ជាមូលដ្ឋានដ៏ល្បីឈ្មោះជាមួយនឹងគំរូចិញ្ចឹមបង្គា - ដាំដំណាំស្រូវនោះ ពីឆ្នាំ ២០១៩ មក ស្រុក មីស្វៀន បានក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីដំបូងគេនៃខេត្ត សុកត្រាំង។
និទាឃរដូវនេះ ធ្វើដំណើរតាមដងផ្លូវជនបទត្រូវបានរំលេចសម្រស់ឡើងបន្ថែមទៀតដោយមានផ្ទះថ្មីៗ ជាច្រើនខ្នង វាលស្រែស្រះបង្គាទាំងឡាយទទួលបានអារម្មណ៍អំពីតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅកំពុងឈោង ឈានឡើងយ៉ាងខ្លាំងក្លា...។
ដោយមានការត្រៀមលក្ខណៈជាមុនក្នុងការកសាង ដាក់ដំណើរការដំណោះស្រាយសមស្របផ្សេងៗ ទោះបីជារងផលប៉ះពាល់យ៉ាងច្រើនពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែនៅឆ្នាំ ២០២១ កន្លងទៅថ្មីៗ នេះ ស្រុក មីស្វៀន មានឃុំចំនួន ៣ បន្ថែមទៀតត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ទៀតហើយនោះ គឺឃុំ ង៉ុក ដុង ថាម ដូន និង ហ្វាទូ លេខ ១។
យោងតាមលោក ដាំង វ៉ាន់ផឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក មីស្វៀន អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រាក់ចំណូលជាមធ្យមរបស់ឃុំ ង៉ុកដុង សម្រេចបានជាង ៥៧,៤ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ឃុំ ថាមដូន សម្រេចបានជាង ៥៤,២ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ហើយ ឃុំ ហ្វាទូ លេខ ១ គឺជាង ៥៣,៣ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ លើសពីកម្រិតចំណូលជាមធ្យមតាមតំបន់ជនបទនៃខេត្តទាំងមូល។ នាពេលបច្ចុប្បន្ននេះ អត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំទាំង ៣ នេះនៅក្រោម ១ % តែប៉ុណ្ណោះ។
ផ្តើមពីឃុំនៅតំបន់មូលដ្ឋានតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានមួយ ជីវភាពប្រជាជនជួបការលំបាកលំបិនច្រើន មកទល់សព្វថ្ងៃនេះ ឃុំ ហ្វាទូ លេខ ១ បានឈោងឈានឡើងយ៉ាងខ្លាំងក្លា។
ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសុក្រឹតភាពជាបង្គួរ ឃុំកំពុងកសាងអគារមណ្ឌលរដ្ឋបាលថ្មី ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ស្រុក។
ត្រេកអរនាពេលស្រុកកំណើតផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោក លឿង ដាក់ ចូវ ប្រជាជនភូមិ ហ្វាតឹន ចែករំលែកថា៖ "អាស្រ័យដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នា សាមគ្គីភាពក្នុងការកសាងជនបទថ្មី ក្ដីសុបិនដែលពិបាកនឹងឃើញតាំងពីប៉ុន្មានជំនាន់របស់ខ្ញុំនិងប្រជាជននៅទីនេះ ឥឡូវបានក្លាយជាការពិតហើយ"។
ង៉ុកដុង ជាឃុំឆ្ងាយដាច់ស្រយាលនៃស្រុក មីស្វៀន ទៅវិញ។ ឆ្លៀតប្រើប្រាស់ឧត្តមភាពនៃមូលដ្ឋាន ប្រជាជនក្នុងឃុំអភិវឌ្ឍយ៉ាងខ្លាំងមុខរបរចិញ្ចឹមបង្គា ចិញ្ចឹមគោយកសាច់ ធ្វើស្រែ ដាំដំណាំនៅលើភ្លឺទំនប់ស្រះចិញ្ចឹមបង្គា... ជីវភាពបានកែលម្អយ៉ាងច្បាស់ក្រឡែត។
ប្រសិនបើនៅឆ្នាំ ២០១៦ អត្រាគ្រួសារក្រីក្ររបស់ឃុំគឺ ៦,៦៨ % ដល់ឆ្នាំ ២០២០ នៅត្រឹមតែ ០,៧៣ % ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមក្នុងឃុំកើនឡើងជាង ២៧ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦។
ជាឃុំមួយក្នុងចំណោមឃុំទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់ នៅច្រើនបំផុតក្នុងខេត្ត សុកត្រាំង ដោយមានការផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងជនបទថ្មីនោះ ឃុំ ថាមដូន ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស កម្រិតជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើង។
គំរូសេដ្ឋកិច្ចជាច្រើនដូចជាចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមបង្គា ដាំដំណាំ គួបផ្សំពហុវប្បកម្មមានការអភិវឌ្ឍខ្លាំង ពាំនាំប្រាក់ចំណូលខ្ពស់ជូនមា មីងប្រជាកសិករ។
អញ្ជើញវិលត្រលប់មកដែនដីស្រុក មីស្វៀន វិញនា ថ្ងៃនេះ ទើបមើលឃើញគ្រប់ទិដ្ឋភាពពីការផ្លាស់ប្តូរនៅលើដែនដីកំណើតប្រកបដោយវីរភាព។ ផ្លូវគមនាគមន៍បៃតង ស្រស់ ស្អាតទាំងឡាយ បណ្តាវាលស្រែ ស្រះបង្គា គេហដ្ឋានថ្មីជាច្រើនខ្នង... បានបង្កើតជារូបភាពនៃតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅ។
ដោយមានអង្គភាពលំដាប់ឃុំចំនួន ១០/១០ បញ្ចប់រួចរាល់ការងារកសាងជនបទថ្មីនិងឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់នោះ ស្រុក មីស្វៀន សក្តិសមជាគំរូតួយ៉ាងក្នុងចលនាប្រឡងប្រណាំង "សុកត្រាំង រួមកម្លាំងកសាងជនបទថ្មី"។
ក្នុងអាណត្តិ ២០២០ - ២០២៥ ស្រុក មីស្វៀន ខិតខំប្រឹងប្រែងកសាងស្រុកជនបទថ្មីកម្រិតលើកកម្ពស់ដោយជោគជ័យស្របតាមស្មារតីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ ក្នុងគោលបំណងលើកបង្កើនជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន៕
អត្ថបទ៖ ទ្រុងហៀវ
រូបថត៖ ទ្រុងហៀវ - ចិន្តា - ហុងញុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ