ទំនងជាការហោះហើរដ៏ឡូយអស្ចារ្យ តែក្រុមហ៊ុន ជប៉ុន មួយបានឲ្យដឹងថា ខ្លួនកាន់តែខិតជិតការផលិតរថយន្ដហោះមែនទែនហើយ ក្រោយពីធ្វើការហោះហើរសាកល្បងបានម្ដង។

វីដេអូឃ្លីបពីក្រុមហ៊ុនវិស្វកម្ម SkyDrive បានបង្ហាញថា រថយន្ដហោះត្រូវបានបញ្ជាចង្កូតដោយមនុស្សផ្ទាល់ ដែលប្រើស្លាបចក្រចំនួន ៨ ដើម្បីលើកតួរថយន្ដដ៏តូចច្រឡឹងហោះឡើង ក្រវែលទីលានហោះហើរសាកល្បង។
ប៉ុន្ដែខណៈវីដេអូឃ្លីបបានធ្វើឲ្យអ្នកគាំទ្ររឿង «Blade Runner» និងរឿង «Back to the Future» មានភាពស្រឡាំងកាំង ដោយការធ្វើតេស្ដហោះហើរសាកល្បងមានលក្ខណៈខុសប្លែកពីរថយន្ដហោះក្នុងខ្សែភាពយន្ដ។ទោះជាយ៉ាងណាក្ដី រថយន្តហោះនៅតែជាវិធានការគេចចេញពីបញ្ហាកកស្ទះចរាចរណ៍ដែលបណ្ដាប្រទេសជាច្រើនកំពុងប្រឈម។
ក្រុមហ៊ុនបានកោតសរសើរ «ការបង្ហាញវត្ដមានរថយន្ដហោះជាលើកដំបូងនៅក្នុងប្រទេស ជប៉ុន» និងបានឲ្យដឹងថា រថយន្ដហោះនេះត្រូវបានផលិតក្នុងទំហំសម្រាប់មនុស្ស ២ នាក់ និងបានហោះហើរក្រវែលទីលានរយៈពេល ៤ នាទី ក្នុងពេលសាកល្បង។
អគ្គនាយក SkyDrive លោក តូម៉ូហ៊ីរ៉ុ បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រថា៖ «យើងចង់ដឹងច្បាស់អំពីសង្គម ដែលរថយន្ដហោះអាចកើតមានជារូបរាង និងជាមធ្យោបាយធ្វើដំណើរប្រកបដោយភាពងាយស្រួលនៅលើអាកាស»។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនចង់ឲ្យរថយន្ដហោះនេះដំណើរការក្នុងប្រទេស ជប៉ុន នៅអំឡុងឆ្នាំ ២០៣០ ដោយមានរបាយការណ៍បានលើកឡើងថា វាអាចមានតម្លៃរហូតដល់ ៣០ ម៉ឺនដុល្លារ ក្នុង ១ គ្រឿង។
រថយន្ដហោះមិនមែនជាជំហានអភិវឌ្ឍន៍ដំបូងរបស់មនុស្សឡើយ។
ក្រុមហ៊ុន អាល្លឺម៉ង់ មួយបានធ្វើតេស្ដតាក់ស៊ីហោះនៅទឹកដី សិង្ហបុរី កាលពីខែ តុលា ដោយបានឲ្យដឹងថា ខ្លួនរំពឹងថា ការច្នៃបង្កើតនេះ ដែលមានរូបរាងដូចយន្ដហោះដ្រូន នឹងធ្វើបដិវត្ដន៍ទៅលើមធ្យោបាយធ្វើដំណើរនៅតាមទីក្រុងដ៏កកកុញនានា។
ក្រុមហ៊ុន Volocopter បានធ្វើតេស្ដសាកល្បងតាក់ស៊ីកៅអី ២ ប្រតិបត្ដិការដោយថាមពលអាគុយនៅតាមបណ្ដាប្រទេសមួយចំនួន ជុំវិញពិភពលោក តែស្ថានភាពចរាចរណ៍នៅសិង្ហបុរី គឺជាចំណុចស្នូលដំបូងបំផុត។

ក្រុមហ៊ុនជាច្រើនទៀតកំពុងធ្វើកិច្ចការលើគម្រោងស្រដៀងគ្នានេះ រួមទាំង Boeing, Airbus, Toyota និង Hyundai ជាដើម៕
ដកស្រង់និងកែសម្រួលពីភ្នំពេញប៉ុស្តិ៍ដោយ៖ ជ័យពិសិដ្ឋ