ឆ្នាំ ២០២៥ បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់ រៀបចំបុណ្យ រ៉ាមឺវ៉ាន ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ។ រ៉ាមឺវ៉ាន របស់បងប្អូនជនជាតិ ចាម ជាធម្មតាត្រូវបានចាប់ផ្តើមដោយពិធីកិច្ចដ៏សំខាន់បំផុតគឺពិធីប្រក់ផ្នូរសំបូងសង្រូងបុព្វការីជន ជីដូនជីតានៅតាមផ្នូក (កន្លែងបញ្ចុះសពជនជាតិ ចាម)។

កត់សម្គាល់នៅផ្នូក ត្រាំង ចំណុះឃុំ ផានថាញ ស្រុក បាក់ប៊ិញ តាំងពីព្រឹកព្រលឹម ថ្ងៃទី ២៦ ខែ កុម្ភៈ មនុស្សរាប់ពាន់នាក់ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ដោយមានស្ពកគ្រឿងសំណែនដ៏ប្រណីតនៅក្នុងដៃតាមលំដាប់លំដោយគ្នា តម្រង់ជាជួរដ៏វែងចូលជ្រៅទៅក្នុងផ្នូកដើម្បីប្រក់ផ្នូរ ពិធីសែនបុព្វការីជន។
អ្នកណាក៏សុទ្ធតែសោមនស្ស សប្បាយរីករាយគ្រប់ៗ គ្នាបន្ទាប់ពីមួយឆ្នាំក្រោយបានជួបគ្នា។រឿងរ៉ាវទាំងឡាយអំពីរដូវស្រូវ រដូវពោតអំណោយផលទ្វេដង ទិញត្រៀមបម្រុងប្រដាប់ប្រដាបុណ្យដ៏អ៊ូអរ រស់រវើកពេញទាំងមួយកំណាត់ផ្លូវជនបទ។ បងប្អូនជនជាតិ ចាម ក្រោយពេលស្លាប់ត្រូវបានបញ្ចុះសពប្រមូលផ្ដុំតាមវង្សត្រកូល។

ប្រការដ៏វិសេសវិសាលគឺផ្នូររបស់បងប្អូនជនជាតិ ចាម មិនសង់រឹងមាំនោះទេគ្រាន់តែពូនខ្សាច់រាបស្មើនឹងដីប៉ុណ្ណោះនិងត្រូវបានកំណត់សម្គាល់ដោយថ្មមូលមួយដុំ។ ដុំថ្មទាំងនេះ រៀបជាជួរវែងមានលំដាប់លំដោយណាស់។
នៅទីនេះ ក្រោយពេលសាមីដើមបុណ្យក្នុងវង្សត្រកូល ធ្វើពិធីកិច្ចប្រមូលខ្សាច់ ច្រួចទឹក លាងជម្រះមន្ទិលសៅហ្មងផ្នូរ វង្សត្រកូលនីមួយៗ នឹងរៀបដាក់គ្រឿងសំណែននិងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី អង្គុយជាពីរជួរវែងដើម្បីសូត្រធម៌ សែនបុព្វការីជន។ល។
យោងតាម ព្រះហាគិម ពិធីប្រក់ផ្នូររួមជាមួយនឹងពិធីកិច្ចសែនដើរទន្ទឹមនឹងនោះ គឺជាទំនៀមទម្លាប់ ប្រពៃណីត្រូវបានបន្សល់ទុកជាច្រើនជំនាន់មកហើយ។
គ្រឿងសំណែនក្នុង ពិធីប្រក់ផ្នូរសាមញ្ញគួរសម រួមមានស្លាម្លូ បារី ភេសជ្ជៈនិងស្ករគ្រាប់ នំចំណី។ល។ ពីមុននេះ ពិធីប្រក់ផ្នូរនិយាយដោយឡែកនិង រ៉ាមឺវ៉ាន និយាយរួមគ្រាន់តែជាឱកាសដើម្បីបងប្អូនជនជាតិ ចាម នៅឆ្ងាយពីស្រុកកំណើតវិលត្រលប់មកសែនបុព្វការីជន ជួបជុំគ្រួសារនិងសាច់ញាតិ។

ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ដោយមានលក្ខណៈដ៏វិសេសវិសាល មានអត្តចរិតវប្បធម៌ដោយឡែកទាំងនេះ ពិធីប្រក់ផ្នូររបស់ជនជាតិ ចាម បានទាក់ទាញភ្ញៀវទេសចរទស្សនានិងអ្នកស្រាវជ្រាវវប្បធម៌ សិល្បករថតរូបជាច្រើន អញ្ជើញមកសិក្សា ស្វែងយល់។
ដោយមានអត្ថន័យដើម្បីកូនចៅរំលឹកនឹកដល់បុព្វការីជន ជីដូនជីតា អ្នកផ្តល់កំណើតនិង បួងសួងសុំបានសុខក្សេមក្សាន្តដល់ភូមិនិគម គ្រប់ៗ ផ្ទះ រកស៊ីមានបាន រដូវកាលលូតលាស់ល្អ បុណ្យ រ៉ាមឺវ៉ាន របស់បងប្អូនជនជាតិ ចាម រួមមានពិធីកិច្ចប្រពៃណីតាមលំដាប់លំដោយគ្នាជាច្រើន។
បន្ទាប់ពីពិធីប្រក់ផ្នូរ គ្រួសារ វង្សត្រកូលនឹងត្រឡប់មកគេហដ្ឋានសែនបុព្វការីជន ប្រារព្ធពិធីបុណ្យ ហើយបន្ទាប់ពីនោះសមណស័ក្ដិ ហាគិមនឹងចូលព្រះវិហារប្រារព្ធខែបួសតមអាហារ រ៉ាមឺវ៉ាន។
បងប្អូនជនជាតិ ចាម នៅខេត្ត ប៊ិញធន់ ប្រារព្ធបុណ្យ រ៉ាមឺវ៉ាន ឆ្នាំនេះក្នុងបរិយាកាសដ៏កក់ក្តៅ សម្បូរសប្បាយ។ គ្រប់ៗ ភូមិ និគម ចាម គ្រប់ៗ ផ្ទះសុទ្ធតែអ៊ូអរប្រារព្ធពិធីបុណ្យ។ បុរសជួសជុលផ្ទះ របង ស្ត្រីគិតគូរដណ្តាំស្ល រៀបចំនំនែក ផ្លែឈើ ។ល។

លោក លឺវ វ៉ាន់បែ នៅស្រុក បាក់ប៊ិញ មានប្រសាសន៍ថា អាស្រ័យដោយការយកចិត្តទុកដាក់របស់អាជ្ញាធរ ភូមិនិគមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រដូវកាលឆ្នាំនេះជោគជ័យបានជាមាមីងបងប្អូនប្រារព្ធពិធីបុណ្យ កាន់តែគ្រប់គ្រាន់ បរិបូរណ៍ជាងមុន រៀបចំសែនព្រេនជីដូនជីតាកាន់តែសព្វគ្រប់ជាង៕
អត្ថបទនិងរូបថត៖ ហុងហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ