កាលពីថ្ងៃទី ២៥ ខែ ធ្នូ កែវយឹតអវកាសដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកត្រូវបានបាញ់បង្ហោះទៅកាន់គន្លងរបស់វា ដែលមានចម្ងាយ ១,៥ លានគីឡូម៉ែត្រពីផែនដី បន្ទាប់ពីមានការពន្យារពេលជាច្រើនលើកដោយសារតែបញ្ហាបច្ចេកទេស។
កែវយឺតអវកាសឈ្មោះ James Webb Space Telescope ដែលចំណាយពេលប្រហែលបីទសវត្សរ៍និងប្រាក់រាប់ពាន់លានដុល្លាក្នុងការផលិត បានចាកចេញពីផែនដីតាមរ៉ុក្កែត Ariane 5 ពីមជ្ឈមណ្ឌលអវកាស គូរូ នៅកោះ ហ្គីយ៉ាណាបារាំង (French Guiana)។
ការបាញ់បង្ហោះដែលធ្វើឡើងបន្ទាប់ពីម៉ោង ៩ និង ២០ នាទីព្រឹក ម៉ោងសកលបានបញ្ជូនកែវយឹតនេះទៅក្នុងដំណើររយៈពេលមួយខែទៅកាន់គន្លងដាច់ស្រយាលរបស់វា។
គេរំពឹងថាកែវយឹតនេះនឹងបញ្ជូនតម្រុយថ្មីមកផែនដីវិញ ដែលវានឹងជួយអ្នកវិទ្យាសាស្ត្រយល់បន្ថែមអំពីប្រភពដើមនៃចក្រវាល និងភពស្រដៀងនឹងផែនដីនៅក្រៅប្រព័ន្ធសុរិយគតិរបស់យើង។
ដាក់ឈ្មោះតាមអតីតនាយក ណាសា កែវយឹត Webb ដើរតាមគន្លងកែវយឹតរាមច្បង Hubble ប៉ុន្តែមានបំណងបង្ហាញមនុស្សឱ្យដឹងថាតើចក្រវាលមើលទៅដូចជាអ្វីកាលពី ១៤ ពាន់លានឆ្នាំមុន។
ថ្លែងនៅលើបណ្តាញសង្គម សហស្ថាបនិកគម្រោងកែវយឹត Webb លោក ចន ម៉ាធឺ បានពណ៌នាអំពីសមត្ថភាពចាប់សញ្ញាបានលឿនមិនធ្លាប់មានពីមុនមករបស់កែវយឹតនេះ។
លោកបានប្រាប់ថា “កែវយឹត JWST អាចមើលឃើញរលកកម្តៅតូចៗ នៅឆ្ងាយពីព្រះចន្ទ”។ ថាមពលខ្លាំងក្លាបែបនេះគឺត្រូវការជាចាំបាច់ដើម្បីរកមើលពន្លឺខ្សោយដែលបញ្ចេញកាលពីរាប់ពាន់លានឆ្នាំមុន ដោយកាឡាក់ស៊ីដំបូងបំផុត និងផ្កាយដំបូងដែលត្រូវបានបង្កើតឡើង៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា