ក្រុមអ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ គ្រោងនឹងក្លូន ហើយបន្ទាប់មកបង្កាត់ពូជជ្រូកកែប្រែហ្សែននៅឆ្នាំនេះ។ ពួកគេនឹងប្រើកំណែសាមញ្ញនៃសត្វជ្រូកដែលធ្វើវិស្វកម្មដោយ សហរដ្ឋអាម៉េរិក ដែលបានប្រើកាលពីខែមុនក្នុងការប្តូរបេះដូងជ្រូកមកមនុស្សជាលើកដំបូងលើពិភពលោក។
លោក អេកខាត វូហ្វ (Eckhard Wolf) ជាអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ លូកវីក ម៉ាស៊ីមីលៀន (Ludwig-Maximilians) ក្នុងទីក្រុង មុយនិច បានពោលថា ក្រុមស្រាវជ្រាវរបស់គាត់មានបំណងចង់ឱ្យមានប្រភេទសត្វជ្រូកថ្មី ដែលកែប្រែពីពូជជ្រូកនៅកោះ អកលែន (Auckland) រួចរាល់សម្រាប់ការសាកល្បងប្តូរបេះដូងនៅត្រឹមឆ្នាំ ២០២៥។
ក្នុងការវះកាត់លើកដំបូង ក្រុមគ្រូពេទ្យមួយនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ម៉ារីលែន កាលពីខែមុនបានប្តូរបេះដូងពីជ្រូកមួយក្បាលដែលកែហ្សែនចំនួន ១០ ដាក់ទៅបុរសឈឺធ្ងន់ធ្ងរម្នាក់។ វេជ្ជបណ្ឌិតរបស់គាត់និយាយថា អ្នកជំងឺកំពុងឆ្លើយតបបានយ៉ាងល្អ ទោះបីជាហានិភ័យនៃការឆ្លងមេរោគ ការបដិសេធសរីរាង្គ ឬជំងឺលើសឈាមនៅតែមានក៏ដោយ។
លោក វូហ្វ ដែលការងាររបស់គាត់បានបង្កឱ្យមានការជជែកវែកញែកដ៏ក្តៅគគុកនៅក្នុងប្រទេសមួយ ដែលមានអត្រាបរិច្ចាគសរីរាង្គទាបបំផុតមួយនៅ អឺរ៉ុប និងចលនាសិទ្ធិសត្វដ៏ខ្លាំងក្លានោះ បានប្រាប់ថា “គំនិតរបស់យើងគឺត្រូវបន្តជាមួយនឹងគំរូដ៏សាមញ្ញមួយ ពោលគឺជាមួយនឹងការកែប្រែហ្សែនចំនួនប្រាំ”៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី