កោសិកាសាច់ដុំតូចៗ របស់មនុស្សត្រូវបានបាញ់បង្ហោះទៅទីអវកាសក្នុងការពិសោធន៍មួយដែលអាចជួយមនុស្សឱ្យរស់នៅបានយូរនិងមានសុខភាពល្អជាងមុន។
នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ ការពិសោធន៍ដែលមានឈ្មោះថា MicroAge បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ លំហនឹងត្រូវបានប្រើដើម្បីស្វែងយល់ពីអ្វីដែលកើតឡើងចំពោះសាច់ដុំរបស់មនុស្ស នៅពេលមនុស្សចម្រើនអាយុ និងមូលហេតុដែលកោសិកាសាច់ដុំស្វិត។
កោសិកាសាច់ដុំមនុស្សត្រូវបាញ់បង្ហោះទៅទីអវកាស ដើម្បីស្រាវជ្រាវអំពីភាពចាស់ដែលអាចជួយមនុស្សរស់បានយូរនិងមានសុខភាពល្អ
កោសិកាសាច់ដុំមនុស្សដែលបណ្តុះដោយមន្ទីរពិសោធន៍ទំហំប៉ុនគ្រាប់អង្ករ ត្រូវបានដាក់ចូលទៅក្នុងប្រអប់បោះពុម្ពជា 3D ទំហំប៉ុនប្រដាប់ខួងខ្មៅដៃ។
នៅពេលដែលទៅដល់លំហ ពួកវានឹងត្រូវបានជំរុញដោយអគ្គិសនីដើម្បីបង្កើតការកន្ត្រាក់នៅក្នុងជាលិកាសាច់ដុំ ហើយអ្នកវិទ្យាសាស្ត្រនឹងពិនិត្យយ៉ាងដិតដល់ដើម្បីមើលថាតើមានអ្វីកើតឡើង។
ការចំណាយពេលវេលាយូរដោយគ្មានឥទ្ធិពលនៃទំនាញផែនដីអាចបណ្តាល ឱ្យសាច់ដុំរបស់អវកាសយានិកចុះខ្សោយដូចដែលពួកគេចុះខ្សោយពេលចម្រើនវ័យចាស់ទៅៗ ដូច្នេះដែរមុននឹងស្តារសាច់ដុំឡើងវិញនៅពេលពួកគេត្រឡប់មកផែនដីវិញ។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ លីវើភូល ដែលឧបត្ថម្ភដោយទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស នឹងសិក្សាមើលថា តើមានរឿងអ្វីកើតឡើងលើសាច់ដុំនៅទីអវកាស និងប្រៀបធៀបលទ្ធផលលើអ្វីដែលកើតឡើងនៅលើផែនដី។
រឿងនេះនឹងជួយដោះស្រាយចម្ងល់ថា ហេតុអ្វីបានជាសាច់ដុំចុះខ្សោយនៅពេលចាស់ និងសិក្សាមើលពីរបៀបទប់ស្កាត់ដំណើរការចុះខ្សោយសាច់ដុំនេះ។
សាច់ដុំបាត់បង់កម្លាំងនៅពេលមនុស្សចាស់ទៅ ហើយនេះប៉ះពាល់ដល់សមត្ថភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃនិងបង្កបញ្ហាជាច្រើន រួមទាំងហានិភ័យខ្ពស់ឡើងក្នុងការធ្លាក់ខ្លួនឈឺនិងការងើបពីរបួសប្រើពេលយូរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា