ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាជំងឺជាច្រើន។ ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរឱ្យបារម្ភ មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺផ្សេងៗ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះផលប៉ះពាល់ដល់ស្បែកផងដែរ។ ខាងក្រោមគឺផលប៉ះពាល់នៃភាពតានតឹងក្នុងអារម្មណ៍ចំពោះស្បែក៖
រោគមុន
ជាពិសេស ប្រសិនបើអ្នកមានស្បែកដែលងាយនឹងកើតមុន! ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសកុំឱ្យខ្ពស់ពេក។ ការរលាកអាចនឹងកើតឡើងដោយសារកំណើននៃអ័រម៉ូនក្នុងរាងកាយ ហើយអ្វីដែលគួរឱ្យបារម្ភនោះ គឺរោគមុនតែងផ្សារភ្ជាប់នឹងការរលាក។

ស្នាមជ្រីវជ្រួញ
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ស្ត្រេសក៏ជាកត្តាចម្បងមួយដែលធ្វើឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញ។ នេះក៏ព្រោះតែកម្រិតនៃអ័រម៉ូន ស្ត្រេស កើនឡើងខ្ពស់អាចពន្លឿនការបំបែកកូឡាជែន។
ស្បែកឡើងខ្លាញ់ខ្លាំង ឬស្ងួតពេក
មិនថាអ្នកមានស្បែកស្ងួតឬខ្លាញ់នោះទេ វាចាំបាច់ណាស់ក្នុងការរក្សាកម្រិតនៃភាពស្ត្រេសមិនឱ្យខ្ពស់ពេក។ បើមិនដូច្នោះទេ អ្នកអាចនឹងជួបប្រទះបញ្ហា ស្បែកផ្សេងៗ កាន់តែគួរឱ្យបារម្ភ។
អ័រម៉ូនស្ត្រេសអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនប្រភេទលើស្បែក។ អ្នកខ្លះអាចជួបបញ្ហាស្បែកស្ងួតខ្លាំងខណៈដែលអ្នកមួយចំនួនទៀតជួបប្រទះបញ្ហាស្បែកឡើងខ្លាញ់លើស។
ជំងឺសើស្បែកត្រអក (Eczema)
កម្រិតនៃអ័រម៉ូនស្ត្រេសកើនឡើងខ្ពស់ក៏ជាកត្តាចម្បងមួយនៃជំងឺសើស្បែកត្រអកដែរ។ ហើយជំងឺសើស្បែកនេះអាចនឹងបណ្ដាលឱ្យអ្នកកាន់តែស្ត្រេស លើសដើមថែមទៀត។
ជំងឺពងបែកមាត់
មួយក្នុងចំណោមមូលហេតុទូទៅដែលបង្កបញ្ហាពងបែកមាត់នោះគឺភាព តាន តឹងក្នុងអារម្មណ៍ ឬស្ត្រេស។ ដូច្នេះដើម្បីជាការប្រសើរ ចៀសផុតពីបញ្ហានេះ អ្នកគួរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសមិនឱ្យកើនឡើងខ្ពស់ពេក។
អ្នកជំនាញជាច្រើនក៏បានបង្ហាញថា បញ្ហាស្បែកផ្សេងៗ ក៏អាចកើតមានឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្លាំងផងដែរ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ខ្ពស់ធ្វើឱ្យស្បែកងាយនឹងឆ្លងមេរោគ៕
ដកស្រង់និងកែសម្រួលពីថ្មីៗដោយ៖ សួស្តី