ធ្វើការ​លើស ១០ ម៉ោង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ហានិភ័យ​នៃបញ្ហាសុខភាព

ធ្វើការ​លើស ១០ ម៉ោង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ហានិភ័យ​នៃបញ្ហាសុខភាព

ប្រសិនបើអ្នកកំពុងចំណាយពេលធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ នោះអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនហើយ។

ជំងឺធ្លាក់ទឹកចិត្ត (Depression)
ការធ្វើការច្រើនជាងពី ៧ ឬ ៨ ម៉ោងក្នុងមួយថ្ងៃ អាចបង្កើនហានភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តគួរឱ្យបារម្ភ។ អ្នកជំនាញជាច្រើននិយាយថា បញ្ហានេះអាចកើតឡើងដោយសារការបាត់បង់ពេលវេលាដើម្បីចំណាយជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមិនធ្វើលំហាត់ប្រាណផងដែរ។

ធ្វើការ​លើស ១០ ម៉ោង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ហានិភ័យ​នៃបញ្ហាសុខភាព ảnh 1

ជំងឺគេងមិនលក់
ការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការ National Sleep Foundation បានបង្ហាញថា ច្រើនជាង ២០% នៃអ្នកដែលចំណាយពេលច្រើនជាង ៥០ ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងធ្វើការ ពិបាកគេងបានដល់ ៦ ម៉ោងណាស់នៅពេលយប់។

អ្វីដែលគួរឱ្យបារម្ភនោះ គឺការគេងមិនគ្រប់អាចបង្កបញ្ហាសុខភាពផ្សេងៗ ចាប់ពីភាពប្រែប្រួលនៃអារម្មណ៍ធាត់ជ្រុលដល់ជំងឺបេះដូង។

ស្ត្រេស
ការងារច្រើនរួមផ្សំនឹងកត្តាផ្សេងទៀតដូចជាគូប្រជែងនៅកន្លែងធ្វើការ ព្រមទាំងការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍តានតឹងខ្លាំង។

ស្ត្រេសឬភាពតានតឹងក្នុងអារម្មណ៍រ៉ាំរ៉ៃ អាចបណ្ដាលឱ្យរាងកាយមានផ្ទុកពោរពេញទៅដោយអ័រម៉ូនដែលជះផលប៉ះពាល់ដល់ទម្ងន់ សម្ពាធឈាម អារម្មណ៍ រូបរាង និងសុខភាពបេះដូង។

បញ្ហាភ្នែក
ការអានរបាយការណ៍ ការទទួលនិងផ្ញើសារ ឬអ៊ីម៉ែលឆ្លើយឆ្លងតាមរយៈទូរសព្ទឬក៏សម្លឹងមើលអេក្រង់កុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃដាក់សម្ពាធខ្លាំងដល់ភ្នែករបស់អ្នកផងដែរ។

បញ្ហាសុខភាពច្រើនផ្សេងទៀតដែលផ្សារភ្ជាប់នឹងការអង្គុយច្រើនពេក
ការចំណាយពេលច្រើនរាប់ម៉ោងជាប្រចាំក្នុងការិយាល័យ ឬកន្លែងធ្វើការអាចបណ្ដាលឱ្យអ្នកអង្គុយច្រើនជាងធ្វើលំហាត់ប្រាណ។ ហើយនេះជាមូលហេតុដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពូជាដោយ៖ ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍