ពិធីកិច្ចប្រពៃណី
ស្នូរទូងស្គរមួយចប់ត្រូវបានទូងបន្លឺឡើងពីក្នុងផ្ទះរបស់ព្រឹទ្ធាចារ្យភូមិ ហូ វ៉ាន់យេ មិនយូរប៉ុន្មានក្រោយមក ជនជាតិ កាយ៉ុង មួយក្រុមនៅភូមិ ម៉ាំងគ្រី មកដល់។ ពួកគាត់រៀបចំឃ្មោះ ស្គរមួយជួរនៅលើកម្រាល ខាងក្រោយជាព្រឹទ្ធាចារ្យភូមិនិងយុវនារីវ័យក្មេង។ ពែងស្រាត្រូវបានចាក់ចេញអញ្ជើញគ្នាផឹកអស់ មុនពេលធ្វើដំណើរបញ្ច្រាសឡើងភ្នំទៅដល់ប្រភពទឹកដើម្បីសែនអារក្សព្រៃ។
ព្រឹទ្ធាចារ្យភូមិ ហូ វ៉ាន់យេ នាំក្រុមឆ្ពោះទៅកាន់ដងព្រៃខាងក្រោយភូមិ។ ពួកគាត់នាំយកគ្រឿង សំណែនរួមជាមួយដើមនេវប្រភេទតូចនិងធ្វើដំណើរក្នុងការស្រែកហ៊ោកញ្ជ្រៀវ។ បរិយាកាស ប្រភពទឹកត្រូវបានរៀបដាក់ឈើពេញ កន្លែងដើម្បីដាក់ស្ពកសែនជាមួយនឹងជ្រូកថ្វាយដល់ អារក្សព្រៃ។ "ថ្ងៃនេះ អ្នកភូមិមកទីនេះដើម្បីសុំអារក្សព្រៃ អារក្សទឹកឲ្យយើងខ្ញុំនាំយកប្រភពទឹក ទៅ បួងសួងសុំអោយរដូវកាលអំណោយផលល្អស្រស់បំព្រង អ្នកភូមិបានសម្បូរសប្បាយ" - ព្រឹទ្ធាចារ្យភូមិ ហូ វ៉ាន់យេ ទើបនិយាយចប់ភ្លាម ឫស្សីពកមួយគូត្រូវបានទម្លាក់ចុះឱ្យផ្ងារឡើងស្មើគ្នា បង្កប់អត្ថន័យអាទិទេពយល់ព្រម។ ភ្លាមៗ នោះ អ្នកចូលរួមពិធីសែនចងអំបោះមួយខ្សែៗ ទៅនឹងកដៃព្រឹទ្ធាចារ្យភូមិប្រៀបដូចជាផ្ដាំផ្ញើទំនុកចិត្តរបស់សហគមន៍។
ធម៌សែនត្រូវបានសូត្រតាមលំដាប់លំដោយមុនពេលព្រឹទ្ធាចារ្យភូមិប្រើដើមឫស្សីស្រួចចាក់យកឈាមជ្រូកតាមពិធីកិច្ចប្រពៃណី។ លោហិតជ្រូកលាយចូលទៅក្នុងចរន្តទឹកហូរមកភូមិ។
លើកតម្កើងសហគមន៍
រៀងរាល់ឆ្នាំ ដល់អំឡុងពេលផ្លាស់ប្តូររដូវរវាងឆ្នាំចាស់និងឆ្នាំថ្មី ជនជាតិ កាយ៉ុង ក៏រន្ធើនសំឡេងគងឃ្មោះចូលរួមបុណ្យសែនទទឹកម្តងទៀត។ លោក ត្រឹន ក្វឹកហៃ អ្នកមានកិត្យានុភាពនៅភូមិ ១ បានអោយដឹងថា បន្ទាប់ពីពិធីថ្វាយអាទិទេពរួចស្រេច គ្រួសារនីមួយៗ នឹងយកបំពង់ឫស្សីពីងពង់មកដងប្រភពទឹកនៅឯជ្រោះដែលត្រូវបានលាយជាមួយលោហិតមាន់ លោហិតជ្រូកយកទៅផ្ទះបង្កាត់ភ្លើងដណ្តាំបាយ។ "យុវជនទាំងឡាយក្នុងភូមិនឹងដាក់បំពង់បង្ហូរទឹកចុះទៅក្នុងចង្អូរជ្រោះដើម្បីនាំទឹកមកភូមិ។ នៅពេលប្រភពទឹកមកដល់ទទឹករបស់ភូមិនៅក្បែរដើមនេវនោះ ព្រឹទ្ធាចារ្យភូមិពិឃាតមាន់មួយក្បាលទៀតដើម្បីថ្លែងអំណរគុណអាទិទេពបានផ្តល់ទឹកមកឲ្យអ្នកភូមិ"។
នៅពេលព្រឹទ្ធាចារ្យភូមិធ្វើពិធី យុវជនឈរនៅជុំវិញដើមនេវ ជាសាក្សីប្រភពទឹកថ្មីរបស់ភូមិ។ បន្ទាប់ពីនោះ ធ្វើពិឃាតជ្រូកនិងចែកឲ្យគ្រួសារនីមួយៗ ទុកវិញមួយចំណែកនៅត្រង់ទទឹក។ ចំណែកនេះជារបស់រួម អ្នកភូមិនឹងប្រមូលផ្តុំគ្នានៅផ្ទះរបស់ព្រឹទ្ធាចារ្យភូមិដើម្បីពិសាជុំគ្នា បង្ហាញពីស្មារតីសាមគ្គីភាពសហគមន៍ផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួត។
ភូមិ ម៉ាំងគ្រី ទាំងមូលបើកកម្មពិធីស៊ីលៀងអំណរប្រភពទឹកថ្មី។ គ្រប់ក្រុមគ្រួសារក្នុងភូមិទាំងអស់សុទ្ធតែបិតស្រាអេក ដុតបាយក្រឡានដើម្បីទទួលភ្ញៀវ។ យោងតាមព្រឹទ្ធាចារ្យភូមិឲ្យដឹងថា ជាទូទៅផ្នែកលេងកម្សាន្តនៃបុណ្យសែនទទឹកប្រព្រឹត្តឡើងក្នុងចំនួន ១៥ ថ្ងៃ។ ពីផ្ទះនេះដល់ផ្ទះផ្សេងទៀត ពួកគាត់រាំជាមួយគ្នាសប្បាយ ផឹកស្រាអេកជាមួយគ្នា ពិសាសាច់និងជូនពរគ្នា៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់