កាលពីថ្ងៃទី ២ ខែ មីនា អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល ប៉ុន្តែមានហានិភ័យខ្ពស់ក្នុងការចូលដេកមន្ទីរពេទ្យ ដូចជាមនុស្សចាស់ ឬអ្នកមិនទាន់ចាក់វ៉ាក់សាំង។
ថ្នាំគ្រាប់ Molnupiravir ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថ អាម៉េរិក Merck ត្រូវលេបឱ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីរោគសញ្ញា កូវីដ-១៩ វិវត្តហើយបន្ទាប់មកត្រូវលេបជាប់គ្នារយៈពេលប្រាំថ្ងៃ។
ក្រុមអ្នកជំនាញរបស់ WHO បាននិយាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស ថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយឬមានជំងឺរ៉ាំរ៉ៃក៏ត្រូវបានណែនាំឱ្យលេបថ្នាំនេះផងដែរ ប្រសិនបើពួកគេមិនមានអាការៈកូវីដ-១៩ ធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា “អ្នកជំងឺវ័យក្មេងនិងមានសុខភាពល្អ រួមទាំងកុមារនិងស្ត្រីមានផ្ទៃពោះនិងកំពុងបំបៅដោះកូនមិនគួរលេបថ្នាំនេះទេ ដោយសារតែគ្រោះថ្នាក់ដែលអាចកើតមានឡើង”។
ការណែនាំថ្មីរបស់អង្គការសុខភាពពិភពលោកគឺផ្អែកលើលទ្ធផលនៃការសាកល្បងចំនួន ៦ ពាក់ព័ន្ធនឹងអ្នកជំងឺ ៤.៧៩៦ នាក់ ដែលជា “សំណុំទិន្នន័យធំបំផុតអំពីថ្នាំនេះរហូតមកដល់ពេលនេះ”។
ការសាកល្បងព្យាបាលបានលើកឡើងថា ថ្នាំ Molnupiravir បានកាត់បន្ថយ ហានិភ័យនៃការចូលដេកមន្ទីរពេទ្យ ជាមួយអត្រាតិចជាង ៤៣ នាក់ក្នុងអ្នកជំងឺដែលមានហានិភ័យខ្ពស់ ១.០០០ នាក់ក៏ដូចជាបង្កើនល្បឿនជាសះស្បើយក្នុងពេលជាមធ្យម ៣,៤ ថ្ងៃផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា