វ៉ាក់សាំង កូវីដ-១៩ ដែលមានប្រសិទ្ធភាព កំពុងមានកាន់តែខ្ពស់ឡើង ខណៈវ៉ាក់សាំងចំនួនពីរនៅ ចក្រភពអង់គ្លេស និង សហរដ្ឋអាម៉េរិក បានបង្ហាញលទ្ធផលគួរជាទីរំពឹងនៅក្នុងការពិសោធន៍ដំណាក់កាលដំបូង។

វ៉ាក់សាំងសាកល្បងរបស់ អាម៉េរិក និងអង់គ្លេសបង្ហាញប្រសិទ្ធភាព
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ អក់ស្វត និងក្រុមហ៊ុនឱសថអាម៉េរិក Moderna បានបង្ហាញថា មនុស្សនៅក្នុងការសិក្សារបស់ពួកគេកំពុងបង្ហាញសញ្ញានៃភាពស៊ាំ។
ក្រុមស្រាវជ្រាវរបស់ប្រទេសនីមួយៗ បានកំពុងធ្វើការនៅកន្លែងពិសោធន៍ដាច់ដោយឡែកពីគ្នាអស់រយៈពេលជាច្រើនខែ ដើម្បីព្យាយាមការពារមនុស្សរាប់លាននាក់ពីការឆ្លងមេរោគកូរ៉ូណា។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យអក់ស្វតបាននិយាយរួចហើយថា ពួកគេមានភាពជឿជាក់ ៨០% ថា ពួកគេនឹងអាចផលិតវ៉ាក់សាំងបាននៅត្រឹមខែ កញ្ញា នេះ។
មនុស្សដែលត្រូវបានចាក់វ៉ាក់សាំងនៅ អក់ស្វត បានកំពុងបង្កើតអង្គបដិប្រាណនិងកោសិកាឈាមសហៅថាកោសិកា “T” ដែលនឹងជួយឱ្យរាងកាយរបស់ពួកគេប្រយុទ្ធប្រឆាំងនឹង វីរុសកូរ៉ូណា ប្រសិនបើពួកគេឆ្លងមេរោគនេះ។
ចំណែកឯក្រុមអ្នកជំនាញនៅក្រុមហ៊ុន Moderna ដែលមានមូលដ្ឋាននៅទីក្រុង ខេមប្រ៊ីច រដ្ឋ ម៉ាសាឈូសេត បាននិយាយថា អ្នកចូលរួមក្នុងការសាកល្បងវ៉ាក់សាំងផ្សេងៗ របស់ពួកគេទាំងអស់សុទ្ធតែបង្កើតអង្គបដិប្រាណដោយជោគជ័យ។
ខណៈការស្រាវជ្រាវដំបូងៗ ផ្តោតលើអង្គបដិប្រាណ ក្រុមអ្នកវិទ្យាសាស្ត្រ ឥឡូវកំពុងងាកទៅរកប្រភេទនៃភាពស៊ាំមួយហៅថា កោសិកាភាពស៊ាំ “T” ដែលគ្រប់គ្រងដោយកោសិកាឈាមស និងបានបង្ហាញសញ្ញាគួរជាទីរំពឹង។
ប្រភពមួយនៅក្នុងគម្រោងផលិតវ៉ាក់សាំងរបស់សាកលវិទ្យាល័យអក់ស្វត បានប្រាប់ប្រាប់ថា “ចំណុចសំខាន់ដែលត្រូវចងចាំគឺថាមានវិមាត្រពីរចំពោះការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គឺអង្គបដិប្រាណ និង កោសិកា T។ គ្រប់គ្នាផ្តោតសំខាន់លើអង្គបដិប្រាណ ប៉ុន្តែមានភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា ការឆ្លើយតបរបស់កោសិកា T មានសារសំខាន់ក្នុងការការពារប្រឆាំងនឹងមេរោគកូរ៉ូណាដូចគ្នា”៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី