ការធ្វើតេស្តដោយប្រើក្រដាសឆ្នូតៗ យ៉ាងលឿននិងងាយស្រួលសម្រាប់កូវីដ-១៩ ដែលដូចគ្នាទៅនឹងការធ្វើតេស្តផ្ទៃពោះដែរនោះ គ្រោងនឹងចូលទីផ្សារក្នុងពេលឆាប់ៗ នេះ ហើយវាអាចជាអ្នកផ្លាស់ប្តូរស្ថានការណ៍សម្រាប់ ឥណ្ឌា ខណៈដែលប្រទេសនេះព្យាយាមទប់ស្កាត់ជំងឺរាតត្បាត។

គំនិតនេះត្រូវបានផុសឡើងដំបូងបង្អស់ដោយសារពែងតែរបស់អ្នកបង្កើត។កាលពីខែ មករា នៅពេល ឥណ្ឌា រាយការណ៍ពីករណីកូវីដដំបូងរបស់ខ្លួន អ្នកជំនាញជីវសាស្ត្រ ម៉ូលេគុល ពីររូបគឺលោក ស៊ូវីក ម៉ៃទី អាយុ ៤៩ ឆ្នាំ និង លោក ដេបូយយ៉ូទី ចក្រាបូទី អាយុ ៣៥ ឆ្នាំបានគិតអំពីការធ្វើវិស្វកម្មឡើងវិញនូវការផលិតឧបករណ៍តេស្តផ្អែកលើក្រដាសរបស់ពួកគេសម្រាប់ជំងឺកោសិកាឈាម ដើម្បីរកជំងឺកូវីដ-១៩។
ពួកគេទាំងពីរនាក់មានមូលដ្ឋាននៅឯវិទ្យាស្ថានហ្សែននិងជីវវិទ្យាចម្រុះរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មនៅក្រុង ដេលី និងបានធ្វើការលើការច្នៃបង្កើតថ្មីរបស់ពួកគេអស់រយៈពេលជាងពីរឆ្នាំមកហើយ។
លោកវេជ្ជបណ្ឌិត ម៉ៃទី និយាយថា ឧបករណ៍គំរូសម្រាប់ធ្វើតេស្តរក កូវីដ-១៩ បានត្រៀមរួចរាល់ក្នុងរយៈពេលពីរខែមកនេះ។ ពួកគេបានដាក់ឈ្មោះឧបករណ៍តេស្តនេះថា Feluda។
កាលពីខែ ឧសភា ក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនឈានមុខគេរបស់ ឥណ្ឌា ត្រូវបានជ្រើសរើសដើម្បីផលិតឧបករណ៍តេស្តនេះ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរឱសថ ឥណ្ឌា កាលពីខែមុន។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត យើងនឹងមានផលិតផលនេះនៅលើទីផ្សារ”។
ការធ្វើតេស្តដែលនឹងផ្តល់លទ្ធផលក្នុងរយៈពេលតិចជាងមួយម៉ោងគឺផ្អែកលើបច្ចេកវិជ្ជាមួយ ហៅថា CRISPR-Cas ដែលអាចរកឃើញហ្សែនជាក់លាក់ចំពោះវីរុសកូរ៉ូណា។
លោកវេជ្ជបណ្ឌិត ម៉ៃទី និយាយថា “វានឹងមានតម្លៃថោក លឿននិងងាយស្រួល”៕
ដកស្រង់និងកែសម្រួលបីរស្មីកម្ពុជាដោយ៖ ទេវី