោយនេះធ្វើជាប្រធាន គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​ខេត្ត ឡុងអាន) រាយការណ៍ថា៖ ប្រជាជនមូលដ្ឋានកំពុងត្រៀមរៀបចំរៀបមង្គលការអោយយុទ្ធជនម្នាក់ក្នុង​អង្គភាព​ជាមួយនារី ខ្មែរ ម្នាក់នៅមូលដ្ឋាន។ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា ប្រជាជននៅទីនេះ​ដឹងស្រាប់ថាកង​ទ័ព វៀតណាម ជិតនឹងវិលត្រឡប់ទៅមាតុប្រទេសវិញហើយ សូម្បីតែបានធ្វើពិធីជប់លៀងលាគ្នាសម្រាប់កង​ទ័ពរួច​ទៅហើយនោះ។ ទោះជាដូច្នេះក៏ដោយ ក្រុមគ្រួសាររបស់កូនក្រមុំក៏នៅតែអោយប្រារព្ធពិធីអាពាហ៍ពិពាហ៍​និងសុខ​ចិត្តទទួលយកតាមការសម្រេចចិត្តរបស់ "កូនប្រសារជាកងទ័ពវៀតណាម"។

ក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩​ កម្មាភិបាល យុទ្ធជននៃយោធភូមិភាគទី ៧ បំពេញ​ភារកិច្ចនៅរណសិរ្ស ៧៧៩ និង ៤៧៩ ក៏ដូចជារណសិរ្ស ៧៧០៨ បានពលីជីវិតចំនួន ១០.២៥៧ រូប រងរបួស ១៨.៩៥៨ រូប។ ដោយបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយសមរភូមិ កម្ពុជា ស្ទើរតែពេញអំឡុងពេលនោះ វរសេនីយ៍​ឯក ហាស៊ន់ថាញ់ អតីតប្រធានគណៈកម្មការកម្មាភិបាលកងវិស្វកម្មកងពលធំលេខ ៤៧៦ បាន ចែក​រំលែកថា៖ ចំពោះ​យុទ្ធជនកងទ័ពស្ម័គ្រចិត្តរបស់ វៀតណាម អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះ​គឺរូបភាពទាំងឡាយក្នុង​ថ្ងៃកងទ័ពប្រជាជនវៀតណាម ដកទ័ពធ្វើមាតុភូមិនិវត្តន៍ មាមីងបងប្អូនប្រជាជន កម្ពុជា ចាស់ ក្មេង ប្រុស ស្រី កុមារា កុមារីគ្រប់ៗ គ្នាបានឈរតម្រៀបគ្នាតាមបណ្តោយផ្លូវដើម្បី ជូនដំណើរកងទ័ពវៀតណាម។

លោកសាស្រ្តាចារ្យ - បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិ​សាស្ត្រទីក្រុង ហូជីមិញ បានអះអាងថា៖ យើងបានបង្ហាញនូវស្មារតីអន្តរជាតិដ៏ឧត្តុង្គឧត្តម។ នៅក្នុងអំឡុងកាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ទាហានខ្មែរក្រហម បានសម្លាប់រង្គាលប្រជាជន កម្ពុជា ដល់ទៅ ២ លាននាក់ វាយប្រហារ​និងសម្លាប់រង្គាលប្រជាជនយើងនៅតាមព្រំដែន។ លទ្ធផលនៃសវនាការតុលាការអន្តរជាតិកាត់ទោសមេដឹកនាំ ខ្មែរ​ក្រហម ក្រោយមកក៏បានបញ្ជាក់ថា សកម្មភាពការពារខ្លួនឯងនិងកាតព្វកិច្ចអន្តរជាតិរបស់ វៀតណាម គឺជាទង្វើដ៏​ស្អាតស្អំបរិសុទ្ធឧត្តុង្គឧត្តមនិងទាន់ពេលវេលា។      
 
នៅក្នុងពិធីសម្ពោធអគារប្រពៃណីនៃទីបញ្ជាការរណសិរ្ស ៧៧៩ (យោធភូមិភាគទី ៧) ត្រូវបានកសាងនៅឃុំ ជីរោទ៍ទី ២ (ពីមុនគឺភូមិ ជប់) ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ លោកឧត្តមសេនីយ៍ ទោ អ៊ីនសែ ដារ៉ា មេបញ្ជាការកងពលតូចលេខ ២១ (យោធភូមិភាគទី ២ កម្ពុជា) បានអោយដឹង ថា៖ ប្រសិនបើរំឭក ឡើងវិញអំពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត វៀត​ណាម ក្នុងការជួយប្រជាជន កម្ពុជា រួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។ យោងតាម លោកលោកឧត្តមសេនីយ៍ទោ អ៊ីនសែ ដារ៉ា កងទ័ពស្ម័គ្រចិត្ត វៀតណាម មិនត្រឹមតែជួយផ្តួលរម្លំរបបខ្មែរក្រហម ប៉ុណ្ណោះទេ នៅថែមទាំងជួយប្រជាជន កម្ពុជា ទប់ស្កាត់ការវិលឡប់មកម្ដងទៀតរបស់របបខ្មៅងងឹតនោះ។

នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ក្នុងឱកាសខួបរំលឹកអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ សង្គ្រាមនៅព្រំប្រទល់ភាគនិរតីនៃមាតុភូមិ រួមជាមួយប្រជាជនកម្ពុជាទទួលជ័យជម្នះរបបប្រល័យ ពូជសាសន៍ ប៉ុលពត(ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ -ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩)គណៈប្រតិភូ កម្មាភិបាលជាន់ខ្ពស់នៃបញ្ជាការដ្ឋានយោធភូមិភាគ ទី ១ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហួតឈាង - មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការ​យោធភូមិ​ភាគ​ទី១ យោធពល ខេមរភូមិន្ទ ធ្វើជាប្រធានគណៈប្រតិភូនិងថ្នាក់ដឹកនាំខេត្តទាំង ៣ គឺខេត្ត រតនគិរីស្ទឹងត្រែង និង មណ្ឌលគីរី - ព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកអុជធូបបូជា​នៅទីបញ្ចុះសព​យុទ្ធជនពលី ឌឹកកើ ខេត្ត យ៉ាឡាយ។ ក្នុងរូបថត៖ប្រតិភូទាំងឡាយអញ្ជើញអុជធូបបូជា​ក្នុងពិធី​រំលឹកវិញ្ញាណក្ខន្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកឧត្តមសេនីយ៍ឯក ជឿនសុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ២ (យោធពលខេមរភូមិន្ទ) បានបញ្ជាក់ថា៖ ប្រសិនបើមិនមានថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនមានថ្ងៃនេះទេ នោះគឺជាសក្ខីកម្មនៃប្រវត្តិសាស្ត្រ ជាការពិតមួយដែលមិនអាចបដិសេធបានឡើយ។ ហេតុដូច្នេះហើយ នាយទាហាន ពលទាហាន យោធភូមិភាគទី ២ ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាព វៀតណាម - កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ អោយ កាន់តែរឹងមាំថែម​ទៀត ប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការប្រឆាំងនឹងការមួលបង្កាច់ ឧបាយកលបំបែកបំបាក់ ប្រកាន់​ពូជ​សាសន៍របស់កម្លាំងអមិត្រជាដាច់ខាត រួមចំណែកពង្រឹង កសាងខ្សែបន្ទាត់ព្រំដែន វៀតណាម - កម្ពុជា អោយក្លាយ​ទៅជាព្រំដែនសន្តិភាព អភិវឌ្ឍន៍ជាមួយគ្នា សាមគ្គីភាពផ្ទៃក្នុងជាមួយប្រជាជន វាយបំបែករាល់ឧបាយកល​ដែលបង្ក​វិនាសកម្មដល់ប្រជាជននៃប្រទេសទាំងពីរ។

ទៀនលឹក - ស៊ន់ឃូ
អត្ថបទទី ៤៖  បញ្ជាក់​អំពី​តួនាទី​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង-សឺនហេង-យ៉ាញ់លើយ-ថេជុង-សេហា-ធីតា


សំណើ