យោងតាមប្រភពពី AFP និង The Guardian ចេញផ្សាយកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Apple បានវ៉ាដាច់ក្រុមហ៊ុន Samsung ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ ដើម្បីក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតនៅលើពិភពលោក។
យោងតាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ IDC ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅបង្ហាញថា iPhone របស់ Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ អាមេរិក បានដណ្តើមមកុដឯករបស់ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ កូរ៉េខាងត្បូង នៅក្នុងឆ្នាំ ២០២៣ ជាមួយការលក់ដាច់រហូតដល់ ២៣៤.៦ លានគ្រឿង បើធៀបទៅនឹងក្រុមហ៊ុន Samsung ដែលលក់បានត្រឹម ២២៦.៦ លានគ្រឿង។
របាយការណ៍របស់ IDC អះអាងថា ក្រុមហ៊ុន Apple បានគ្រប់គ្រងចំណែកទីផ្សារ ២០.១% នាំមុខក្រុមហ៊ុន Samsung ដែលមានត្រឹម ១៩.៤%។ អ្នកវិភាគមកពីក្រុមតាមដានទីផ្សារដែលតាមដានយ៉ាងដិតដល់បានលើកឡើងថា ការកើនឡើងរបស់ក្រុមហ៊ុន Apple គឺដោយសារភាពជោគជ័យនៃឧបករណ៍ទំនើបៗ ដូចជា iPhone ជាដើម។
ទន្ទឹមជាមួយគ្នានោះ ពួកគេក៏បានចង្អុលបង្ហាញពីទីផ្សារដែលបែកបាក់កាន់តែខ្លាំងឡើងសម្រាប់ស្មាតហ្វូនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ដោយលើកឡើងពីគូប្រជែង Samsung កម្រិតទាបដូចជាក្រុមហ៊ុនចិន Transsion និង Xiaomi ក៏ដូចជា Honor និងក្រុមហ៊ុនអាមេរិក Google។
IDC បន្ថែមថា ភាពជោគជ័យនៃការផ្តល់ជូនដែលទទួលបានយ៉ាងល្អរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេស ចិន ក៏មានឥទ្ធិពលលើការធ្លាក់ចុះនៃការលក់របស់ក្រុមហ៊ុន Samsung ផងដែរ។ ទិន្នន័យលក់បានកើតឡើងមុនការចេញលក់កំពូលស្មាតហ្វូនស៊េរី Galaxy S24 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ក្នុងព្រឹត្តិការណ៍នៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២៤។
យ៉ាងណាមិញ ប្រភពពី IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ ៣.២% មកនៅត្រឹម ១.១៧ ពាន់លានគ្រឿងក្នុងឆ្នាំ ២០២៣ ទោះបីជាក្រុមនេះធ្លាប់បានអះអាងថា ឧស្សាហកម្មស្មាតហ្វូនកំពុងងើបឡើងវិញយ៉ាងណាក៏ដោយ។ សេចក្តីថ្លែងការណ៍មួយរបស់ IDC បានឱ្យដឹងថា កំណើនក្នុងឆមាសទីពីរនៃឆ្នាំនេះបានពង្រឹងការងើបឡើងវិញដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២៤៕
ដកស្រង់និងកែសម្រួលពីកោះសន្តភាពដោយ៖ សិរីសួស្តី