កាលពីថ្ងៃទី ៨ ខែ ធ្នូ ក្រុមមន្ត្រីសុខាភិបាលសហព័ន្ធ បានអនុញ្ញាត ឱ្យប្រើថ្នាំប្រឆាំងកូវីដ១៩ ថ្មី សម្រាប់អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬអាឡែស៊ី ដែលមិនអាចទទួលបានការការពារគ្រប់គ្រាន់ពីការចាក់វ៉ាក់សាំង។
ថ្នាំអង់ទីករគឺជាការព្យាបាលស្តង់ដារសម្រាប់ព្យាបាលកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ប៉ុន្តែថ្នាំអង់ទីករ AstraZeneca ដែលទទួលបានការអនុញ្ញាតប្រើប្រាស់ ដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA )គឺខុសគ្នា។ ថ្នាំនេះមានគោលបំណងក្លាយជាថ្នាំដំបូងសម្រាប់ការពាររយៈពេលវែងប្រឆាំងនឹងកូវីដ១៩ ជាជាងព្យាបាលរយៈពេលខ្លី។

ថ្នាំ Evusheld ពីរដូសរបស់ក្រុមហ៊ុន AstraZeneca អាចការពារមនុស្សពីការឆ្លងកូវីដបាន ៦ ខែ
អ្នកដែលអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំអង់ទីករនេះ រួមមានអ្នកជំងឺមហារីក អ្នកទទួលការប្តូរសរីរាង្គ និងអ្នកដែលប្រើថ្នាំទប់ស្កាត់ភាពស៊ាំសម្រាប់ជំងឺដូចជារលាកសន្លាក់ឆ្អឹងជាដើម។ អ្នកជំនាញសុខភាពប៉ាន់ប្រមាណថា ប្រហែល ២ ទៅ ៣ ភាគរយនៃប្រជាជន អាម៉េរិក នឹងធ្លាក់ចូលទៅក្នុងក្រុមមនុស្សទាំងនេះ។
លោកវេជ្ជបណ្ឌិត ដេវីដ ប៊ូលវ៉ារី នៃសាកលវិទ្យាល័យ មីនណេសូតា បាននិយាយមុនការប្រកាសនេះថា៖ “មនុស្សទាំងនេះនៅតែត្រូវការជ្រក កោននៅនឹងកន្លែង ព្រោះពួកគេមានហានិភ័យខ្ពស់ក្នុងការឈឺធ្ងន់ធ្ងរនិងស្លាប់។ ដូច្នេះការព្យាបាលបែបនេះនឹងអាចឱ្យពួកគេភាគច្រើនវិលទៅរកជីវិតធម្មតាវិញ”។
ជាពិសេស FDA បានអនុញ្ញាតឱ្យប្រើថ្នាំរបស់ AstraZeneca ហៅថា Evusheld សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនបានឆ្លើយតបគ្រប់គ្រាន់ចំពោះវ៉ាក់សាំងកូវីដ១៩ ឬមានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរ ចំពោះការចាក់វ៉ាក់សាំង។ និយតករនិយាយថា ការចាក់ថ្នាំអង់ទីករចំនួនពីរដូសចាំបាច់ អាចមានប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដបាន ៦ ខែ។
ស្រដៀងថ្នាំ AstraZeneca ដទៃទៀតដែរ ថ្នាំនេះផ្តល់នូវប្រូតេអ៊ីនអង់ទីកររបស់មនុស្សដែលផលិតដោយមន្ទីរពិសោធន៍ ដែលជួយឱ្យប្រព័ន្ធការពាររាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគនិងការឆ្លងជំងឺផ្សេងៗ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី