បន្ទាប់ពី អាម៉េរិក ចិន ពិសោធន៍វ៉ាក់សាំង កូវីដ - ១៩ លើមនុស្ស

ពួកអ្នកសិក្សាស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា ចិន បានទទួលការអនុញ្ញាតឲ្យចាប់ផ្តើមការពិសោធន៍ដំណាក់កាលដំបូងនៅសប្តាហ៍នេះ។
ការសាកល្បងវ៉ាកសាំងលើមនុស្សលើកដំបូងបានចាប់ផ្តើមនៅក្រុង ស៊ីអាថល សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៦ខែ មីនា តែពិភពលោកអាចរង់ចាំដល់ ១៨ ខែទៀតទើបមានវ៉ាក់សាំងអាចប្រើបានជាផ្លូវការ


ការពិសោធន៍ដំណាក់កាលទី ១ នេះនឹងពិនិត្យមើលថាតើថ្នាំនេះមានសុវត្ថិភាពលើមនុស្សមានសុខភាពល្អចំនួន ១០៨ នាក់ដែលចូលរួមក្នុងការពិសោធន៍នេះដែរឬទេ។

វាត្រូវធ្វើឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា ចិន រួមនឹងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ហុងកុង CanSino Biologics។

ទោះជាមានព័ត៌មានស្តីពីការពិសោធន៍បង្កើតវ៉ាក់សាំងនៅច្រើនប្រទេស ក៏ពួកអ្នកជំនាញការអង្គការសុខភាពពិភពលោកនិយាយថា គេមិនរំពឹងថាវ៉ាក់សាំងឆ្លងការពិសោធន៍ពេញលេញនិងបានការអនុញ្ញាតឲ្យប្រើផ្លូវការណាមួយនឹងចូលដល់ទីផ្សារនៅមុនពាក់កណ្តាលឆ្នាំក្រោយទេ។

សូមបញ្ជាក់ថា ពួកអ្នកវិទ្យាសាស្ត្រ អាម៉េរិក កាលពីថ្ងៃ ចន្ទ ទី ១៦ ខែ មីនា ក៏បាននិយាយថា ការសាកល្បងវេជ្ជសាស្ត្រមួយត្រូវបានចាប់ផ្តើមឡើងសម្រាប់បង្កើតវ៉ាក់សាំងប្រឆាំងនឹង កូរ៉ូណាវីរុស៕

ដកស្រង់និងកែសម្រួលពី រស្មីកម្ពុជា ដោយ៖  ជ័យពិសិដ្ឋ

សំណើ