ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ មានគ្រួសារកសិករជាច្រើននៅតំបន់ភ្នំ បាដែន (ខេត្ត តីនិញ) បានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មទៀបតាមគោលការណ៍ VietGAP របស់ក្រុមហ៊ុនភាគហ៊ុន ណាតានី អាស្រ័យដូច្នេះហើយមានប្រាក់ចំណូលស្ថិរភាពជាងមុនច្រើនណាស់។

គ្រួសារបង បូ៊យ ឌឹកមិញ នៅភូមិ ភឿកប៊ិញ ១ ឃុំ សួយដា ស្រុក យឿង មិញចូវ មានផ្ទៃដីដាំដំណាំទៀបជាង ២ ហិកតា។ ពីមុននេះ ប្រាក់ចំណូលនៃគ្រួសារបង មិញ មិនសូវថិតថេរឡើយដោយសារខ្វះបទពិសោធន៍ក្នុងការបង្កបង្កើនផល ហើយការលក់ផលិតផលក៏មិនស្ថិរភាពថែមទៀត។ កាលពីពីរឆ្នាំមុន ក្រុមគ្រួសារបង មិញ ជាមួយនឹងក្រុមគ្រួសារជាច្រើនទៀតនៅក្នុងតំបន់បានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មដំណាំទៀបរបស់ក្រុមហ៊ុន ណាតានី។ ទទួលបានការណែនាំអំពីបច្ចេកទេស គោលការណ៍បង្កបង្កើនផល ។ល។

ព្រមទាំងត្រូវបានចុះកិច្ចសន្យាប្រមូល ទិញផលិត ផលក្នុងតម្លៃពី ៣០.០០០ ដល់ ៤៥.០០០ ដុងក្នុងមួយគីឡូក្រាមនោះ គ្រួសារបង មិញ ប្រមូលបានប្រាក់ចំណេញជាង ២០០ លានដុងក្នុងមួយរដូវ។ នាពេលបច្ចុប្បន្ននេះ ខេត្ត តីនិញ មានចម្ការឯកវប្បកម្មដំណាំទៀបប្រមាណជា ១.០០០ ហិកតា ក្នុងចំណោមនោះ ចម្ការទៀបដែលដាំតាមគោលការណ៍ VietGAP ប្រមាណជា ៣០០ ហិកតានៃក្រុមហ៊ុន ណាតានី។

យោងតាមលោក ង្វៀន ឌិញស៊ន់ ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត តីនិញ បានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ណាតានី គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឈានមុខគេក្នុងការចងសម្ព័ន្ធជាមួយប្រជាកសិករដើម្បីផលិតទៀបស្អាត។ នាពេលបច្ចុប្បន្ននេះ ផលិតផលទៀប បាដែន របស់ក្រុមហ៊ុន ណាតានី ត្រូវបាននាំចេញទៅកាន់ប្រទេស សិង្ហបុរី ប្រទេសមួយចំនួននៅតំបន់អាមេ៉រិកខាងជើងនិងមជ្ឈិមបូព៌ា ហើយត្រូវបានខេត្ត តីនិញ បញ្ជាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៤ កាលពីឆ្នាំ ២០២១៕
អត្ថបទនិងរូបថត៖ ផាម ថាញ់តឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង