កាលពីពាក់កណ្ដាល ខែ តុលា ក្រុមហ៊ុន Apple បានចេញនូវបន្ទះ ឈីបថ្មីចំនួនពីរដែលបំពាក់នៅក្នុងកុំព្យូទ័រយួរដៃ MacBook Pro ដែលមានថាមពលខ្លាំងជាងមុន និងកាសស្តាប់ត្រចៀកឥតខ្សែ AirPods ជំនាន់ទីបីដែលអាចភ្ជាប់ជាមួយសេវាកម្មស្ទ្រីមតន្ត្រីប្រចាំខែតម្លៃថោក។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង ឃូភើទីណូ រដ្ឋកាលីហ្វ័រញ៉ា ដែលដាក់លក់ iPhone ថ្មីរបស់ខ្លួនកាលពីជាងពីរខែមុនបានបន្ថែមផលិតផលថ្មីៗ ជាច្រើនទៀតទាន់ពេលសម្រាប់រដូវឈប់សម្រាកចុងឆ្នាំ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ នឹងមានគម្រោងសម្រាប់ការជាវ Apple Music តម្លៃត្រឹម ៤,៩៩ ដុល្លារក្នុងមួយខែនិងបន្ថែមពណ៌រស់រវើកដល់ឧបករណ៍បំពងសំឡេងឆ្លាតវៃ HomePod mini ផងដែរ។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសសំខាន់ៗ ចំនួនបីពីព្រឹត្តិការណ៍នេះ៖
បន្ទះឈីបធំជាងមុន លឿនជាងមុន
Apple បានប្រកាសបន្ទះឈីបថ្មីពីរដែលមានឈ្មោះថា M1 Pro និង M1 Max ដែលធ្វើឱ្យពួកវាធំជាងនិងលឿនជាងបន្ទះឈីបស៊េរីមុន M1 ។
បន្ទះឈីបនេះនឹងជួយឱ្យ Apple កែលម្អដំណើរការកាត់វីដេអូនៅក្នុងកុំព្យូទ័ររបស់ខ្លួន ខណៈជួយពង្រីកអាយុកាលថ្មកាន់បានយូរជាងមុន។

កុំព្យូទ័រថ្មី MacBook Pro អាចបញ្ជាទិញតាមអ៊ីនធឺណេត ចាប់ពីថ្ងៃទី ១៨ ខែ តុលា
កុំព្យូទ័រ MacBook ដែលមានទំហំថ្មី កាមេរ៉ាថ្មី និងតម្លៃថ្មី
Apple បានប្រកាស MacBook Pro ថ្មីចំនួនពីរដែលបំពាក់ជាមួយបន្ទះឈីប M1 Pro និងបន្ទះឈីប M1 Max ចុងក្រោយ។
កុំព្យូទ័រយួរដៃថ្មីនេះមានការរចនាតួថ្មី ហើយ Apple បានជំនួសបន្ទះ ថាច់ស្គ្រីនលើផ្នែកខាងលើនៃក្តារចុចដោយប្រើគ្រាប់ចុចធម្មតាជំនួសវិញ។
កុំព្យូទ័រដែលផ្តោតលើអ្នកជំនាញពោរពេញដោយការច្នៃប្រឌិតកម្រិតខ្ពស់នេះក៏មានកាមេរ៉ាកម្រិត 1080p ផងដែរ។
បន្ទះឈីបថ្មីរបស់ Apple ក៏បានជួយក្រុមហ៊ុនពង្រីកថាមពលថ្មកាន់បានយូរនៅក្នុងកុំព្យូទ័រយួរដៃថ្មីទាំងនេះផងដែរ។
Apple បានអះអាងថា ម៉ូដែល ១៤ អ៊ីញនឹងអាចចាក់មើលវីដេអូបានរហូតដល់ ១៧ ម៉ោង ខណៈដែលម៉ូដែល ១៦ អ៊ីញនឹងអាចចាក់មើលវីដេអូបានរហូតដល់ ២១ ម៉ោង ដោយបន្ថែមថាមពលថ្មបាន ៧ និង ១០ ម៉ោងនៅក្នុងកុំព្យូទ័រយួរដៃថ្មីនេះ។
ម៉ូដែល MacBook Pro ទំហំ ១៤ អ៊ីញថ្មីនឹងចាប់ផ្តើមពីតម្លៃ ១.៩៩៩ ដុល្លារហើយម៉ូដែល MacBook Pro ធម្មតាទំហំ ១៦ អ៊ីញ នឹងមានតម្លៃចាប់ពី ២.៤៩៩ ដុល្លារ។
កុំព្យូទ័រ MacBook Pro កម្រិតកំពូលទំហំ ១៦ អ៊ីញនឹងមានតម្លៃ ៦.០៩៩ ដុល្លារ។

កាស Airpods ជាមួយលក្ខណៈពិសេសកម្រិតខ្ពស់
Apple បានបើកដំណើរការកំណែទីបីនៃកាស AirPods ដ៏មានប្រជាប្រិយភាពរបស់ខ្លួន។
កាសស្តាប់ត្រចៀកថ្មីនេះនឹងចាប់ផ្តើមពីតម្លៃ ១៧៩ ដុល្លារអាម៉េរិកហើយភ្ជាប់មកជាមួយលក្ខណៈពិសេសមួយចំនួនដែលមាននៅលើ AirPods Pro កម្រិតខ្ពស់។
AirPods ថ្មីនឹងភ្ជាប់មកជាមួយនូវសំឡេងបែបលំហ ដែលមានអាយុកាលថ្មកាន់បានយូរនិងការរចនាម៉ូតថ្មី។
AirPods និង AirPods Pro នឹងភ្ជាប់មកជាមួយប្រអប់សាក MagSafe ដែលអាចឱ្យអតិថិជនប្រើឆ្នាំងសាកឥតខ្សែម៉ាញ៉េទិច ដើម្បីបំពេញថ្មដល់កាសរបស់ពួកគេ។
ម៉ូដែល AirPods ធម្មតាត្រូវបានបញ្ចុះតម្លៃ ហើយឥឡូវនេះនឹងលក់ត្រឹម ១២៩ ដុល្លារនៅសហរដ្ឋអាម៉េរិក។

កុំព្យូទ័រយួរដៃនិងកាសស្តាប់ត្រចៀកឥតខ្សែថ្មីអាចបញ្ជាទិញតាមអ៊ីនធឺ ណេតចាប់ពីពាក់កណ្ដាលខែ តុលា ហើយមានលក់នៅតាមហាងនៅចុងខែ តុលា៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា