កាលពីថ្ងៃទី ៩ ខែ មិថុនា ទីភ្នាក់ងារអវកាសនេះបានប្រកាសពីការសិក្សាថ្មីមួយដែលនឹងជ្រើសរើសអ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរូបដើម្បីពិនិត្យមើលបាតុភូតលើអាកាស ដែលមិនស្គាល់អត្តសញ្ញាណ ជាប្រធានបទមួយទាក់ទាញសាធារណជនជាយូរមកហើយ។
គម្រោងនេះនឹងចាប់ផ្តើមនៅដើមរដូវស្លឹកឈើជ្រុះ មានរយៈពេលប្រហែលប្រាំបួនខែ ដោយផ្តោតលើការកំណត់អត្តសញ្ញាណទិន្នន័យដែលអាចរកបានរបៀបប្រមូលទិន្នន័យបន្ថែមទៀតនាពេលអនាគត និងរបៀបដែល ណាសា អាចវិភាគការរកឃើញដើម្បីព្យាយាមយល់ដឹងខាងវិទ្យាសាស្ត្រ។
លោក ដានីញែល អ៊ីវ៉ាន់ (Daniel Evans) អ្នកវិទ្យាសាស្ត្រ ណាសា ទទួលបន្ទុកសម្របសម្រួលការសិក្សានេះ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា “អស់ជាច្រើនទសវត្សរ៍មកហើយអង្គការណាសាបានឆ្លើយតបការអំពាវនាវឱ្យដោះស្រាយនូវអាថ៌កំបាំងដ៏គួរឱ្យងឿងឆ្ងល់បំផុតនេះ ដែលយើងបានដឹង ហើយនេះគឺមិនខុសគ្នានោះទេ”។
ខណៈ ណាសា កំពុងស៊ើបអង្កេតនិងយានជាច្រើនកំពុងរុករកប្រព័ន្ធព្រះអាទិត្យសម្រាប់ហ្វូស៊ីលនៃអតិសុខុមប្រាណបុរាណ ហើយតារាវិទូរបស់ខ្លួនកំពុងស្វែងរកអ្វីដែលគេហៅថា “បច្ចេកវិជ្ជាធម្មជាតិ” នៅលើភពដ៏សែនឆ្ងាយសម្រាប់សញ្ញានៃអរិយធម៌ឆ្លាតវៃ។ នេះគឺជាលើកដំបូងហើយដែលទីភ្នាក់ងារនេះនឹងស៊ើបអង្កេតបាតុភូតដែលមិនអាចពន្យល់បាននៅលើមេឃរបស់ផែនដី។
យោងតាមលោក ថូម៉ាស់ ហ្សួបូឈិន (Thomas Zurbuchen) ជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ ណាសា ដោយមានឧបករណ៍វិទ្យាសាស្ត្រដ៏ទូលំទូលាយ ណាសា ត្រូវបានដាក់នៅទីតាំងល្អមិនត្រឹមតែដើម្បីពន្យល់ពីយាន UFO និងធ្វើឱ្យការយល់ដឹងផ្នែកវិទ្យាសាស្ត្រកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកវិធីកាត់បន្ថយបាតុភូតនេះទៀតផង ដែលជាផ្នែកសំខាន់នៃបេសកកម្មរបស់ខ្លួនក្នុងការធានាសុវត្ថិភាពយន្តហោះ។
ការប្រកាសនេះបានកើតឡើងខណៈដែលវិស័យសិក្សាអំពីយាន UFO ដែលធ្លាប់ជាផ្នែកស្រាវជ្រាវមិនសំខាន់កំពុងទទួលបានការទាក់ទាញកាន់តែខ្លាំង។
កាលពីខែមុន សភាបានធ្វើសវនាការជាសាធារណៈអំពីយាន UFO ខណៈរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុនបានរកឃើញវត្ថុមិនអាចពន្យល់បានចំនួន ១៤៤។ របាយការណ៍មិនបានច្រានចោលប្រភពដើមរបស់វាពីភពក្រៅនោះទេ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី