លក្ខណៈទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការដ៏ល្អប្រពៃរបស់ជនជាតិ យ៉ៃ

កូនក្រមុំ កូនកំលោះរួមជាមួយនឹងក្បួនដង្ហែនៅតាមផ្លូវទៅផ្ទះខាងប្តី
កូនក្រមុំ កូនកំលោះរួមជាមួយនឹងក្បួនដង្ហែនៅតាមផ្លូវទៅផ្ទះខាងប្តី

ប្រសិនបើមានឱកាសស្វែងយល់ទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការរបស់ជនជាតិ យ៉ៃ នៅខេត្ត ឡាយចូវ អ្នកនឹងចាប់អារម្មណ៍ដោយមានរូបភាពកូនក្រមុំ កូនកំលោះក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតទាក់ភ្នែក។

ចូលដល់ថ្ងៃរៀបមង្គលការ កូនកំលោះស្លៀកខោខ្មៅ អាវផាយខៀវប្រពៃណីដោយមានខ្សែបូក្រហមពីរពាក់ខ្វែងគ្នានៅលើទ្រូង ដៃកាន់ឆត្រ។ កូនក្រមុំពាក់អាវព្រែទន់ពណ៌ផ្កាឈូកត្រូវបានរចនាលំអានសំពត់ពណ៌ រួមជាមួយនឹងកន្សែងទទូរលើក្បាល ប្រៀបដូចជាស្តង់ដារមួយអំពីសម្រស់របស់ស្ត្រី យ៉ៃ។

Cuoi 2.jpg
កូនក្រមុំជនជាតិ យ៉ៃ ជាទូទៅគ្របកន្សែងពណ៌ក្រហមក្នុងពិធីហែកូនក្រមុំ

ពិធីមង្គលការរបស់ជនជាតិ យ៉ៃ តែងតែមានពិធីស្តីដណ្តឹង និងពិធីហែកូនក្រមុំ។ ទោះបីជាដូច្នោះ ពិធីហែកូនក្រមុំទើបពិតជាការសម្តែងបង្ហាញវប្បធម៌ កំណត់សម្គាល់ជំហានដំបូងឲ្យជីវិតអាពាហ៍ពិពាហ៍របស់គូស្នេហ៍កំលោះក្រមុំ។

ក្បួនហែកូនក្រមុំជាធម្មតាមានក្រុម ពីកែវ (ត្រែប្រពៃណី) អ្នកផ្លូវ កូនកំលោះ អ្នកហែហមកូនកំលោះនិងអ្នកនាំជំនូន។ ក្នុងសំឡេងរបស់ ពីកែវ ទំនុកច្រៀងទាំងឡាយបន្លឺឡើងហាក់ដូចជាបង្កើតបរិយាកាសសប្បាយបន្ថែមទៀតសម្រាប់ក្បួនដង្ហែ។ នៅតាមផ្លូវទៅទទួលកូនក្រមុំ ក្រុមតន្ត្រីពិធីតែងតែផ្លុំ ពីកែវ ដើម្បីជូនដំណឹងដល់បងប្អូន ញាតិសន្តាន ភូមិនិគមឲ្យបានជ្រាប។

Cuoi 3.jpg
ពិធីរៀបមង្គលការជាឱកាសបង្ហាញលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ យ៉ៃ

អញ្ជើញមកដល់ខ្លោងទ្វារផ្ទះកូនក្រមុំ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ខាងកូនកំលោះច្រៀងបទចម្រៀងសុំបើករបង។ នៅពេលបានយល់ព្រមហើយ សូរសំឡេង ពីកែវ ក៏បន្លឺឡើងទៀតសុំការអនុញ្ញាតពីបុព្វបុរស វង្សត្រកូលខាងកូនក្រមុំដើម្បីចូលផ្ទះ។ បញ្ចប់ពិធីទទួលកូនក្រមុំ ក្រុម ពីកែវ អុជធូបនិងផ្លុំបទតបស្នងគុណជូនពរដល់គូស្វាមីភរិយា ជាសញ្ញាពេលវេលាល្អទទួលកូនក្រមុំ។ នៅតាមផ្លូវអំឡុងពេលធ្វើដំណើរត្រឡប់មកវិញ សូរសំឡេង ពីកែវ តែងតែ អឺងកង គ្រលួច ប្រៀបដូចជាសប្បាយអរជូនដំណឹងថាបានទទួលកូនក្រមុំមកផ្ទះហើយ៕

អត្ថបទនិងរូបថត៖ វៀតង្វៀន
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍