ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរនិងមាមីងបងប្អូន ខេត្ត បាកលៀវ បានដំណើរការកសាងខ្សែផ្លូវគមនា គមន៍ជនបទជាច្រើនជាពិសេសគឺនៅតាមតំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅ។
មិនត្រឹមតែផ្លាស់ប្តូរមុខមាត់ភូមិស្រុកប៉ុណ្ណោះទេ ផ្លូវគមនាគមន៍ងាយស្រួលក៏រួមចំណែកបង្កើតសន្ទុះអោយមូលដ្ឋានអភិវឌ្ឍទៀតផង…

ធ្លាប់ជាឃុំក្រីក្រប៉ុន្តែអាស្រ័យដោយទទួលផលពីកម្មវិធីគោលដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជីវភាពមាមីងបងប្អូន ខ្មែរ នៅឃុំ ហ៊ឹងហូយ ស្រុក វិញលើយ បានផ្លាស់ប្តូរកាន់តែច្បាស់ក្រឡែត។

កាត់តម្រឹមរបងឈើបៃតងបណ្តោយតាមខ្សែផ្លូវមុខផ្ទះបណ្តើរ លោក យ៉ាញ់ ព្រឹត្ត នៅភូមិ កាយយ៉ា បានអោយដឹងថា៖ "បងប្អូនជនជាតិ ខ្មែរ ជាង ៨០% ក្នុងឃុំរស់នៅដោយប្រកបមុខរបរដាំបន្លែបង្ការ។
នៅពេលខ្សែផ្លូវបេតុងទទឹងជាង ៣ ម៉ែត្រឆ្លងកាត់ភូមិសម្រេចរួចរាល់ ការធ្វើដំណើរទៅមកងាយស្រួលបានជាបន្លែបង្ការរបស់បងប្អូនជនជាតិលក់បានថ្លៃជាង។
ព្រោះហេតុដូច្នេះនៅពេលអាជ្ញាធរប្រកាសគម្រោងបើកទូលាយខ្សែផ្លូវឡើងដល់ទៅ ៦ ម៉ែត្រ បងប្អូនជនជាតិអ្នកណាក៏សប្បាយរីករាយ ឯកច្ឆន្ទបរិច្ចាគដីដើម្បីរដ្ឋរៀបចំដាក់ដំណើរការអនុវត្ត"។
មិនត្រឹមតែឃុំ ហ៊ឹងហូយ ប៉ុណ្ណោះទេ មូលដ្ឋានជាច្រើនមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនផ្សេងទៀតដូចជា៖ ឃុំ វិញភូដុង ស្រុក ភឿកឡុង ឃុំ ឡុកនិញ ទីរួមស្រុក ង៉ានយឿ ស្រុក ហុងយ៉ឹន ឃុំ វិញប៊ិញ ស្រុក ហ្វាប៊ិញ ឃុំ វិញត្រាច់ ឃុំ វិញត្រាច់ ដុង ទីក្រុង បាកលៀវ។ល។ ក៏កំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

ភូមិស្រុកតភ្ជាប់គ្នាតាមរយៈបណ្តាខ្សែផ្លូវគមនាគមន៍ទៅតាមបណ្តោយផ្ទះធំទូលាយ ស្រស់ស្អាតទាំងឡាយ។
ព្រះឧបជ្ឈាយ៍ ហ៊ឺវហ៊ិញ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិខេត្ត បាកលៀវ មានសង្ឃដិកាថា៖ "អាស្រ័យដោយការយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់បក្ស រដ្ឋ ជីវភាពនៅបណ្តាតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើននៅខេត្ត បាកលៀវ បានវឌ្ឍនភាពជាងពីមុនច្រើនណាស់"។

ខេត្ត បាកលៀវ កំពុងដាក់ដំណើរការកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច ដំណាក់កាល ២០២១ - ២០២៥ នៅឃុំ សង្កាត់ ទីរួមស្រុកចំនួន ១៤ ដោយមានថវិកាសរុបចំនួន ៦៧,២ ពាន់លានដុង។
ដោយឡែកចំពោះគម្រោងគមនាគមន៍ទាំងឡាយ ខេត្ត បាកលៀវ ត្រូវបានបែង ចែកចំនួន ២២,៧៦១ ពាន់លានដុងដើម្បីអភិវឌ្ឍនៅក្នុងឃុំចំនួន ១០ និងភូមិលំបាកលំបិនខ្លាំងចំនួន ៤១។
យោងតាមលោក ផាន ថាញ់យុយ អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត បាកលៀវ ខេត្តតែងតែ ផ្តល់អាទិភាពវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដែលមានបងប្អូនជនជាតិរស់នៅច្រើន អនុវត្តកម្មវិធី គោលនយោបាយជាច្រើនជួយកែលម្អជីវភាពបងប្អូនជនជាតិ។

ឆ្លងតាមរយៈនោះ បងប្អូនជនជាតិជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋ ថែមទៀត ប្រឡងប្រណាំងពលកម្ម ផលិតកម្ម កសាងស្រុកកំណើតកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ ទន់កៀត
រូបថត៖ ទន់កៀត - ឡេ អៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ