អញ្ជើញមកកាន់ស្រុក ចូវថាញ់ ខេត្ត ត្រាវិញ នៅអំឡុងថ្ងៃនេះ នៅទីណាក្តីក៏ពោរពេញទៅដោយបរិយាកាសទទួលនិទាឃរដូវ។ នៅឃុំជនបទថ្មី ដាឡុក មានប្រជាជនជិត ៣.៦០០ ក្រុមគ្រួសារ ជាង ៧៣% ជាបងប្អូនជនជាតិ ខ្មែរ ភូមិស្រុកហាក់ដូចជាផ្លាស់ប្តូរមុខមាត់ គ្របដណ្តប់លើខ្លួន "សំពត់អាវថ្មី" ដោយមានដងផ្លូវបេតុងត្រង់ៗ ភ្លឹង ផ្ទះសម្បែងធំទូលាយ ជំនួសឱ្យផ្ទះឫស្សី ដំបូលប្រក់ស្លឹកបណ្តោះអាសន្ន។

លោកស្រី ដុង ង៉ុកទូ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាឡុក បានឲ្យដឹងថា៖ រាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បានជ្រួតជ្រាបទៅក្នុងជីវភាព បង្កើតការវិវត្តយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ដោយមានការស្រុះចិត្តស្រុះគំនិតពីប្រជាជន ការចូលរួមកសាងជនបទថ្មីយ៉ាងសកម្ម ជីវភាពបងប្អូនជនជាតិ ខ្មែរ ក្នុងឃុំត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ មុខមាត់ជនបទប្រសើរឡើងឥតឈប់ឈរ។

បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមក្នុងមួយឆ្នាំរបស់ប្រជាជនឃុំ ដាឡុក សម្រេចបានជិត ៦២ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំកើនឡើងចំនួន ១១,៦% លានដុងក្នុងមនុស្សម្នាក់បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ទូទាំងឃុំនៅត្រឹមតែចំនួន ៥៤ ក្រុមគ្រួសារក្រីក្រប៉ុណ្ណោះ ថយចុះចំនួន ៥១៥ ក្រុមគ្រួសារក្រីក្របើប្រៀបធៀបនឹងឆ្នាំ ២០២០។

លោក ហ្វ៊ិញ គីមញ៉ឹន នាយករងនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ត្រាវិញ ផ្តល់ព័ត៌មាន ក្រោយរយៈពេល ១៣ ឆ្នាំរៀបចំដំណើរការអនុវត្ត ថវិកាត្រូវបានកៀរគរជាង ២៧.៤០០ ពាន់លានដុង កម្មវិធីកសាងជនបទថ្មីបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យផ្លាស់ប្តូរមុខមាត់តំបន់ជនបទ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមត្រូវបានសុក្រឹតកម្ម ស៊ីចង្វាក់នឹងគ្នាទាំងស្រុក ជាពិសេសគឺប្រព័ន្ធគមនាគមន៍ សាលារៀន អគារវប្បធម៌ និងសំណង់សុខុមាលភាពសាធារណៈទាំងឡាយ។

រហូតមកទល់ពេលនេះ ឃុំចំនួន ៨៥ ក្នុងចំណោម ៨៥ ឃុំក្នុងខេត្តត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មីតំបន់បងប្អូនជនជាតិ ខ្មែរ ចំនួន ៥៩ ឃុំជនបទថ្មីលើកកម្ពស់ចំនួន ៥១ ឃុំជនបទថ្មីគំរូចំនួន ៩ ស្រុក ទីរួមខេត្ត ទីក្រុងចំនួន ៩ ក្នុងចំណោម ៩ ស្រុក ទីរួមខេត្ត ទីក្រុងត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចស្តង់ដារនិងបំពេញរួចរាល់នូវភារកិច្ចកសាងជនបទថ្មី។ ពីរស្រុក កូវកែ និង តៀវកឹន សម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់។ ប្រាក់ចំណូលមធ្យមក្នុងមួយឆ្នាំតំបន់ជនបទខេត្ត ត្រាវិញ ត្រឹមពីជាង ១៩ លានដុងក្នុងមនុស្សម្នាក់ (ឆ្នាំ ២០១០) ក្នុងមួយឆ្នាំ កើនឡើងជិត ៧០ លានដុងក្នុងមនុស្សម្នាក់ (ឆ្នាំ ២០២៣)។ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងឆាប់ ពីចំនួន ២៣,៦% ឆ្នាំ ២០១០ ចុះនៅប្រហែល ១,១៩% ឆ្នាំ ២០២៣។ គម្លាតនៃការអភិវឌ្ឍរវាងជនបទនិងទីក្រុងត្រូវបានបង្រួញពីមួយជំហានទៅមួយជំហាន។ល។

បច្ចុប្បន្ននេះ ខេត្ត ត្រាវិញ បានបញ្ចប់កម្មវិធីកសាងជនបទថ្មីស្ទើរតែទាំងស្រុង។ លទ្ធផល ដ៏គួរឲ្យចាប់អារម្មណ៍នេះមានការរួមចំណែកយ៉ាងសំខាន់របស់បងប្អូនជនជាតិ ខ្មែរ ជាពិសេស គឺព្រះសង្ឃ។ វត្តទក្ខិណនិកាយចំនួន ១៤៣ ជាយូរមកហើយបានក្លាយជាអាសយដ្ឋានដើម្បីព្រះចៅអធិការវត្តឃោសនាគោលនយោបាយរបស់បក្សនិងរដ្ឋប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺកម្មវិធីកសាងជនបទថ្មីជូនបងប្អូនជនជាតិ ខ្មែរ។
ខេត្ត ត្រាវិញ សម្រេចគោលដៅដល់ឆ្នាំ ២០២៩ ចំនួន ១០០% បណ្តាឃុំមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់ ប្តេជ្ញាចិត្តរួមកម្លាំងរួមចិត្តគំនិតគ្នាសម្រេចជោគជ័យនូវបំណងប្រាថ្នា "កសាងខេត្ត ត្រាវិញ សម្បូណ៌រុងរឿង សុភមង្គលក្លាយជាខេត្តអភិវឌ្ឍក្នុងក្រុមនាំមុខគេនៃតំបន់វាលទំនាបទន្លេ គឺវឡុង មុនឆ្នាំ ២០៣០"៕
អត្ថបទ៖ ថាញ់ហ្វា រូបថត៖ អានហៀវ - ថាញ់ហ្វា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់