រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេស លោក ម៉ាត ហានខុក មានប្រសាសន៍កាល ពីថ្ងៃពុធ (ថ្ងៃទី ២៣ ខែ ធ្នូ) ថា៖ ការបំលែងខ្លួនថ្មីនៃវីរុសកូរ៉ូណាដែលកាន់តែឆ្លងខ្លាំងជាងមុន ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ក្នុងករណីឆ្លងជាច្រើនដែលមានទំនាក់ទំនងជាមួយ អាហ្វ្រិកខាងត្បូង។

មេរោគកូរ៉ូណាបំលែងរូបថ្មីមួយទៀតរកឃើញនៅអង់គ្លេស ហើយឆ្លងរឹតតែខ្លាំងជាងមុន
ក្រសួងសុខាភិបាល អាហ្វ្រិកខាងត្បូង បានប្រាប់កាលពីសប្តាហ៍មុនថាការប្រែប្រួលហ្សែនថ្មីនៃវីរុសកូរ៉ូណាត្រូវបានរកឃើញហើយអាចទទួលខុសត្រូវចំពោះការកើនឡើងនៃករណីឆ្លងថ្មីៗ នៅទីនោះ។
លោក ហានខុក បានប្រាប់សន្និសីទសារព័ត៌មានថា៖ "ដោយសារសមត្ថភាពផ្នែកហ្សែនរបស់ អាហ្វ្រិកខាងត្បូង យើងបានរកឃើញវីរុសកូរ៉ូណាបំលែងខ្លួនថ្មីចំនួន ២ ករណីផ្សេងទៀតនៅ ចក្រភពអង់គ្លេស"។
លោកបន្តថា៖ "អ្នកទាំងពីរគឺជាអ្នកទាក់ទងករណីដែលបានធ្វើដំណើរពី អាហ្វ្រិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ"។
ចក្រភពអង់គ្លេស កំពុងព្យាយាមរួចជាស្រេចដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាប្រែរូបរាងថ្មី ដែលអាចឆ្លងខ្លាំងជាងមុន ៧០ ភាគរយ ហើយការសិក្សាច្រើនទៀតកំពុងធ្វើឡើងលើការប្លែងខ្លួនរបស់វីរុសថ្មីនេះ។
លោក ហានខុក និយាយថា៖ "មេរោគកូរ៉ូណាបំលែងខ្លួនថ្មីនេះគឺគួរឱ្យបារម្ភខ្លាំង ពីព្រោះវាឆ្លងរឹតតែខ្លាំងជាងមុន ហើយវាទំនងប្រែរូបខ្លាំងជាងវីរុសប្រភេទមុនដែលបានរកឃើញនៅចក្រភពអង់គ្លេស”៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា