អាជ្ញាធរ អាម៉េរិក កាលពីខែ សីហា កន្លងទៅ បានប្រកាសបន្ទាន់អនុញ្ញាតឱ្យវេជ្ជបណ្ឌិតប្រើប្រាស់ប្លាស្មាឈាម (ទឹកឈាមពណ៌លឿង) បានពីអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយដើម្បីព្យាបាលជំងឺដ៏កាចសាហាវដែលបានសម្លាប់មនុស្សអស់ជាង ១៧៦.០០០ នាក់នៅក្នុងទឹកដី សហរដ្ឋអាម៉េរិក។

រដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា ភស្តុតាងដំបូងៗ បង្ហាញថាប្លាស្មាឈាម អាចបន្ថយការស្លាប់ដោយកូវីដ - ១៩ និងធ្វើអោយសុខភាពរបស់អ្នកជំងឺល្អប្រសើរ
ចំណាត់ការដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នេះធ្វើឡើងស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមសម្ពាធកាន់តែខ្លាំងឡើងដែលជំរុញឱ្យលោកចាត់វិធានការទប់ការឆ្លងរាតត្បាតនេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះនិងធ្វើឱ្យអនាគតរបស់លោកស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងការឈរឈ្មោះបោះឆ្នោតឡើងនៅ ខែ វិច្ឆិកា ខាងមុខនេះ។
យោងតាមការសិក្សាវេជ្ជសាស្ត្របង្ហាញថា ប្លាស្មាឈាមគឺជាធាតុរាវនៃឈាមដែលមានពណ៌លឿងថ្លា ហើយប្រមាណ ៥៥% នៃឈាមក្នុងខ្លួនរបស់ខ្លួនមនុស្សយើងជាប្លាស្មា ចំណែកឯ ៤៥% ទៀតជាកោសិកាឈាមក្រហម កោសិកាឈាមសនិងប្លាកែត។
គេជឿថាប្លាស្មាផ្ទុកអង់ទីគ័រឬប្រព័ន្ធការពាររាងកាយដ៏រឹងមាំ ដែលអាចប្រយុទ្ធប្រឆាំងជំងឺកូវីដ - ១៩ បានឆាប់រហ័សជាងធម្មតានិងជួយការពារអ្នកជំងឺពីការមានអាការៈធ្ងន់ធ្ងរផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី