រុស្ស៊ី បង្ហាញយន្តហោះចម្បាំងថ្មី ដើម្បីប្រជែងយន្តហោះចម្បាំង អាមេរិក F-35

យន្តហោះចម្បាំង រុស្ស៊ី  The Checkmate។ រូបភាព៖ AP
យន្តហោះចម្បាំង រុស្ស៊ី The Checkmate។ រូបភាព៖ AP

កាលពីថ្ងៃទី ២០ ខែ កក្កដា រុស្ស៊ី បានបញ្ចេញយន្តហោះចម្បាំងប្រភេទ Sukhoi ស៊េរីថ្មី ដើម្បីប្រជែងជាមួយយន្តហោះចម្បាំង អាមេរិក ធុន F-35 ។ យន្តហោះដែលត្រូវបានដាក់រហស្សនាម "The Checkmate" មានសមត្ថភាពវាយប្រហារគោលដៅចំនួន ៦ ក្នុងពេលដំណាលគ្នា។

យន្តហោះចម្បាំង រុស្ស៊ី ប្រភេទថ្មីដែលអាចបំបាំងកាយផង ត្រូវបានផលិតឡើងតាំងពីខែ ឧសភា ឆ្នាំ ២០២០ មកម៉្លេះ។ ដោយផ្អែកតាមវីដេអូដាក់បង្ហាញយន្តហោះ The Checkmate ត្រូវបានអភិវឌ្ឍក្នុងរយៈពេលកំណត់ត្រាមួយ។ 

រុស្ស៊ី បង្ហាញយន្តហោះចម្បាំងថ្មី ដើម្បីប្រជែងយន្តហោះចម្បាំង អាមេរិក F-35 ảnh 1យន្តហោះចម្បាំង រុស្ស៊ី  The Checkmate។ រូបភាព៖ AP

យន្តហោះចម្បាំង រុស្ស៊ី ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Rostec និងក្រុមហ៊ុនរដ្ឋ រុស្ស៊ី United Aircraft Corporation។ ក្រុមហ៊ុន Rostec បានអះអាងថា យន្តហោះចម្បាំងជំនាន់ទី ៥ មានម៉ាស៊ីនមួយនិងបំពាក់បញ្ញាសិប្បនិម្មិត។

មិនតែប៉ុណ្ណោះ វាអាចវាយប្រហារគោលដៅចំនួន ៦ ក្នុងពេលដំណាលគ្នា រួមទាំងនៅលើដី ទឹក និងអាកាសផង។ យន្តហោះចម្បាំងអាចបំពាក់ដ្រូន និងបញ្ជាដ្រូនក្នុងពេលហោះហើរនេះ មានតម្លៃចាប់ពី ២៥ លានដុល្លារទៅ ៣០ លានដុល្លារប៉ុណ្ណោះ។ 

ទាក់ទិននឹងការកម្មង់ទិញ អគ្គនាយកក្រុមហ៊ុន United Aircraft Corporation លោក Yury Slyusar បានលើកឡើងថា យន្តហោះចម្បាំង The Checkmate នឹងអាចផ្តល់ទៅប្រទេសកម្មង់ទិញចាប់ពីឆ្នាំ ២០២៦ តទៅ។

បើតាមអគ្គនាយករូបនេះ យន្តហោះចម្បាំងចំនួន ៣០០ គ្រឿង អាចនឹងត្រូវបានកម្មង់ទិញក្នុងរយៈពេល ១៥ ឆ្នាំ ជាមួយតម្លៃទាបជាងយន្តហោះអាមេរិក F-35 ដល់ទៅ ៧ ដង។ ប្រទេសដែលអាចទិញយន្តហោះចម្បាំងមួយនេះពី រុស្ស៊ី មានមកតំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៊ីជាដើម។ 

F-35 ជាយន្តហោះចម្បាំងដ៏ខ្លាំងមួយ។ យន្តហោះចម្បាំងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន អាមេរិក Lockheed Martin មួយនេះ មាន ៣ ប្រភេទ ដូចជា F-35A F-35B និង F-35C។

យន្តហោះចម្បាំងទាំង ៣ ប្រភេទនោះ គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា គ្រាន់តែមានភាពខុសគ្នាលើសមត្ថភាពហោះឡើង និងចុះចតប៉ុណ្ណោះ។

ក្នុងមួយគ្រឿង F-35 អាចមានតម្លៃរហូតដល់ទៅ ៨០ លានដុល្លារឯណោះ ហើយចំណាយច្រើនក្នុងពេលប្រតិបត្តិការម្តងៗ។ ថ្លៃចំណាយ និងថែទាំអាចតម្លៃរហូតដល់ ៣៦០០០ ដុល្លារជាមធ្យម នៅពេលយន្តហោះចម្បាំងប្រភេទនេះហោះហើរម្តងៗ។

ក្រុមហ៊ុន Lockheed Martin អះអាងថា ខ្លួននឹងអាចកាត់បន្ថយថ្លៃចំណាយ មកត្រឹម ២៥០០០ ដុល្លារ ក្នុងមួយម៉ោង ប្រសិនបើខ្លួនទទួលបានកុងត្រាលើការថែទាំផ្តាច់មុខ។

កន្លងមក អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង ប៉ូឡូញ បែលហ្ស៊ិក និង សិង្ហបុរីជាដើម បានទិញនិងកម្ម៉ង់ទិញយន្តហោះចម្បាំង F-35៕

ដកស្រង់និងកែសម្រួលពីថ្មីៗ ដោយ៖  ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍