អនុវត្តការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផ្សារភ្ជាប់ទៅនឹងការកសាងជនបទថ្មីដំណាក់កាល ២០១៦ - ២០២០ នៅលើភូមិសាស្រ្តស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានកកើតឡើងនូវគំរូផលិតកម្មកសិកម្មថ្មីៗ ជាច្រើន។គួរអោយចាប់អារម្មណ៍បំផុតគឺគំរូចិញ្ចឹមបង្កង - ដាំស្រូវផ្តល់ចំណូលខ្ពស់ ជួយកែលម្អជីវភាពរស់នៅគួរឲ្យកត់សម្គាល់របស់បងប្អូនជនជាតិ ខ្មែរ នៅទីនេះ...
វិញធន់ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃតំបន់ អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង) មានចំនួនប្រជាជនជិត ២៤.០០០ គ្រួសារដោយមានមនុស្សជាង ៩៤.០០០ នាក់ ក្នុងនោះ មានបងប្អូនជនជាតិ ខ្មែរ ជាង ១.៩០០ គ្រួសារ ប្រមូលផ្តុំច្រើនបំផុតនៅបណ្ដាឃុំ វិញប៊ិញបាក់ ផុងដុង និង តឹនធន់។
យោងតាមលោក ហ្វ៊ិញតឹនភី ប្រធានគណៈកម្មាធិការប្រជាជនស្រុក វិញធន់ នៅលើភូមិសាស្ត្រស្រុកបានកកើតឡើងគំរូផលិតកម្មកសិកម្មថ្មីៗ ជាច្រើនបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុដូចជាចិញ្ចឹមបង្កង បង្គា - ក្តាមគួបផ្សំគ្នា បង្កង - ស្រូវគួបផ្សំគ្នា... ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយ ហានិភ័យ កែលម្អបរិស្ថានវប្បកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព។
ប្រជាកសិករជាច្រើនគ្រួក្រោយពេលងាកមកគំរូផលិតកម្មតែប៉ុន្មានឆ្នាំបានមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ តួយ៉ាងដូចជាគ្រួសារលោក យ៉ាញ់ថាញ់ នៅភូមិ ដុងត្រាញ់ ឃុំ វិញប៊ិញបាក់ គ្រួសារលោក យ៉ាញ់ឡូវ នៅភូមិ គិញហាយ ឃុំ តឹនធន់ ក្រុមគ្រួសារលោក យ៉ាញ់សឺនហា នៅភូមិ ប៊ើយលើយបេ ឃុំ ប៊ិញមិញ...។
ប្រសិទ្ធភាពនៃការផ្លាស់ប្តូរផលិតកម្មកសិកម្មបង្ហាញអោយឃើញច្បាស់នៅឃុំ ផុងដុង ជាភូមិសាស្រ្តដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើននៃស្រុក វិញធន់ ដោយមានជាង ២៩% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។
លោក ថាយថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ផុងដុង បានអោយដឹងថា៖ អាស្រ័យដោយការផ្លាស់ប្តូរដីស្រែ ផលិតស្រូវជាង ២.០០០ ហិកតាងាកមកគំរូចិញ្ចឹមបង្កង - ដាំស្រូវគួបផ្សំគ្នា គិតមកទល់ដើមឆ្នាំ ២០២០ ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗ ក្នុងឃុំសម្រេចបានជាង ៤៥ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅជាង ៣%។
យោងតាមលោក ហ្វុិញតឹនភី ផ្តើមពីប្រសិទ្ធភាពនៃគំរូចិញ្ចឹមបង្កង - ដាំស្រូវនិងចលនាផ្លាស់ប្តូរផលិតកម្មកសិកម្ម ជីវភាពបងប្អូនជនជាតិ ខ្មែរ ជាច្រើនគ្រួសារនៅឃុំ ផុងដុង និយាយដោយឡែក ស្រុក វិញធន់ និយាយរួមត្រូវបានកែលម្អច្បាស់ក្រឡែត។
ជាពិសេស អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ក្នុងមួយឆ្នាំៗ ពីជាង ២៧០ គ្រួសារ (ឆ្នាំ ២០១៤) ថយចុះនៅជិត ១៥០ គ្រួសារ (ដើមឆ្នាំ ២០២០)។ មុខមាត់ជនបទតំបន់បងប្អូនជនជាតិភាគតិចកាន់តែប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ធំទូលាយនិងបរិបូរជាង រួមចំណែកអនុវត្តដោយជោគជ័យនូវកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅមូលដ្ឋាន៕
អត្ថបទ៖ ឡេសែន
រូបថត៖ ភុកថាញ់ - ឡេសែន