ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ មានរ៉ូបូតជាច្រើនប្រភេទត្រូវបានបង្កើតឡើង។ អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិជ្ជា ប៉េកាំង បានបង្ហាញសត្វរ៉ូបូតមួយទៀតគឺកណ្តុររ៉ូបូត។
សត្វកណ្ដុរ ហៅថា SQuRo អាចអង្គុយ ឈរ ដើរ វារ និងបង្វិលខ្លួនដូចកណ្តុរពិតៗ ហើយថែមទាំងអាចផ្ទុកទម្ងន់ស្មើនឹង ៩១ ភាគរយនៃទម្ងន់របស់វាផ្ទាល់ទៀតផង។
រ៉ូបូត SQuRo អាចមានប្រយោជន៍សម្រាប់ការត្បុរចូលតាមកន្លុកកន្លៀតតូចចង្អៀតក្នុងអំឡុងពេលបេសកកម្មស្វែងរកនិងជួយសង្គ្រោះ។
កណ្តុរ SQuRo អាចឆ្លងកាត់ផ្លូវដែលមានទទឹង ៣,៥ អ៊ីង ឆ្លងកាត់ឧបសគ្គកម្ពស់ ១,១ អ៊ីញ និងឡើងលើជម្រាលក្នុងមុំ ១៥ ដឺក្រេ
យោងតាមក្រុមអ្នកស្រាវជ្រាវ សត្វកណ្តុរបានក្លាយជាការបំផុសគំនិតដ៏សំខាន់សម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើននៅពេលនិយាយអំពីរ៉ូបូត។
ក្រុមការងារខាងលើបានពន្យល់ថា "សត្វកណ្តុរដែលរស់នៅក្នុងរូងភ្នំបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើន ដោយសារភាពរហ័ស រហួននិងការសម្របខ្លួនដែលមិនអាចប្រៀបផ្ទឹមបានរបស់ពួកវា"។ កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងដោយព្យាយាមធ្វើត្រាប់តាមរូបសណ្ឋានឬលក្ខណៈចលនារបស់សត្វកណ្តុរ"។
សត្វកណ្ដុរមានភាពប៉ិនប្រសព្វក្នុងការត្បុរចូលតាមចន្លោះតូចចង្អៀត ដោយសាររាងកាយស្លីមវែងនិងភាពរហ័សរហួន។ ដើម្បីអភិវឌ្ឍកណ្តុរ SQuRo អ្នកស្រាវជ្រាវបានសិក្សាលើដងខ្លួននិងចលនារបស់សត្វកណ្តុរ បង្កើតឆ្អឹងខ្នងវែងនិងអាចបត់បែនបានដូចសត្វកណ្តុរពិតៗ។ ផលិតផលសម្រេចរបស់ពួកគេអាចអនុវត្តចលនាផ្សេងៗ ដូចជា៖ ក្រាបហើយក្រោកឈរ ដើរ លូន វារនិងបង្វិលខ្លួន ហើយថែមទាំងអាចងើបឡើងវិញបន្ទាប់ពីដួលទៀតផង។
ហើយក្នុងអំឡុងពេលធ្វើតេស្តិ៍លើទីលាន កណ្តុរ SQuRo អាចឆ្លងកាត់ផ្លូវដែលមានទទឹង ៣,៥ អ៊ីង ឆ្លងកាត់ឧបសគ្គកម្ពស់ ១,១ អ៊ីញ និងឡើងលើជម្រាលក្នុងមុំ ១៥ ដឺក្រេ។
ក្រុមការងារសង្ឃឹមថា នៅថ្ងៃណាមួយសត្វកណ្ដុរនេះអាចត្រូវបានប្រើដើម្បី ជួយដល់បេសកកម្មស្វែងរកនិងជួយសង្គ្រោះ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី