ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន
ក្នុងរយៈពេលថ្មីៗ កន្លងទៅ ប្រជាកសិករជាច្រើនក្រុមគ្រួសារនៅតាមបណ្ដាស្រុក ថាបមឿយ កាវឡាញ់ តាមណុង និង ថាញ់ប៊ិញ (ខេត្ត ដុងថាប) បានពង្រីកយ៉ាងខ្លាំងក្លាគំរូចិញ្ចឹមទាយកពងលក់ កែលម្អប្រាក់ចំណូលយ៉ាងច្បាស់ក្រឡែត។

ឆ្លៀតទាញយកផលពីប្រព័ន្ធព្រែក ប្រឡាយ វាលស្រែ... ក្នុងអំឡុងពេលជាង ១០ ឆ្នាំកន្លងទៅ អ្នកស្រី ង្វៀន ធីត្រាង នៅឃុំ ភូលើយ ស្រុក ថាញ់ ប៊ិញ បានចិញ្ចឹមទាតាមបែបផែនបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់តាមរដូវ។
អាស្រ័យដោយប្រភពចំណីដែលមានស្រាប់ដូចជាស្រូវជ្រុះខ្ចាយក្រោយពេលប្រមូលផល ត្រី កំពឹស បង្គា ក្តាម។ល។
ហើយក៏មិនត្រូវវិនិយោគច្រើនពេកទៅលើទ្រុងក្រោលនោះទេ បានជាគ្រួសារអ្នកស្រី ត្រាង សន្សំសំចៃចំណាយក្នុងការចិញ្ចឹមបានច្រើនជាបង្គួរ។

រហូតមកទល់ពេលនេះ ក្រុមគ្រួសារអ្នកស្រី ត្រាង មានហ្វូងទាចំនួន ៣.០០០ ក្បាល ផ្តល់ពងចំនួន ២.០០០ គ្រាប់ក្នុងមួយថ្ងៃទទួលបានប្រាក់ចំណេញជាង ១ លានដុង។
ប្រជាកសិករជាច្រើនក្រុមគ្រួសារនៅស្រុក ថាបមឿយ ក៏កំពុងផ្តោតទៅ លើការអភិវឌ្ឍហ្វូងទាយកពងតាមទិសដៅផលិតកម្មលក្ខណៈពាណិជ្ជកម្ម។
យោងតាមលោក ឡេ វ៉ាន់ង៉ត អនុប្រធានណៈកម្មាធិការប្រជាជនស្រុក ថាបមឿយ នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកមានហ្វូងទាសរុបជាង ៧៣.០០០ ក្បាលនិងក្រុមសហការចំនួន ៣ ចិញ្ចឹមទាជិត ៩៤.០០០ ក្បាល ផ្តល់បរិមាណផលពងជិត ២០ លានគ្រាប់ក្នុងមួយឆ្នាំ។

ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន៕
អត្ថបទនិងរូបថត៖ ង្វៀន វ៉ាន់ទ្រី - ចឿងដាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ