លំនៅឋានថ្មីចំនួន ១.៣០០ ខ្នងត្រូវបានប្រគល់អោយក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនៅខេត្ត ត្រាវិញ

លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណម អញ្ជើញថ្លែងសុន្ទរកឋាក្នុងពិធីសម្ពោធនិងប្រគល់លំនៅឋាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណម អញ្ជើញថ្លែងសុន្ទរកឋាក្នុងពិធីសម្ពោធនិងប្រគល់លំនៅឋាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ ក្រសួងនគរបាលបានរៀបចំពិធីសម្ពោធនិងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល បានបង្ហាញពីភាពជឿជាក់ថា ក្រោយទទួលបានលំនៅឋានថ្មីនេះ បងប្អូនប្រជាជននឹងមានកម្លាំងចិត្ត​បន្ថែមទៀតក្នុងការងារបង្កបង្កើនផលនិងផលិតកម្ម សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាជនទាំងមូល ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាតិ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្ត។ ផ្ដើមចេញពីនេះ នឹងចូលរួមចំណែកជួយលើកកម្ពស់គុណតម្លៃ សោភ័ណភាពជីវភាពរស់នៅរបស់សហគមន៍ និងជួយលើកតម្កើងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជាតិ វៀតណាម ទាំងមូលបន្ថែមទៀត។

02.jpg
ភ្ញៀវកិតិ្តយសអញ្ជើញធ្វើពិធីកិច្ចប្រគល់លំនៅឋានជូនគ្រួសារលោកស្រី ថាច់ ធីហ័ នៅ ឃុំ ភឿក ហ៊ឹង ស្រុក ត្រាគូ ខេត្តត្រាវិញ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងនគរបាល នាពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសនៅតែមានគ្រួសារជាច្រើនដែលមានជីវភាពរស់នៅលំបាក មានគ្រួសារជាច្រើនរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន មិនទាន់ធានាបានសុវត្ថិភាព ប្រឈមនឹងការបាក់រលំនៅពេលមានព្យុះភ្លៀង ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ ជំនោរទឹកសមុទ្រ។ល។ ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង សង្ឃឹមថា ទាំងអង្គភាពនិងជាលក្ខណៈបុគ្គលទាំងអស់នឹងបន្តពួតដៃគ្នាជាមួយកងកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អនុវត្តមានប្រសិទ្ធភាពខ្ពស់នូវគោលដៅរបស់បក្សនិងរដ្ឋស្តីអំពីការកាត់បន្ថយភាពក្រីក្រ ធ្វើអោយប្រទេសជាតិបោះជំហានចូលយុគសម័យថ្មីនាពេលឆាប់ៗ ខាងមុខ ឱ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត មានជីវភាពធូធារសម្បូរសប្បាយ ​សុភមង្គល គឺ​មិនបោះបង់ចោលប្រជាពលរដ្ឋណា​ម្នាក់​​ឡើយ។

03.jpg
តំណាងអង្គភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគម្រោង អញ្ជើញទទួលប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងនគរបាល។ រូបថត៖ ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង មានប្រសាសន៍បន្ថែមថា អនុវត្តចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់លំនៅឋានបណ្ដោះអាសន្ននិងទ្រុឌទ្រោម នៅទូទាំងប្រទេសចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥” ដែលបានដាក់ចេញនិងបំផុសចលនាមហាជនដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ក្រសួងនគរបាលបានបន្តរួមចំណែកក្នុងគោលដៅលុបបំបាត់លំនៅឋានបណ្តោះអាសន្ននិងទ្រុឌទ្រោមចំនួន ១៥៣.០០០ ខ្នងនៅទូទាំងប្រទេស ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាលនិងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅ។

ក្នុងស្មារតីនេះ ក្រសួងនគរបាលបានបំផុសចលនាកៀងគរធនធានពីប្រភពផ្សេងៗ សំដៅជួយឧបត្ថម្ភដល់ការសាងសង់លំនៅឋានបានជាង ១៥.០០០ ខ្នង ជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅតាមខេត្ត ក្រុងចំនួន ១៥ នៅទូទាំងប្រទេស។ ដោយឡែកនៅក្នុងភូមិសាស្ត្រខេត្ត ត្រាវិញ ថវិកាជាទឹកប្រាក់ចំនួន ៦៥ ពាន់លានដុង គឺបានមកពីការកៀងគរដោយក្រសួងនគរបាល ហើយខេត្តបានប្រើប្រាស់ប្រភពថវិកាបដិភាគចំនួន ១៩ ពាន់លានដុងសម្រាប់សាងសង់លំនៅឋាននួន ១.៣០០ ខ្នងអោយក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន។ ក្នុងចំណោម​លំនៅឋានទាំងនោះ មាន ៥០% ជាលំនៅឋាន​ដែលត្រូវ​បាន​សាងសង់​សម្រាប់​បងប្អូនជនជាតិ​ខ្មែរ។

04.jpg
តំណាងអង្គភាពគាំទ្រឧបត្ថម្ភ​គម្រោង​សាងសង់លំនៅឋាន​ចំនួន ១.៣០០ ខ្នង​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រ ក្រុមគ្រួសារមានជីវភាពរស់នៅស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋានក្នុងនៅ​ខេត្ត​ ត្រាវិញ អញ្ជើញទទួល​​ប័ណ្ណសរសើររបស់​ក្រសួង​នគរបាល។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ខាងលើដែរ លោក ងូ ជីគឿង លេខាគណៈកម្មាធិការបក្សខេត្ត ត្រាវិញ ក៏បានថ្លែងអំណរគុណចំពោះក្រសួងនគរបាលនិងសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងយុទ្ធនាការជួយឧបត្ថម្ភសាងសង់លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន សំដៅរួមចំណែកក្នុងការ​អនុវត្តឱ្យបានប្រសិទ្ធភាព​នូវគោលនយោបាយ​សន្តិសុខ​សង្គម​នៅតាមមូលដ្ឋាន និង​លើក​កម្ពស់​គុណភាពនិងលក្ខណវិនិច្ឆ័យ​អំពីជនបទ​ថ្មី​របស់​ខេត្ត។

អាស្រ័យដូច្នេះ ក្នុងអំឡុងពេល ៩ ខែ ដំបូងនៃឆ្នាំ ២០២៤ នេះ ក្រៅពីលំនៅឋានចំនួន ១.៣០០ ខ្នងដែលឧបត្តម្ភដោយក្រសួងនគរបាល ខេត្ត ត្រាវិញ ក៏បានប្រើប្រាស់ថវិកាពីមូលនិធិសន្តិសុខសង្គមនិងមូលនិធិដើម្បីជនក្រីក្រ ជួយសាងសង់លំនៅឋានជាង ២.២៥០ ខ្នងអោយក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន។

05.jpg
តំណាងគ្រួសារប្រជាជនអញ្ជើញទទួលផ្លាកជានិមិត្តសញ្ញានៃការប្រគល់ជូនលំនៅឋាននិងអំណោយរបស់រដ្ឋមន្ត្រីក្រសួងនគរបាល។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រះឧបជ្ឈាយ៍​ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនា វៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ត្រាវិញ និងជាព្រះចៅអធិការវត្តអង្គរាជបុរី (វត្តអង្គ) មានថេរដីកាវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើរបស់ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្តនិងនគរបាលខេត្ត ត្រាវិញ។

ព្រះឧបជ្ឈាយ៍​ ថាច់ សុខសាន្ត បានមាន​ថេរដីកា​ថា “ខ្ញុំព្រះករុណា​បាននិមន្ត​ចូល​រួម​ពិធី​ប្រគល់​ផ្ទះ​នេះ ហើយ​មាន​សេចក្តី​សោមនស្ស​រីករាយក្រៃលែង។ ប្រជាជន​រីករាយក្រៃលែង​ដែលបាន​ទទួល​ការជួយ​សាងសង់​ផ្ទះ​ថ្មី។ ពូកគាត់លែងមានការព្រួយបារម្ភអំពីទីកន្លែងស្នាក់នៅទៀតហើយ ហើយពួកគាត់នឹងខិតខំអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារឱ្យបានល្អប្រសើរជាងមុន។ គម្រោងសាងសង់លំនៅឋានចំនួន ១.៣០០ ខ្នងនេះ ពិតជាល្អប្រពៃណាស់ ដែលបង្ហាញអំពីវប្បធម៌ប្រពៃណីដែលដិតដាមទៅដោយមនោសញ្ចតនាយ៉ាងជ្រាលជ្រៅ ​ស្មារតី​សាមគ្គីភាពក្នុងចំណោមជន​ជាតិទាំងអស់នៅទូទាំងប្រទេស ជាពិសេសរបស់ថ្នាក់ដឹកនាំក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងនគរបាលខេត្ត ត្រាវិញ​ ​ចំពោះ​គ្រួសារប្រជាជនដែល​នៅ​ជួប​ការ​លំបាកក្នុងជីវភាពរស់នៅ ជា​ពិសេស​ចំពោះ​បងប្អូនជនរួម​ជាតិ​ខ្មែរ»។

06.jpg
លោក ងូ ជីគឿង លេខាគណៈកម្មាធិការបក្សខេត្ត ត្រាវិញ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនិងប្រគល់ជូនលំនៅឋាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រះឧបជ្ឈាយ៍ គីម ង៉ុកទាន់ ប្រធានសមាគមព្រះសង្ឃសមាគ្គីស្នេហាជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ក៏មានថេរដីកាយល់ស្របនិងឯកភាពទាំងស្រុង ជាមួយគោលនយោបាយរួមដៃគ្នាដើម្បីជនក្រីក្ររបស់បក្សនិងរដ្ឋ។ ព្រះឧបជ្ឈាយ៍ គីម ង៉ុកទាន់ មាន​សង្ឃដីកា​ថា “ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណដោយស្មោះ ចំពោះក្រសួងនគរបាលនិងខេត្តដែលបានយកចិត្តទុកដាក់សាងសង់លំនៅឋានយ៉ាងសមរម្យជូនប្រជាជនក្រីក្រ។ ក្នុងនាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ត្រាគូ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណដោយស្មោះ ចំពោះក្រសួងនគរបាល ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត”។

គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ខេត្ត ត្រាវិញ នៅមានប្រជាជនក្រីក្រចំនួនជាង ៣.៤០០ គ្រួសារ ស្មើនឹង ១,១% និងប្រជាជនមានជីវភាពរស់នៅស្ថិតនៅក្បែរបន្ទាត់ភាពក្រីក្រចំនួនជាង ៦.៧០០ គ្រួសារ ស្មើនឹង ២,៣% នៃចំនួនគ្រួសារប្រជាជនសរុបក្នុងទូទាំងខេត្ត។ ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ខេត្ត ត្រាវិញ បានកំណត់ថា ការងារជួយថែទាំបងប្អូនជនជាតិភាគតិចគឺជាការងារគោលដៅសំខាន់មួយ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ គាំទ្រមុខរបរចិញ្ចឹមជីវិត ផ្លាស់ប្តូរមុខរបរថ្មី។ល។ សំដៅជួយអោយបងប្អូនជនរូមជាតិអាចបង្កើនប្រាក់ចំណូលនិងមានស្ថិរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

07.jpg
ព្រះឧបជ្ឈាយ៍​ ថាច់ សុខសាន្ត និមន្តសួរសុខទុក្ខលោកស្រី ថាច់ ធីហ័ (នៅ ឃុំ ភឿកហ៊ឹង ស្រុក ត្រាគូ ខេត្ត ត្រាវិញ) ពេលគ្រួសារលោកស្រីទទូលបានលំនៅឋានថ្មីពីគម្រោង។ រូបថត៖ cand.com.vn

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានការរួមចំណែករបស់ក្រសួងនគរបាលនិងការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ការអនុវត្តគោលនយោបាយយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត ត្រាវិញ ត្រូវបានផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ និងបានជួយអោយជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាសក្ខីកម្មជាក់ស្តែងមួយ ប្រកបដោយភាពស៊ីសង្វាក់និងប្រសិទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនៅទូទាំងប្រទេសស្របតាមគោលការណ៍ និងគោលនយោបាយរបស់បក្សនិងរដ្ឋ ជាពិសេស ចំពោះបងប្អូនជនជាតិភាគតិចទាំងអស់និយាយជារួមនិងចំពោះបងប្អូនជនជាតិខ្មែរនិយាយដោយឡែក៕

ផលិតដោយ៖ ថាញ់ហ្វា - បឹងបួ

អ្នកប្រហែលជាចាប់អារម្មណ៍