ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីធំៗ ប្លែកជាច្រើននឹងត្រូវបានធ្វើឡើងនៅខេត្ត សៀមរាប។

វត្ថុខ្នាតយក្សត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្ត សៀមរាប
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានលក្ខណៈកាន់តែលេចធ្លោជាងបណ្ដាឆ្នាំមុនៗ ក្រោយអាក់ខានដោយសារការរាលដាលជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៣ ក្រោមប្រធានបទ "ក្តីស្រមៃនិងក្តីសង្ឃឹម"។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នេះ មានទីតាំងលេងកម្សាន្តចំនួន ៦ ទីតាំង និងមានល្បែងលេងកម្សាន្តដល់ ៤៤ ប្រភេទ
ព្រឹត្តិការណ៍នេះមានការប្រមូលផ្ដុំនូវកម្មវិធី និមិត្តរូប ក៏ដូចជាវត្ថុយក្ស (ចាប៉ីដងវែងយក្ស អង្រុតយក្ស មួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស នំអន្សមយក្សជាដើម) ត្រូវបានមូលមីរនៅខេត្ត សៀមរាប។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានធ្វើឡើងដើម្បីលើកតម្កើងសិល្បៈ អរិយធម៌ វប្បធម៌ដ៏ល្អផូរផង់របស់ កម្ពុជា។

បេះដូងក្រដាសដែលបត់ដោយដៃដោយប្រជាជន ខ្មែរ គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ មិនសម្រាប់តែបំបែកឯតទគ្គកម្មទេ តែក៏ជាអំណោយជូនអត្តពលិកដែលចូលរួមប្រកួត ស៊ីហ្គេម

យុទ្ធនាការ Beyond the Games បំបែកកំណត់ត្រាឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក" ដោយស្ថាប័ន Guinness World Record ដែល កម្ពុជា បានបំបែក ចំនួន ៣,៩១៧,៨០៥ បេះដូង
ក្រោមប្រធានបទ "ក្ដីស្រមៃនិងក្ដីសង្ឃឹម" ពិសេសជាងគេក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺ៖ ទី ១ ការបត់ក្រដាសបេះដូងដែលត្រូវបានធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្តនិងទី ២ គឹចង្វាក់ Madizon។

ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បងប្អូនមាមីងក៏អាចចូលរួមកម្សាន្តសប្បាយតាមរមណីយដ្ឋាននានា ក្រៅពីតំបន់រមណីយដ្ឋានអង្គរ ក៏មានរមណីយដ្ឋានកែឆ្នៃជាច្រេីន ដែលបានត្រៀមរួចរាល់សម្រាប់ទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ

ក្នុងព្រឹត្តិការណ៍នេះមានការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរស ខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើននៅខេត្ត សៀមរាប ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា នៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទម្រង់ត្រូវបានបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តនិងឈ្វេងយល់។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏បានចូលរួមបំផុសគំនិត ស្មារតីកុលបុត្រកុលធីតា ខ្មែរ ឱ្យរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ មានមោទកភាព ស្រឡាញ់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស៕
សម្រួលនិងនិពន្ធដោយ៖ សិរីសួស្តី
រូបថត៖ អៀងថាន់