កាលពីថ្ងៃទី ២៩ ខែ មីនា វ៉ាក់សាំងកូវីដ-១៩ ដែលបង្កើតដោយក្រុមហ៊ុន Pfizer Inc រួមជាមួយក្រុមហ៊ុន BioNTech SE និង វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna Inc បានកាត់បន្ថយហានិភ័យនៃការឆ្លងបាន ៨០ ភាគរយក្នុងពេលពីរសប្តាហ៍ឬច្រើនជាងនេះ បន្ទាប់ពីការចាក់ដូសទីមួយ នេះយោងតាមទិន្នន័យពីការសិក្សាជាក់ស្តែងនៅសហរដ្ឋអាម៉េរិក។

ការសិក្សាលើបុគ្គលិកសុខាភិបាលនិងបុគ្គលិកសង្គ្រោះបន្ទាន់ អាម៉េរិកជិត ៤.០០០ នាក់បានរកឃើញថា ហានិភ័យនៃការឆ្លងបានថយចុះ ៩០ ភាគរយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការចាក់ដូសទីពីរ។
លទ្ធផលនេះបានធ្វើឱ្យមានសុពលភាពលើការសិក្សាមុនៗ ដែលបង្ហាញថា វ៉ាក់សាំងទាំងពីរនឹងចាប់ផ្តើមមានប្រសិទ្ធភាពភ្លាម បន្ទាប់ពីការចាក់ដូសទីមួយនិងបញ្ជាក់ថាវ៉ាក់សាំងទាំងពីរក៏ការពារការឆ្លងមេរោគកូរ៉ូណាដែលមិនលេចរោគសញ្ញាផងដែរ។
ប្រទេសខ្លះ ដែលកំពុងដោះស្រាយជាមួយកង្វះវ៉ាក់សាំងបានលុបចោលកាលវិភាគចាក់ដូសទីពីរ ដោយសង្ឃឹមថា នឹងបានចាក់ការពារប្រជាជនបានច្រើនជាងមុន។
ទោះយ៉ាងណា ក្រុមមន្ត្រីសុខភាពសាធារណៈ អាម៉េរិក នៅតែបន្តផ្តល់អនុសាសន៍ ឱ្យចាក់ចំនួនពីរដូសតាមកាលវិភាគដែលអនុញ្ញាតដោយនិយតករដោយផ្អែកលើការសាកល្បងព្យាបាល៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី