ជំនាន់នាអនាគតនៃភូមិកំណើតវីរភាព ដៀនបៀន
ជំនាន់នាអនាគតនៃភូមិកំណើតវីរភាព ដៀនបៀន

ចង្វាក់ជីវិតថ្មីនៃខេត្ត ដៀនបៀន

៧០ ឆ្នាំបន្ទាប់ពីជ័យជម្នះ ដៀនបៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២៤) ខេត្ត ដៀនបៀន គ្របដណ្តប់ពណ៌អាវថ្មីលើខ្លួនដោយមានសំណង់រឹងមាំទាំងឡាយមានលំដាប់ថ្នាក់នៃទីក្រុងប្រវត្តិសាស្ត្រ បណ្តាភូមិនិគមដ៏សម្បូរស្តុកស្តម្ភនាំមកនូវជីវិតរស់នៅត្រជាក់ត្រជុំបរិបូរ សុភមង្គលជូនបងប្អូនបណ្តាជនជាតិ ។ល។

ខេត្ត ដៀនបៀន លាន់រន្ទឺឆន្ទៈដ៏មោះមុតជានិច្ច

ក្នុងអំឡុងថ្ងៃខែឆ្នាំប្រវត្តិសាស្ត្រ គ្រប់ទិសទីក្នុងទូទាំងប្រទេសប្រព្រឹត្តឡើងបណ្តាសកម្មភាពរំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ ឆ្នាំជ័យជម្នះ ដៀនបៀនភូ។ អតីតយុទ្ធជនជាច្រើនឆ្លៀតឱកាសនេះវិលមកទស្សនាអតីតសមរភូមិ រំលឹកនឹកដល់មិត្តរួមកងជួរបានលះបង់ជីវិតសម្រាប់ខឿនឯករាជ្យប្រជាជាតិ។

ក្នុងការចងចាំរបស់យុទ្ធជន ដៀនបៀន លោក ផាម បាមៀវ នៅសង្កាត់ តឹនថាញ់ ទីក្រុង ដៀនបៀនភូ រូបភាពអំពីសម័យកាលមួយដ៏អង់អាចក្លាហានរបស់ប្រជាជាតិនៅតែរក្សាបានភាពដើមដដែល។ លោក ផាម បាមៀវ ចែករំលែកថា៖ "ខ្ញុំចូលរួមការប្រយុទ្ធកម្ទេចសត្រូវនៅកូនភ្នំ អា១។ នៅពេលដុំ​ម្សៅ​រំសេវ​​បំផ្ទុះទម្ងន់ចំនួន ៩៦០ គីឡូក្រាមផ្ទុះបំផ្លាញប៉ម កងទ័ពយើងសម្រុកទៅវាយប្រហារលេណដ្ឋានបញ្ជាការក្រោមដីរបស់ឧត្តមសេនីយ៍ De Castries ហើយគ្រវីទង់ជ័យជម្នះដ៏ខ្ពស់។ នោះគឺជាខណៈមួយមិនអាចបំភ្លេចបានក្នុងឆាកជីវិតខ្ញុំ"។

1.jpg
ជំនាន់នាអនាគតនៃភូមិកំណើតវីរភាព ដៀនបៀន

ក្នុងក្បួនមនុស្សអញ្ជើញមកទស្សនាកេរដំណែលបញ្ជាការដ្ឋានយុទ្ធនាការ ដៀនបៀនភូ នៅឃុំ មឿងផាំង យុទ្ធជន ដៀនបៀន លោក ដូ ស៊ន់ញ៉ា នៅសង្កាត់ ថាញ់លឿង ទីក្រុង ដៀនបៀនភូ រំលឹកឡើងវិញថា៖ "ខ្ញុំដូចបានឃើញបរិយាកាសដ៏អង់អាចក្លាហាននៃ ៧០ ឆ្នាំមុនពេលទាំងក្រុមៗ ប្រជាជននិងកងទ័ពត្រៀមខ្លួនដឹកទំនិញជាស្រេច ឡើងច្រកភ្នំ ដើរលុយជ្រោះផ្គត់ផ្គង់ស្បៀងអាហារសម្រាប់កងទ័ពជួរមុខ បណ្តាយុទ្ធជន ដៀនបៀន កាលពីជំនាន់ដើមចេញទៅប្រយុទ្ធដែលមិនសញ្ជប់សញ្ជឹងឬក៏សោកស្តាយខ្លួនឯងបន្តិចសោះឡើយ។

អុជសរសៃធូបរំលឹកនឹកដល់វិញ្ញាណក្ខន្ធបណ្តាវីរជន យុទ្ធជនពលី យុទ្ធជន ដៀនបៀន វូ វ៉ាន់ទ្រី មកពីខេត្ត ឡាយចូវ មិនអាចចៀសផុតរំភើបក្នុងចិត្តបានឡើយ៖ "ត្រឡប់មកកាន់ដែនដីប្រវត្តិសាស្ត្រនេះ អុជសរសៃធូបក្រអូបដល់បណ្តាវីរជន យុទ្ធជនពលី ខ្ញុំដូចជាបានជួបមិត្តរួមកងជួរពីមុនម្តងទៀត។ ការចងចាំសម័យកាលផ្កាភ្លើងមួយក៏លេចឡើងក្នុងការឱបដ៏តឹងណែនម្តងទៀតរបស់បណ្តាយុទ្ធជន អ៊ំ ហូ"។

2.jpg
កន្លែងសមរភូមិដ៏កាចសាហាវកាលពី ៧០ ឆ្នាំមុនត្រូវបានជំនួសដោយទីក្រុង កំពុងលើវិថីអភិវឌ្ឍ
3.jpeg
យុទ្ធជន ដៀនបៀន លោក ផាម បាមៀវ នៅសង្កាត់ តឹនថាញ ទីក្រុង ដៀនបៀនភូ យ៉ាងជក់ចិត្តប្រាប់ដំណើររឿងនៃយុទ្ធនាការ ដៀនបៀនភូ ដល់ភ្ញៀវទេសចរនៅលើកូនភ្នំ អា១

គ្រាប់បែក គ្រាប់កាំភ្លើង ភ្លើងផ្សែងសង្គ្រាមបានថយឆ្ងាយទៅហើយប៉ុន្តែក្នុងបេះដូងរបស់អតីតយុទ្ធជនសព្វថ្ងៃនេះមិនត្រឹមតែមានក្រាំងវីរភាពត្រូវបានចារឡើងដោយយុវជនវ័យក្មេងសម័យកាលមួយកាន់កាំភ្លើងប្រយុទ្ធតស៊ូសម្រាប់ខឿនឯករាជ្យប្រជាជាតិប៉ុណ្ណោះទេថែមទាំងជាមេរៀនប្រវត្តិសាស្ត្រទុកអោយកូនចៅជំនាន់ក្រោយមានទំនួលខុសត្រូវថែរក្សានិងបន្តដំណើរលើមាគ៌ាកសាង អភិវឌ្ឍប្រទេសជាតិទៀតផង។

ជីវភាពរស់នៅថ្មីលើដែនដីប្រវត្តិសាស្ត្រ

៧០ ឆ្នាំក្រោយមក តំបន់ជ្រលងភ្នំ ដៀនបៀន គ្របដណ្តប់សំពត់អាវថ្មីលើខ្លួន ក្លាយជាដែនដីសុខក្សេមក្សាន្ត ស្រស់បំព្រងនិងពោរពេញទៅដោយកម្លាំងរស់រាន។ សមរភូមិ ដៀនបៀនភូ ពីមុនមកឥឡូវនេះបានទុកកន្លែងអោយសំណង់ផ្លូវគមនាគមន៍ ធារាសាស្ត្រ សាលារៀន មណ្ឌលសុខភាព ។ល។ ធំទូលាយ ទំនើប។ នៅចំបេះដូងទីក្រុង ដៀនបៀនភូ បណ្តាកេរដំណែលប្រវត្តិសាស្ត្រគួរជាទីនឹករលឹកត្រូវបានវិនិយោគ ស្ថាបនាអោយល្អប្រសើរជាងមុន ក្លាយជាចំណុចលេចធ្លោដើម្បីអភិវឌ្ឍទេសចរណ៍។

4.jpg
ទីស្នាក់ការ​បញ្ជាការដ្ឋាន​យុទ្ធនាការ ដៀនបៀនភូ មានទីតាំងនៅក្នុងព្រៃស្រោងនៃព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ មឿងផាំង
5.jpg
បច្ចុប្បន្នឃុំ មឿងផាំង បានមានការអប់រំគ្រប់កម្រិតសិក្សាដោយមានកន្លែង សិក្សាធំទូលាយ ឆ្លើយតបតម្រូវការបង្រៀន និងរៀន

យើងខ្ញុំបានមកកាន់សង្កាត់ ហ៊ីមឡាម ទីក្រុង ដៀនបៀនភូ ទីតាំងធ្លាប់ជាសមរភូមិពេញដោយគ្រាប់បែក គ្រាប់កាំភ្លើង ខ្សែលួសបន្លា វាលមីន ។ល។ ធ្វើដំណើរលើផ្លូវបេតុងត្រង់ភ្លឹង ទាំងសងខាងផ្លូវទង់ជាតិនិងផ្កាយ៉ាងស្រស់ឆើតឆាយអបអរសាទរខួបលើកទី ៧០ ឆ្នាំជ័យជម្នះ ដៀនបៀនភូ លោកស្រី ឡ ធីធើម ចែករំលែកថា៖ "កាលពីមុននេះ ហ៊ីមឡាម គឺជាសមរភូមិមួយ ជីវភាពរស់នៅលំបាកលំបិនខ្លាំងណាស់ មានតែផ្ទះស្បូវ ជញ្ជាំងដី កូនភ្នំស្ងាត់ជ្រងំ។ ក៏ប៉ុន្តែសព្វថ្ងៃនេះ ជីវភាពសម្ភារៈក៏ដូចជាស្មារតីរបស់ប្រជាជននៅទីនេះផ្លាស់ប្តូរច្រើនណាស់។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពត្រូវបានរដ្ឋយកចិត្តទុកដាក់វិនិយោគ កូនប្រុសកូនស្រីបានសិក្សារៀនសូត្រ ចំនួនគ្រួសារធូរធារមានបានស្មើនឹងអត្រាជាង ៧០% ជាពិសេសក្នុងសង្កាត់មិននៅមានគ្រួសារក្រីក្រទៀត។ ខ្ញុំសប្បាយចិត្តណាស់!"។

ធ្វើដំណើរចាកចេញពីសង្កាត់ ហ៊ីមឡាម យើងខ្ញុំមកកាន់ភូមិនិគមជនបទថ្មីនៅស្រុក ដៀនបៀនដុង ឃើញផ្ទាល់នឹងភ្នែកការផ្លាស់ប្តូរនៃដែនដីនេះ។ ឡានបើករលូនលើដងវិថីត្រង់ភ្លឹង នៅឯទីឆ្ងាយគឺជាវាលស្រែដ៏ធំល្វឹងល្វើយពណ៌បៃតងនៃស្រូវហើយបណ្តាផ្ទះទើបសាងសង់ថ្មីធំទូលាយ ស្រស់ស្អាត។ លោក ង្វៀន វ៉ាន់តាំង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ដៀនបៀនដុង ចែករំលែកថា៖ "កាលពីមុនធ្វើម្តេចមានផ្លូវធំស្អាតដូច្នេះ! អាស្រ័យដោយកម្មវិធីកសាងជនបទថ្មីបានជាប្រព័ន្ធផ្លូវគមនាគមន៍នៅក្នុងស្រុកត្រូវបានកែលម្អគួរអោយកត់សម្គាល់ហើយ បណ្តាសំណង់សុខុមាលភាពត្រូវបានសាងសង់យ៉ាងទូលំទូលាយ ធំហើយស្អាត ជីវភាពបងប្អូនបណ្តាជនជាតិត្រូវបានលើកកម្ពស់ច្បាស់ក្រឡែត"។

6.jpg
ភូមិនិគម មឿងផាំង សព្វថ្ងៃនេះ
7.jpg
ស្ពាន ថាញប៊ិញ ឆ្លងកាត់ទន្លេ ណឹមរូម - សំណង់អបអរសាទរខួបលើកទី ៧០​ឆ្នាំនៃជ័យជម្នះ ដៀនបៀនភូ
8.jpg
អាកាសយានដ្ឋាន ដៀនបៀន ត្រូវបានដាក់ឱ្យដំណើរការ ដោយបើកឱកាសថ្មី ទាក់ទាញភ្ញៀវទេសចរ ការវិនិយោគមកកាន់ទីក្រុង ដៀនបៀន

និយាយអំពីសមិទ្ធិផលរបស់ខេត្ត ដៀនបៀន លោក ត្រឹន គ្វក់កឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ដៀនបៀន ចាត់ទុកថា៖ "បក្ខភាគ អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិខេត្ត ដៀនបៀន បានពង្រីកស្មារតី ដៀនបៀនភូ សាមគ្គីចិត្តមួយថ្លើមមួយក្នុងការកសាងជីវភាពថ្មី។ ខេត្ត ដៀនបៀន សព្វថ្ងៃនេះ ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបង្កើតបានជីវភាពថ្មីនៅលើដែនដីប្រវត្តិសាស្ត្រ"៕

អត្ថបទ៖ ហ្វាងតឹម - ហឿងហៀន
រូបថត៖ ស៊ន់ទឺ - ទ្រុងកៀន - ស៊ន់ទៀន - ផានគ្វឹន - ហឿងហៀន
ប្រែសម្រួលដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍