កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី Doubel Mutant នៅប្រទេស ឥណ្ឌា

កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី Doubel Mutant នៅប្រទេស ឥណ្ឌា

ជាធម្មតា វីរុសតែងតែបំប្លែងខ្លួនបន្តិចម្តងៗ នៅពេលវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ភាគច្រើននៃការបំប្លែងទម្រង់នៃកូរ៉ូណាវីរុសគឺមិនសំខាន់ឡើយ ហើយក៏មិនធ្វើឱ្យប៉ះពាល់របៀបឆ្លងដែរ ប៉ុន្តែក្នុងករណីខ្លះការបំប្លែងខ្លួននៃកូរ៉ូណាវីរុសអាចឆ្លងខ្លាំងជាងមុនធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងន់ ឬអាចគេចពីប្រព័ន្ធការពារជាដើម។

កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី Doubel Mutant នៅប្រទេស ឥណ្ឌា ảnh 1

រូបភាព៖ Reuter

ថ្មីៗ នេះ រដ្ឋាភិបាល ឥណ្ឌា បានប្រកាសរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនៅក្នុងរដ្ឋ Maharashtra ដែលអាចឆ្លងខ្លាំងជាមុននិងអាចគេចពីប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន។ កូរ៉ូណាវីរុសដែលត្រូវបានរកឃើញនេះ មានទម្រង់ Double Mutant។ 

កូរ៉ូណាវីរុសបំប្លែងខ្លួនដែលមានទម្រង់ Double Mutant នេះ ត្រូវបានរកឃើញក្នុរដ្ឋ Maharashtra របស់ ឥណ្ឌា។ Double Mutant កើតឡើងដោយសារតែការរួមបញ្ជូលគ្នានៃកូរ៉ូណាវីរុសបំប្លែងខ្លួនទម្រង់ E484Q និងទម្រង់L452R។

ទម្រង់កូរ៉ូណាវីរុសដែលបំប្លែងខ្លួនទាំងពីរប្រភេទនេះត្រូវបានអ្នកជំនាញប្រដូចទៅទម្រង់កូរ៉ូណាវីរុសដែលបំប្លែងខ្លួននៅ អាហ្រ្វិកខាងត្បូង (B.1.351) ប្រេស៊ីល (P.1) និង អាមេរិក (B.1.427 ឬ B.1.429) ជាដើម។ 

មកទល់ពេលនេះ អាជ្ញាធរ ឥណ្ឌា មិនទាន់ច្បាស់នៅឡើយទេថាតើវីរុសទម្រង់ថ្មីនេះអាចបន្ថយប្រសិទ្ធភាពថ្នាំពេទ្យ ឬវ៉ាក់សាំងចំនួនពីរប្រភេទដែលត្រូវបានអនុម័តនៅប្រទេស ឥណ្ឌា។ 

ករណីបំប្លែងខ្លួន Double Mutant ឬការរួបបញ្ជូលនៃកូរ៉ូណាវីរុសបំប្លែងខ្លួនទម្រង់ E484Q និងទម្រង់ L452R មិនមែនជារឿងកម្រទេ។

នៅពេលផ្ទុះកូរ៉ូណាវីរុសដំបូងឡើយ ទម្រង់វីរុសមួយនេះមានតែមួយប៉ុណ្ណោះ គឺ D614G ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ករណីបំប្លែងខ្លួនគឺមានស្ទើរគ្រប់ទីកន្លែង ដោយសារតែករណីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ 

នៅក្នុងការប្រៀបធៀបមួយ អ្នកជំនាញបានអះអាងថា កូរ៉ូណាវីរុសបំប្លែងខ្លួននៅ ឥណ្ឌា ប្រភេទនេះមានការរួមបញ្ជូលនៃកូរ៉ូណាវីរុសបំប្លែងខ្លួនតិចណាស់ បើ ធៀបនឹងកូរ៉ូណាវីរុសដែលបំប្លែងខ្លួននៅ អង់គ្លេស។

លោកវេជ្ជបណ្ឌិត Jeremy Kamil អ្នកជំនាញវីរុសនៅសកលវិទ្យាល័យរដ្ឋ Louisiana នៃវិទ្យាសាស្រ្តសុខាភិបាលបានអះអាងថា ទម្រង់កូរ៉ូណាវីរុសនៅ អង់គ្លេស ដែលប្រមូលនៅក្នុងខែ មីនា គឺមានការរួមបញ្ជូលនៃកូរ៉ូណាវីរុសដែលបំប្លែងខ្លួនរហូតដល់ ៩ ឯណោះ ហើយនោះវាជាចំនួនដ៏ច្រើនមួយ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនឹងសិក្សាកូរ៉ូណាវីរុសបំប្លែងខ្លួន Double Mutant បន្ថែមទៀត។ 

ក្នុងករណីបំប្លែងខ្លួនខ្លះ វាអាចធ្វើឱ្យកូរ៉ូណាវីរុសអាចឆ្លងកាន់តែខ្លាំងជាងមុខនិងអាចគេចពីប្រព័ន្ធភាពស៊ាំនិងធ្វើឱ្យមនុស្សផ្ទុកជំងឺកូវីដ-១៩ ឬឆ្លងសារជាថ្មី។

ប៉ុន្តែក្នុងករណីឆ្លងកូរ៉ូណាវីរុសជាលើកទីពីរ កូរ៉ូណាវីរុសមិនអាចធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរឡើយ លើកលែងតែអ្នកមិនធ្លាប់ឆ្លងកូវីដ-១៩ ប៉ុណ្ណោះដែលមានហានិភ័យខ្ពស់។ 

ចំណែកករណីកូរ៉ូណាវីរុសបំប្លែងថ្មីនៅ ឥណ្ឌា នេះវិញ លោកវេជ្ជបណ្ឌិត Kamil បានអះអាងថា ប្រសិនទម្រង់ Double Mutant អាចគេចពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស វាអាចបណ្តុះភាពស៊ាំជាសហគមន៍បាន ប៉ុន្តែវាក៏បណ្តាលឱ្យមានមនុស្សជាច្រើន រងគ្រោះផងដែរ។

ទន្ទឹមនេះ លោក Kamil បន្តថា មិនដូចវីរុសផ្សេងទៀតឡើយ កូរ៉ូណាវីរុសនៅ ឥណ្ឌា ទំនងជាមិនអាចបង្កឱ្យអត្រាស្លាប់ខ្លាំងជាមុនឡើយ ឬមិនអាចឆ្លងខ្លាំងជាមុនឡើយ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតក៏បានអះអាងផងដែរថា ត្រូវការទិន្នន័យបន្ថែមដើម្បីវិភាគលើស្ថានភាពរបស់ទម្រង់វីរុសមួយនេះ។ 

នៅថ្ងៃទី ២៤ ខែ មីនា ឥណ្ឌា បានរាយការណ៍ករណីឆ្លងចំនួន ៤៧.២៦២ ករណីនិងអ្នកស្លាប់ ២៧៥។ ករណីឆ្លងនេះគឺជាចំនួនខ្ពស់បំផុតរបស់ ឥណ្ឌា នៅក្នុងឆ្នាំ ២០២១ នេះ។ ដ្បិតជាចំនួនដ៏ខ្ពស់ ប៉ុន្តែកូរ៉ូណាវីរុសទម្រង់ Double Mutant មិន មែនបង្កឱ្យករណីឆ្លងនៅ ឥណ្ឌា កើនខ្ពស់ឡើយ។

លោកវេជ្ជបណ្ឌិត Rakesh Mishra ប្រធានមជ្ឈមណ្ឌលកោសិកានិងជីវសាស្រ្តបានអះអាងថា ករណីកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះគឺមានតែ ២០ ភាគរយប៉ុណ្ណោះឬ ២៣០ ករណីនៅក្នុងរដ្ឋ Maharashtra ខណៈ ៨០ ភាគរយនៃករណីឆ្លងមិនមានពាក់ព័ន្ធនឹងទម្រង់កូរ៉ូណាវីរុសថ្មីនេះឡើយ។

យ៉ាងណាមិញ អ្នកជំនាញក៏ព្រមានផងដែរថា រ៉ូណាវីរុសទម្រង់ Double Mutant អាចបង្កឱ្យមានករណីឆ្លងខ្លាំងនៅពេលខាងមុខ។ 

ចំណែកលោកវេជ្ជបណ្ឌិត Kamil បានអះអាងថា ទម្រង់កូរ៉ូណាវីរុសរបស់ អង់គ្លេស គឺជាអ្វីដែលត្រូវបារម្ភ ព្រោះវាមានករណីឆ្លងខ្លាំងជាងមុនច្រើនជាង ៥០ ភាគរយនិងមានអត្រាស្លាប់ច្រើនជាងមុន ៦០ ភាគរយ។

ម្យ៉ាងវីរុសទម្រង់ថ្មីនេះមិនទាន់ចាត់ទុកជាទម្រង់កូរ៉ូណាវីរុសដែលគួរឱ្យបារម្ភដូច អង់គ្លេស ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Kamil បានអះអាងថា មិនមែនតែវីរុសឆ្លងខ្លាំងទេ ប៉ុន្តែសកម្មភាពមនុស្សក៏ជាហេតុផលមួយធ្វើឱ្យមានការរីកសាយនៃកូរ៉ូណាវីរុសផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍