បងប្អូនជនជាតិ ខ្មែរ ស្មើនឹងអត្រាជាង ៣០% នៃចំនួនប្រជាជន ហើយកម្មសិទ្ធ ៥/៨ នៃបេតិកភណ្ឌវប្បធម៌អរូបីជាតិនៃខេត្ត សុកត្រាំង រួមមាន៖ ពិធីបុណ្យអុំទូក ង សិល្បៈសម្តែងល្ខោន យូរកេរ៏ សិល្បៈរាំវង់ សិល្បៈសម្តែងភេ្លងពិណពាទ្យ សិល្បៈរាំ របាំ។ ដោយមានប្រវត្តិសាស្ត្រដ៏យូរលង់ ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង បាន បញ្ចេញនូវភាពស្រស់ស្អាតវប្បធម៌ដ៏វិសេសវិសាលជាច្រើន តាំងពីទម្រង់រូបភាពសិល្បៈរហូតដល់វប្បធម៌ជំនឿ វប្បធម៌ពិធីបុណ្យផ្សេងៗ។
យើងមានវត្តមាននៅទីក្រុង សុកត្រាំង ចំទិវាប្រព្រឹត្តឡើងពិធីបុណ្យ អកអំបុក ប្រណាំងទូក ង ខេត្ត សុកត្រាំង តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ៦ និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត សុកត្រាំង លើកទី ១ ឆ្នាំ ២០២៤។ ត្រូវបានសម្របខ្លួនក្នុងខ្សែចង្វាក់សកម្មភាពវប្បធម៌សិល្បៈដ៏សំបូរបែប ពោរពេញទៅដោយអត្តសញ្ញាណប្រហែលជាអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ យើងខ្ញុំគឺកម្មវិធីសម្តែងភេ្លងពិណពាទ្យជនជាតិខ្មែរដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ប្រមូលផ្តុំវង់ភេ្លងពិណពាទ្យចំនួន ២០ វង់ដោយមានសិប្បករសិប្បការិនី តន្ត្រីករ និងនាដក នាដកាចំនួន ២០០ នាក់ចូលរួម។
ភ្លេងពិណពាទ្យ គឺជាទម្រង់ភ្លេងប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ផ្សំឡើងដោយឧបករណ៍ភ្លេងចំនួន ៥ យ៉ាងមានវត្ថុធាតុចំនួន ៥ ផ្សេងៗគ្នារួមមាន៖ ដែក ឈើ ខ្យល់ ស្បែក និងលង្ហិន ៥ សម្លេងផ្សេងគ្នា។ នេះជាប្រភេទតន្ត្រីប្រគុំពោរពេញទៅដោយលក្ខណៈទំនៀមទំលាប់ ពិធីកិច្ចនិងសាសនា ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅខាងវិញ្ញាណនៅវត្តអារាម ភូមិឋាន របស់ជនជាតិខ្មែរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងថ្ងៃបុណ្យសំខាន់ៗរបស់បងប្អូនជនជាតិខ្មែរ ភ្លេងពិណពាទ្យមានសំឡេងធូរតឹង តែងតែត្រូវបានសំដែងដើម្បីអបចង្វាក់រាំ វណ្ណកម្មល្ខោន យូរកេរ៍ របាំ.. កាន់តែមានភាពទោរទន់ជាង បង្កើតបានលក្ខណៈដោយឡែក ភាពរស់រវើក ទាក់ទាញសម្រាប់ភ្លេងបុរាណ។ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ សិល្បៈសម្តែងប្រជាប្រិយ "ភ្លេងពិណពាទ្យរបស់បងប្អូនជនជាតិខ្មែរខេត្តសុកត្រាំង" ត្រូវបានទទួលស្គាល់ និងបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
បន្ទាប់ពីការសម្តែងតន្ត្រីប្រាំសំឡេង យើងរួមជាមួយនឹងប្រជាជនរាប់ម៉ឺននាក់ នៅខេត្តសុកត្រាំង និងតំបន់ផ្សេងទៀតក្នុងតំបន់ដីសណ្ដទន្លេមេគង្គ បានចូលរួមយ៉ាង រំភើបរីករាយក្នុងពិធីបើកការប្រណាំងទូក ង ខេត្ត សុកត្រាំង តំបន់ដីទំនាបទន្លេគឺវឡុង លើកទី៦ នៅខ្សែព្រាត់លើដងទន្លេ Maspero (ទីក្រុង សុកត្រាំង)។
ចំពោះបងប្អូនជនជាតិខ្មែរ ទូក ង មួយគ្រឿងៗ មានតួនាទីសំខាន់ណាស់ ចាត់ទុកជាដួងព្រលឹងការពារសន្តិភាព ជាតំណាងនៃសាមគ្គីភាព និងកម្លាំងភូមិនិគម។ ដូច្នេះហើយ ពេលមានទូក ង គឺបងប្អូនជនជាតិ ខ្មែរ ពីក្មេងដល់ចាស់សុទ្ធតែបង្ហាញការគោរពស្រឡាញ់បានចូលរួមកម្លាំងជួយក្រុមទូក ង និងភូមិនិគមរបស់ខ្លួន គ្រួសារជាច្រើនស្ម័គ្រចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីគិតគូរដល់ក្រុមទូក ង ទាំងមូល ចាប់ពីពេលហាត់សមរហូតដល់ថ្ងៃបើកពិធីបុណ្យ។ ពិធីបុណ្យអុំទូក ង របស់បងប្អូនជនជាតិខ្មែរ នៅខេត្ត សុកត្រាំង ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិនៅឆ្នាំ២០២២។
មិនត្រឹមតែសិល្បៈសម្តែងភ្លេងពិណពាទ្យ ពិធីបុណ្យអុំទូក ង ប៉ុណ្ណោះទេខេត្ត សុកត្រាំង ថែមទាំងជំរុញយ៉ាងខ្លាំងក្លាការអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អដូចជា៖ រៀបចំពិធីបុណ្យ ជ្រូយរំចេក (ពិធីបុណ្យសមុទ្រនៅ វិញចូវ) ពិធីបុណ្យ ថាក់គង (ពិធីបុណ្យថ្វាយស្លាធម៌ដូង) ពិធីបុណ្យ ង៉ិញអ៊ុង ពិធីបុណ្យ លយប្រទីព (បណ្តែតប្រទីព) ពិធីសំពះព្រះខែ... ការវិនិយោគកសាងស្ថាប័នវប្បធម៌ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើពិធីបុណ្យនានាដូចជា៖ វេទិកា ទំនប់ជើងទេរតាមខ្សែព្រាត់ប្រណាំងទូក ង តំបន់ទេសចរណ៍វប្បធម៌ប្រពៃណីកូនកោះ មីភឿក (ស្រុក ខ្សាច់) តំបន់រៀបចំពិធីបុណ្យសមុទ្រ វិញចូវ... ក៏ត្រូវបានផ្តល់ការយកចិត្តទុកដាក់ព្រមៗគ្នាផងដែរ៕
អត្ថបទ៖ ធូហឿង - រូបភាព៖ អានហៀវ
ប្រែសម្រួលដោយ៖ សឺនហេង