អស់រយៈកាលជាង ៥០ ឆ្នាំចាប់តាំងពីក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្ត C111 ពណ៌ទឹកក្រូចភ្លឺរលើបរលោងមក ឥឡូវនេះក្រុមហ៊ុនបានផលិតឡានបែបថ្មីមួយទៀត មានឈ្មោះថា One-Eleven ជាកំពូលរថយន្តអគ្គិសនីកៅអីពីរ មើលទៅដូចសត្វកញ្ចែមាសដ៏ស្រស់ឆើតឆាយ ដោយសារតែពណ៌ទឹកក្រូចឆ្នូតខ្មៅខាងក្រៅដ៏រលើបរលោង។
រថយន្តនេះក៏មានតួអ៊ែរ៉ូឌីណាម៉ិករាងសំប៉ែតស្តើងនិងទ្វារដូចស្លាបសត្វបើកឡើងលើទាំងសងខាង។នៅខាងក្នុងរថយន្ត One-Eleven មានកៅអីអង្គុយបែបក្នុងបន្ទប់ទទួលភ្ញៀវ ដែលបំផុសគំនិតពីរឿងប្រឌិតបែបវិទ្យាសាស្ត្រ ជាមួយនឹងកៅអីពណ៌ប្រាក់រចនាប័ទ្មរថយន្ត F1 ចំនួនពីរ និងដៃចង្កូតរាងចតុកោណ រួមជាមួយនឹងផ្ទាំងតាប្លូដែលមានគ្រាប់ភីកសែលព្រាកៗ ដំបូលមើលឃើញមេឃ និង កន្លែងផ្ទុកអីវ៉ាន់ធំទូលាយ។
រថយន្តគំរូ One-Eleven
One-Eleven គឺជាការបកស្រាយឡើងវិញនៃរថយន្ត C111 ជារថយន្តពិសោធន៍ពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ហើយថែមទាំងត្រូវបានកែសម្រួលឱ្យធ្វើការជាមួយវ៉ែនតា AR ដើម្បីឱ្យផ្ទាំងតាប្លូមានជីវិតរស់រវើកទៀតផង។
ក្រុមហ៊ុន អាល្លឺម៉ង់ នេះបានបញ្ជាក់ថា ឡានគំរូនេះបានបង្ហាញនូវការលាយបញ្ចូលគ្នាយ៉ាងរលូននៃរាងឆើតឆាយ និងលក្ខណៈសមជារថយន្តប្រណីតពេញលក្ខណៈ ហើយស័ក្តិសមជាវត្ថុសិល្បៈមួយ ព្រោះតែការរចនាបែបនិមិត្តរូប តិចនិយម (minimalist) និងផ្ទៃខាងលើរលោងស្រិល៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់