ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្សដែលមានស្ថានភាពលំបាកលំបិនអាចរៀនតាមប្រព័ន្ធអនឡាញបាននោះ មានសាលារៀនជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ បានរៀបចំដាក់ដំណើរការវិធានការប្រកបដោយភាពបត់បែនផ្សេងៗ រួមចំណែកជួយឲ្យការសិក្សារៀនសូត្ររបស់ប្អូនៗ មិនអាក់ ខានដោយមិនបានរៀនជាប់លាប់ជាពិសេស ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ មានការវិវត្តដ៏ស្មុគស្មាញ…។

ឈានចូលឆ្នាំសិក្សា ២០២១ - ២០២២ ទីក្រុង កឹនធើ មានសិស្សសាលា និស្សិតប្រមាណជា ២៥ ម៉ឺននាក់ត្រូវរៀនតាមប្រព័ន្ធអនឡាញ។ ដោយសារស្ថានភាពសេដ្ឋកិច្ចនៅជួបលំបាកលំបិន មានសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិចំណេះទូទៅប្រមាណ ៤០០ នាក់និងសិស្សានុសិស្សនៅមធ្យមសិក្សាបឋមភូមិជិត ៤.០០០ នាក់មិនមានឧបករណ៍សម្រាប់ការសិក្សារៀនសូត្រតាមប្រព័ន្ធ អនឡាញឡើយ។
សាលាអនុវិទ្យាល័យទីរួមស្រុក វិញថាញ់ មានកូនសិស្សចំនួន ៨១២ នាក់ (ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩) កំពុងរៀនតាមប្រព័ន្ធអនឡាញ ក្នុងចំណោមនោះ មានប្រមាណជា ៥២ នាក់មិនទាន់មានឧបករណ៍សិក្សារៀនសូត្រ។

យោងតាមលោកគ្រូ ង្វៀន វ៉ាន់ឡុក នាយកនៃអនុវិទ្យាល័យទីរួមស្រុក វិញថាញ់ ដើម្បីជួយប្អូនៗ អាចក្ដាប់បានចំណេះដឹងអោយទាន់មេរៀន សាលាបានចលនាសាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ស្រុក វិញថាញ់ ផ្តល់ជូនស៊ីមកាត 3G និង 4G ដោយឥតគិតថ្លៃឱ្យ ប្អូនៗ ណាមានឧបករណ៍សិក្សារៀនសូត្រហើយ នៅតែជួបការលំបាកលំបិនអំពីប្រព័ន្ធតំណភ្ជាប់អ៊ីនធើណែត។ ចំពោះប្អូនៗ ណាមិនមានឧបករណ៍ សាលាក៏ចលនារៀបចំការសិក្សារៀនសូត្រជាមួយ មិត្តរួមកម្រិតថ្នាក់រៀនដែលមានឧបករណ៍នៅជិតផ្ទះ។ នាពេលបច្ចុប្បន្ននេះ សាលារៀបចំផ្សំផ្គុំគ្នា បានចំនួន ៦ ក្រុមដើម្បីប្អូនៗ ងាយស្រួលក្នុងការផ្លាស់ប្តូរចំណេះដឹងអោយគ្នាទៅវិញទៅមក។

ទោះបីជាមូលដ្ឋានលំបាកលំបិន មានចំនួនកូនសិស្សខ្មែរច្រើន ក្នុងចំណោមនោះ មានប្អូនខ្វះ ឧបករណ៍សិក្សារៀនតាមប្រព័ន្ធអនឡាញចំនួន ៣០ នាក់ក៏ដោយ ក៏ប៉ុន្តែ លោកគ្រូ អ្នក គ្រូនៅអនុវិទ្យាល័យ ធើយស៊ន់ (ស្រុក គើ-ដ) បានបង្កលក្ខណៈ ងាយ ស្រួលគ្រប់បែបយ៉ាងអោយប្អូនៗ អាចភ្ជាប់ខ្លួន ជាមួយនឹងមេរៀនបាន។
នាយិកានៃ អនុវិទ្យាល័យ ធើយស៊ន់ ង្វៀន ធីគីមធឿង បានអោយដឹងថា សាលាបានស្វែងយល់យ៉ាងដិតដល់ពីស្ថានភាពរបស់ប្អូនៗ នីមួយៗ ដើម្បីមានទិសដៅជួយឧបត្ថម្ភសមស្របបំផុត។ ចំពោះប្អូនៗ ណាដែលមិនមានឧបករណ៍ សិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ មិនមានទូរស័ព្ទ សាលាចាត់លោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់អោយចងក្រងមេរៀនហើយយកទៅអោយ ប្អូនៗ។ រីឯប្អូនៗ ណាមានគណនីបណ្តាញ សង្គម លេខទូរស័ព្ទ ហើយសាលាបង្កលក្ខណៈងាយស្រួលអោយប្អូនៗ មករៀនតាមប្រព័ន្ធអនឡាញដោយប្រើកុំព្យូទ័រនៅសាលាតែម្ដង។

យោងតាមលោក ង្វៀន ភុកតាំង អនុប្រធាន មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កឹនធើ ក្រោមទិសស្លោក "ផ្អាកការទៅសាលាជាបណ្តោះអាសន្ន តែមិនផ្អាកការរៀនសូត្រឡើយ" ក្នុងរយៈពេលកន្លងទៅ មន្ទីរបានចលនាបណ្តា សហគ្រាសផ្គត់ផ្គង់ឧបករណ៍ (អាយផេតទូរស័ព្ទកុំព្យូទ័រ...) ក្នុងតម្លៃអនុគ្រោះ រួមទាំងស៊ីមកាតឥតគិតថ្លៃទិន្នន័យឲ្យ កូនសិស្សរាប់រយនាក់ដែលមានស្ថានភាពលំបាកលំបិន សហការជាមួយស្ថានីយ៍ទូរទស្សន៍ កឹនធើ រៀបចំផែនការបង្ហាត់បង្រៀនដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍...។

បន្ទាប់ពីបន្ធូរបន្ថយ វិធានការ គម្លាត សុវត្ថិភាពសង្គមភ្លាមនោះ មន្ទីរក៏បានចេញសេចក្តីណែនាំអំពីការរៀបចំសិក្សារៀនសូត្រតាម ប្រព័ន្ធអនឡាញនៅសាលាសម្រាប់កូនសិស្សមិនមានសិក្ខូបករណ៍ ប៉ុន្តែត្រូវធានាបទបញ្ញាត្តិទាំងឡាយ អំពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការកំណត់។

ដោយបានរៀបចំដាក់ដំណើរការវិធានការ សមស្របផ្សេងៗ ប្រកបដោយភាពបត់បែននោះ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កឹនធើ បាននិងកំពុងជួយប្អូនៗ សិស្សានុសិស្សនៅលើភូមិសាស្ត្របានបន្តក្តីសុបិនចូលសាលារៀន៕
អត្ថបទ៖ ធូហៀន - ធូហៀន - ថាញ់លៀម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង