​យន្តហោះ​ក្រុមហ៊ុន Virgin Orbit ដឹក​រ៉ុក្កែត​ទៅដល់​ទី​អវកាស​ជា​លើកដំបូង

​យន្តហោះ​ក្រុមហ៊ុន Virgin Orbit ដឹក​រ៉ុក្កែត​ទៅដល់​ទី​អវកាស​ជា​លើកដំបូង

យន្តហោះរបស់ក្រុមហ៊ុន Virgin Orbit របស់លោក រីឆាត ប្រេនសុន កាលពីថ្ងៃទី ១៧ ខែ មករា បានដឹករ៉ុក្កែតមួយចូលទៅទីអវកាសដោយជោគជ័យពីស្លាបយន្តហោះ Boeing 747 កែច្នៃរបស់ខ្លួន ដែលនេះនឹងត្រួសត្រាយផ្លូវសម្រាប់វិធីសាស្ត្រថ្មីនៃការបាញ់បង្ហោះផ្កាយរណបក្នុងតម្លៃទាប។

​យន្តហោះ​ក្រុមហ៊ុន Virgin Orbit ដឹក​រ៉ុក្កែត​ទៅដល់​ទី​អវកាស​ជា​លើកដំបូង ảnh 1

រ៉ុក្កែត LauncherOne ត្រូវបានបង្ហោះទៅទីអវកាសដោយជោគជ័យ ក្រោមស្លាបយន្តហោះកែច្នៃ Boeing 747 ដែលមានឈ្មោះថា Cosmic Girl

នេះគឺជាការប៉ុនប៉ងលើកទី ២ របស់ក្រុមហ៊ុននេះ បន្ទាប់ពីការសាកល្បងបរាជ័យកាលពីខែ ឧសភា។ ក្រុមហ៊ុនបានបង្ហោះសារពីគណនី Twitter របស់ខ្លួននៅម៉ោង ២:៤៩ រសៀល ថា រ៉ុក្កែត LauncherOne បានទៅដល់គន្លងគោចរហើយ! គ្រប់គ្នានៅក្នុងក្រុមគ្រប់គ្រងបញ្ជាបេសកកម្មកំពុងរំភើបរីករាយយ៉ាងខ្លាំងបំផុត

យន្ដហោះបានហោះចេញពីកំពង់ផែអាកាសនិងអវកាស ម៉ូចេវ នៅតំបន់វាលខ្សាច់ភាគខាងជើងនៃទីក្រុង ឡូសអេនជេឡេស និងបាញ់បង្ហោះរ៉ុក្កែតនៅលើមហាសមុទ្រ ប៉ាស៊ីហ្វិក។

បង្កើតឡើងដោយមហាសេដ្ឋី អង់គ្លេស រីឆាត ប្រេនសុន ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន Virgin Orbit ចង់ផ្តល់ជូននូវសេវាកម្មរហ័សនិងបត់បែនបានសម្រាប់ប្រតិបត្តិករផ្កាយរណបតូចៗ ដែលមានទម្ងន់ពី ៣០០ ទៅ ៥០០ គីឡូក្រាម ដែលជាទីផ្សារកំពុងត្រូវប៉ាន់។

រ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit ដែលមានប្រវែង ២១ ម៉ែត្រឈ្មោះថា LauncherOne ត្រូវបានដាក់នៅពីក្រោមស្លាបយន្តហោះកែច្នៃ Boeing 747 ដែលមានឈ្មោះថា Cosmic Girl។

នៅពេលវាឈានដល់កម្ពស់ចាំបាច់ហើយនោះ យន្តហោះនឹងព្រលែងរ៉ុក្កែត ដែលម៉ាស៊ីនរបស់វានឹងបញ្ឆេះឡើងដើម្បីរុញវាចូលទៅគន្លងផែនដីនិងយកទំនិញរបស់វាទៅផ្ទុកនៅក្នុងលំហ។

ការបាញ់បង្ហោះរ៉ុក្កែតពីយន្ដហោះគឺមានភាពបត់បែនជាងការបាញ់បង្ហោះជាលក្ខណៈបញ្ឈរពីផ្ទៃដី ពីព្រោះតាមទ្រឹស្តីអ្វីដែលក្រុមហ៊ុនទាំងអស់ត្រូវការគឺមានផ្លូវហោះស្រាប់ៗ ជាជាងបង្កើតស្ថានីយបាញ់បង្ហោះយានអវកាស។

លោក រីឆាត ប្រេនសុន បានបង្កើតក្រុមហ៊ុនអវកាសមួយទៀតឈ្មោះថា Virgin Galactic ដែលកំពុងប្រើគំនិតស្រដៀងគ្នានេះ ដើម្បីនាំអ្នកទេសចរទៅលំហអាកាសដើម្បីសាកល្បងនូវបទពិសោធន៍ “គ្មានទម្ងន់សោះ” នៅសុញ្ញអាកាសនៅកម្ពស់ ៨០ គីឡូម៉ែត្រពីលើផ្ទៃផែនដី៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍