ផ្សារទំនើបនោះ ត្រូវបានបំពាក់ដោយម៉ាស៊ីនស្កែនមុខចំនួន ២ គ្រឿង៖ មួយគឺការទូទាត់តាមការស្កែនមុខរបស់ Alipay និងមួយទៀតគឺការទូទាត់តាមការស្កែនមុខរបស់កម្មវិធី WeChat។
 |
កម្មវិធីសម្គាល់ផ្ទៃមុខកំពុងផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ចិន |
បន្ទាប់ពីជជែកលេងជាមួយក្រុមគ្រួសារ លោកស្រី ចាវ ដែលរស់នៅទីក្រុង ជីណាន នៃខេត្ត សានទុង ភាគខាងកើតប្រទេស ចិន បានដឹងថា កម្មវិធីសម្គាល់ផ្ទៃមុខត្រូវបានអនុវត្តមិនត្រឹមតែក្នុងការដើរទិញអីវ៉ាន់ប៉ុណ្ណោះទេ នៅថែមទាំងលើវិស័យផ្សេងៗ ទៀតដូចជា ការដឹកជញ្ជូន ប្រតិបត្ដិការហិរញ្ញវត្ថុនិងការព្យាបាលជំងឺ។ កូនប្រុសរបស់លោកស្រីបានប្រាប់គាត់ថា “សម័យកាលស្កែនផ្ទៃមុខកំពុងមកដល់ហើយ”។ កម្មវិធីសម្គាល់ផ្ទៃមុខដែលជាបច្ចេកវិជ្ជាផ្អែកលើការសម្គាល់ទម្រង់មុខមាត់របស់មនុស្សគឺជាបច្ចេកវិជ្ជាដែលមានភាពចាស់ទុំបំផុតនៅក្នុងយុគសម័យប្រាជ្ញាសិប្បនិម្មិត (AI) ជាមួយកម្មវិធីភាគច្រើនបំផុតកំពុងផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជននៅប្រទេស ចិន។ កាលពីថ្ងៃទី ១ ខែ មេសា អ្នកដំណើរនៅទីក្រុង ជីណាន បានចាប់ផ្តើមទទួលបានភាពងាយស្រួលនិងរហ័សបំផុតដើម្បីចូលទៅស្ថានីយរថភ្លើងក្រោមដីដោយគ្រាន់តែញញឹមនៅលើអេក្រង់ដើម្បីដោះសោច្រកទ្វារអគ្គិសនីជំនួសឱ្យការប្រើប្រាស់សំបុត្រ ឬការចុចវាសលើទូរស័ព្ទទំនើបរបស់ពួកគេ។ កម្មវិធីទូរស័ព្ទឈ្មោះថា “Jinan Metro” ទទួលខុសត្រូវចំពោះការប្រមូលរូបភាពរបស់អ្នកប្រើ។ ប្រព័ន្ធសម្គាល់ផ្ទៃមុខនេះអាចឱ្យមនុស្ស ៣៣ នាក់ឆ្លងកាត់ច្រកចូលរៀងរាល់មួយនាទីម្តងខណៈមនុស្សតែ ២០ នាក់ប៉ុណ្ណោះអាចឆ្លងកាត់តាមសេវាកម្មប្រពៃណីផ្សេងទៀត។ កម្មវិធីសម្គាល់ផ្ទៃមុខត្រូវបានណែនាំបន្តិចម្តងៗ ដល់សាធារណជន ចិន បន្ទាប់ពីកីឡាអូឡាំពិកក្រុង ប៉េកាំង ឆ្នាំ ២០០៨។ ចាប់តាំងពីឆ្នាំ ២០១៥ មក បច្ចេកវិជ្ជានេះត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងវិស័យកិច្ចការរដ្ឋាភិបាលហិរញ្ញវត្ថុនិងការលក់រាយ។ ក្រុមហ៊ុនអ៊ីនធឺណេតយក្សជាច្រើននៅក្នុងប្រទេស ចិន ក៏កំពុងតែជំរុញការប្រើប្រាស់កម្មវិធីសម្គាល់មុខមាត់ផងដែរ។ កម្មវិធីសម្គាល់ផ្ទៃមុខរះត្រចង់បំផុតគឺនៅក្នុងវិស័យសន្តិសុខ។ តាំងពីឆ្នាំមុនមក ជនរត់ចោលស្រុករាប់សិបនាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិសជាមួយការជួយពីបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខនៅឯកម្មវិធីប្រគុំតន្ត្រីរបស់តារាចម្រៀង ប៉ុប នៅទីក្រុង ណានចាង ទីក្រុង ស៊ាស៊ីង និង ទីក្រុង កានចូវ៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា