ដង្កូវប៉ារ៉ាស៊ីតងាយនឹងឆ្លងប្រសិនបើអ្នកទទួលទានទឹកនិងអាហារមិនស្អាត ព្រមទាំង សាច់ដែលមិនបានចម្អិនឱ្យឆ្អិនល្អមានជាប់ពងដង្កូវប៉ារ៉ាស៊ីត។
ពេលឆ្លងដង្កូវប៉ារ៉ាស៊ីតអ្នកអាចមានអាការៈដូចខាងក្រោម៖
មានអារម្មណ៍អស់កម្លាំង
នេះក៏ព្រោះតែដង្កូវប៉ារ៉ាស៊ីតលួចសារធាតុចិញ្ចឹមពីក្នុងអាហារដែលអ្នកទទួល ទាន។

មានអារម្មណ៍ឃ្លានជាប់ជានិច្ច
ញ៊ាំច្រើនហើយនៅតែឃ្លានជាប់ នេះវាអាចទៅរួចក្នុងពោះវៀនអ្នកកំពុងមានដង្កូវប៉ារ៉ាស៊ីតហើយ។ ដូចបានរៀបរាប់ខាងលើ ដង្កូវប៉ារ៉ាស៊ីតរស់ដោយលួចស៊ីអាហារ ឬសារធាតុចិញ្ចឹមផ្សេងៗ ដែលអ្នកទទួលទាន។ អ្នកក៏ងាយនឹងស្រកទម្ងន់ឥតឈប់ដោយសារដង្កូវទាំងនេះ។
ឧស្សាហ៍ជួបប្រទះបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗ
ដង្កូវប៉ារ៉ាស៊ីតភាគច្រើនស្ថិតក្នុងពោះវៀនដែលនេះហើយជាមូលហេតុដែលអ្នកងាយនឹងជួបប្រទះបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗ ជាប្រចាំរួមបញ្ចូលទាំងអាការៈពិបាករំលាយអាហារ ចង្អោរចង់ក្អួត ឈឺចាប់ក្នុងពោះ លើសហ្គាស ហើម ពោះ រាគឬទល់លាមក។
អារម្មណ៍ល្អធ្លាក់ចុះ
តើអ្នកធ្លាប់ដឹងទេថា សុខភាពពោះវៀនមានឥទ្ធិពលលើអារម្មណ៍? នេះហើយជាមូលហេតុ ដែលការមានដង្កូវប៉ារ៉ាស៊ីតក្នុងពោះវៀនអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត។
លាមកមានផ្ទុកដង្កូវប៉ារ៉ាស៊ីត
នេះជាអាការៈច្បាស់បំផុតមួយបញ្ចាក់ថា អ្នកកំពុងមានដង្កូវប៉ារ៉ាស៊ីតក្នុងខ្លួនហើយ។ វាជាគំនិតដ៏ល្អបំផុតមួយក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិន បើអ្នកសង្ស័យថាមានដង្កូវប៉ារ៉ាស៊ីតក្នុងខ្លួន។
គ្រូពេទ្យនឹងធ្វើតេស្តដើម្បីដឹងថា ដង្កូវប៉ារ៉ាស៊ីតក្នុងពោះអ្នកនោះជាប្រភេទអ្វី។ ការដឹងច្បាស់ពីប្រភេទនៃដង្កូវប៉ារ៉ាស៊ីតណាមួយ គឺសំខាន់ណាស់ដើម្បីអាចព្យាបាលបានត្រឹមត្រូវ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា