មនុស្សយន្ត AI អាចពិនិត្យឃើញជំងឺមហារីកមានប្រសិទ្ធភាពដូចវេជ្ជបណ្ឌិតមនុស្ស

​យោងតាម​វេ​ប​សាយ Daily Star ការសិក្សា​មួយ​របស់ចក្រភព​អង់គ្លេស ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ អា​ឡា​ស្ទែ ដេ​ន​នី​ស្តុ​ន (Alastair Denniston) នៃ​សាកលវិទ្យាល័យ​ មន្ទីរពេទ្យ Birmingham NHS Foundation Trust បាន​លើកឡើងថា បញ្ញា​សិប្បនិម្មិត (AI) ឥឡូវនេះ​អាចមាន​ប្រសិទ្ធភាព​ដូច​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែរ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​។​

មនុស្ស​យន្ត AI មាន​សមត្ថភាព​ពិនិត្យ​ដឹង​ជំងឺមហារីក​ត្រឹមត្រូវ​ប្រហែល​នឹង​មនុស្ស​ដែរ
 
​លោក ​ដេ​ន​នី​ស្តុ​ន​ បាន​និយាយថា “​យើង​បាន​រកឃើញថា ការពិនិត្យ​ស៊ីជម្រៅ​របស់​មនុស្ស​យន្ត​អាច​រកឃើញ​ជំងឺ​ផ្សេងៗ ​ចាប់ពី​ជំងឺមហារីក​រហូតដល់​ជំងឺ​ភ្នែក​បានច្បាស់លាស់​ដូច​អ្នកជំនាញ​សុខភាព​ដែរ​។ ការពិនិត្យ​ឡើងវិញរ​បស់​យើង​បាន​រកឃើញថា លទ្ធផល​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​របស់​មនុស្ស​យន្ត​ដែល​ពិនិត្យ​តាមដាន​ស៊ីជម្រៅ​គឺមាន​សមត្ថភាព​ស្មើនឹង​អ្នកជំនាញ​សុខភាព​ដែរ​”​។​

​នៅក្នុង​ដំណើរការ​នៃ​ការសិក្សា មនុស្ស​យន្ត​បានធ្វើ​ការងារ​ល្អប្រសើរ​ជាង​មនុស្ស​។ ការសិក្សាដែល​បាន​ពិនិត្យមើល​ទិន្នន័យ​ពី​ការសាកល្បង​ចំនួន ១៤ បាន​រកឃើញថា មនុស្ស​យន្ត AI បាន​រកឃើញ​ជំងឺមហារីក​យ៉ាង​ត្រឹមត្រូវ​ជាង ៨៧ ភាគរយ ធៀប​នឹង​មនុស្ស​រកឃើញ​ជំងឺមហារីក​បាន​ត្រឹម​ត្រូវតែ ៨៦ ភាគរយ​ប៉ុណ្ណោះ​។

មនុស្ស​យន្ត​ក៏បាន​ចាត់​ថា​មនុស្ស​គ្មាន​ជំងឺមហារីក​បាន​ត្រឹមត្រូវ ៩៣ ភាគរយ​ផងដែរ គឺ​នៅតែ​ច្រើនជាង​វេជ្ជបណ្ឌិត ដែលមាន​អត្រា​ត្រឹម ៩១ ភាគរយ​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី


សំណើ